ភ្នំពេញៈ បណ្តំរូបថតចំនួន ៨២ ផ្ទាំងដែលជាស្នាដៃរបស់សិស្សថតរូបនៃសាលាស្ទូឌីយោរូបភាព ( Studio Images) ៦២ ផ្ទាំង និងរូបជាស្នាដៃអ្នកជំនាញថតរូបជាតិបារាំងលោក ក្លាវឌីជ ស្លុបង់ មានចំនួន ២០ ផ្ទាំងនឹងដាក់តាំងបង្ហាញនៅវិចិត្រសាលនៃវិទ្យាស្ថានបារាំងនៅល្ងាចថ្ងៃទី ២៣ ខែឧសភា នេះបន្តរហូតដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៩ ក្រោមប្រធានបទ «ស្រមោល និងពន្លឺ» ដែលអាចចូលទស្សនាបានដោយសេរី។
លោក ក្លាវឌីជ ស្លុបង់ គឺអ្នកថតរូបដ៏ជំនាញម្នាក់នៅក្នុងចំណោមអ្នកថតរូបល្បីៗនៅអឺរ៉ុបដែលក្រុមអ្នកថតរូបជំនាន់ក្រោយគួររៀនសូត្រពីលោក។ កម្រងស្នាដៃរបស់លោកត្រូវបានដាក់តាំងជូនទស្សនា និងរក្សាទុកនៅឯសារមន្ទីរធំៗជាច្រើនទូទាំងតំបន់អឺរ៉ុប និងអាស៊ីមានដូចជានៅមជ្ឈមណ្ឌល Centre Georges Pompidou ក្នុងទីក្រុងប៉ារីសប្រទេសបារាំងនៅសារមន្ទីរ Millenium Museum for Art នៅទីក្រុងប៉េកាំងប្រទេសចិននៅសារមន្ទីរ Metropolitan Museum of Photography ទីក្រុងតូក្យូប្រទេសជប៉ុននៅវិចិត្រសាលនៃសាកលវិទ្យាល័យហាវ៉ាដ ( Harvard University) សហរដ្ឋអាមេរិកនៅសារមន្ទីរទីក្រុងខេមប្រ៊ីជដ៍ (Cambridge) ប្រទេសអង់គ្លេស និងនៅសារមន្ទីរ Maison Europeenne de la Photographie នៅទីក្រុងប៉ារីសជាដើម ព្រមទាំងបានដាក់តាំងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗផងដែរ ខណៈរូបថតទាំងនោះបានដាក់ក្នុងកម្មវិធី Rencontres d''Arles នៅប្រទេសបារាំងកម្មវិធី Photo Beijing នៅប្រទេសចិន និងកម្មវិធី Photokina នៅឯប្រទេសអាល្លឺម៉ង់។ល។
លោក ឆុន ប៊ុនឈឿន ជាបុគ្គលិកផ្នែកទំនាក់ទំនងព័ត៌មាននៃវិទ្យាស្ថានបារាំង បង្ហើបប្រាប់ថា៖ «លោក ក្លាវឌីជ ស្លុបង់ ត្រូវបានគេចាត់ទុកថា ជាអ្នកថតរូបដ៏សំខាន់ម្នាក់នៅក្នុងចំណោមអ្នកថតរូបដំណាលៗជំនាន់លោក។ ក្រៅពីធ្លាប់បានយកស្នាដៃរូបថតទៅដាក់តាំងពិព័រណ៍នៅសារមន្ទីរធំៗ និងមជ្ឈមណ្ឌលសិល្បៈអន្តរជាតិនានានោះ លោកក៏ត្រូវបានក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិកម្ពុជានៃរាជធានីភ្នំពេញបានយករូបលោកមកដាក់តាំងពិព័រណ៍នៅឯវិចិត្រសាលនៃវិទ្យាស្ថានបារាំងជាមួយស្នាដៃរបស់សិស្សថតរូបខ្មែរចំនួន ៩ នាក់នៅថ្ងៃនេះផងដែរ ហើយវត្តមានរបស់លោកនាពេលនេះក៏ជាការជ្រើសរើសមួយសម្រាប់ការធ្វើការងារណែនាំ និងបង្រៀនអ្នកថតរូបវ័យក្មេងកម្ពុជាដែលមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសិស្ស មកពីសាលាស្ទូឌីយោរូបភាព ( Studio Images) ផងដែរតាមរយៈការដាក់ជាប្រធានបទរួមថា គឺ «ស្រមោល និងពន្លឺ» គឺដើម្បីឲ្យពួកគេអាចស្វែងយល់ពីភាពអាថ៌កំបាំងនៃទីកន្លែង និងស្ថានភាពរបស់រូបថត។
លោក ឆុន ប៊ុនឈឿន បន្តថា៖ «ពេលលោក ក្លាវឌីជ ស្លុបង់ មកដល់ប្រទេសកម្ពុជាលោកក៏បានដឹកនាំការងារមួយដែលមានក្រុមនិស្សិតខ្មែរចូលរួមធ្វើលំហាត់ដ៏សំខាន់មួយនេះ ដោយលោកបានណែនាំថាធ្វើការថតរូបប្រៀបដូចជា ការតាក់តែងបែបសំណេរ ពីព្រោះថាក្រោយពីបានឆ្លងកាត់អស់រាប់ទសវត្សរ៍នៃការថតរូប និងរូបភាពរាប់លាន ប៉ុស្តិ៍ដែលសាកល្បងបកស្រាយពីតថភាព។ ខណៈនៅសល់ពីតថភាពក្រៅពី រូបថតផ្ទាល់វាក៏ជាឧបករណ៍បញ្ចេញឲ្យដឹងពីខ្លួនឯងផងដែរ»។ និស្សិតទាំងអស់អាចជ្រើសយកកិច្ចការធ្វើទៅតាមចំណង់ចំណូលចិត្ត និងឧបនិស្ស័យរបស់ខ្លួនគឺចេះរកវិញ្ញាសាណាមួយ ឬច្រើនតាមរយៈប្រធានបទទូទៅនៃពិព័រណ៍ដែលរំលេចឲ្យឃើញនូវក្ដីស្រមៃរបស់ពួកគេរៀងខ្លួន។
នាពេលធ្វើដំណើរកម្សាន្តទៅតំបន់បាល់កង់ សមុទ្រ ខ្មៅ សមុទ្រការ៉ាអ៊ីប ប្រទេសចិន និងប្រទេស រុស្ស៊ីព្រមទាំងតំបន់ដទៃទៀតនោះ លោក ក្លាវឌីជ ស្លុបង់ ក៏បង្កើតស្នាដៃដ៏ផ្ចិតផ្ចង់មួយចំនួនដែលដិតដាមដោយអត្ថន័យបែបអក្សរសិល្ប៍ និងកាត់ផ្ដាច់ចេញពីបច្ចុប្បន្នភាពរបស់មនុស្ស៕