ពិព័រណ៍ ​«ព្រៃ​ឈើ​ក្នុង​ដួង​ចិត្ដ​ខ្ញុំ» ឆ្លុះ​បញ្ចាំង​ពី​ការងារ​អភិរក្ស​សត្វ និង​ព្រៃ​ធម្មជាតិ ​របស់​អតីត​អ្នក​ប្រមាញ់​

Content image - Phnom Penh Post
កេងកង ជាបក្សី​រស់នៅ​ក្នុង​​ព្រៃ​ខេត្ត​កោះកុង​។ រូបថត Miguel Jeronimo

ភ្នំពេញ៖ កម្រង​រូបថត​ជា​ច្រើន​សន្លឹក​ដែល​រៀប​រាប់​អំពី​កិច្ចការ​អភិរក្ស​បរិស្ថាន​របស់​ឆ្មាំ​ព្រៃ​ក្នុង​ខេត្ដ​កោះកុង​ នឹង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ថ្ងៃទី ៧ ខែ​ធ្នូ នេះ ​នៅ 5DrunkMen ជាន់​ដំបូល​ក្នុង​ទីក្រុង​​​ភ្នំពេញ។ រូបថត​ទាំង​អស់​ក៏​ត្រូវ​ដាក់​លក់​សម្រាប់​ទ្រទ្រង់​គម្រោង​​របស់​ឆ្មាំ​អនុរក្ស​ផង​ដែរ​។

ឆ្មាំ​អនុរក្ស​ព្រៃ​ឈើ​ ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បរបាញ់​សត្វ​ព្រៃ និង​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ខេត្ដ​កោះកុង គឺ​ជា​ប្រធានបទ​របស់​ជាង​ថតរូប​ព័រទុយហ្គាល់​ ដែល​មាន​មូលដ្ឋាន​​ក្នុង​ក្រុង​ភ្នំពេញ លោក មីហ្គែល ជេរ៉ូនីម៉ូ ក្នុង​ពិព័រណ៍​រូបថត​ក្រោម​ចំណង​ជើង​ថា «​ព្រៃ​ឈើ​ក្នុង​ដួង​ចិត្ដ​ខ្ញុំ​»។

លោក​ ជេរ៉ូនីម៉ូ បាន​និយាយ​ថា​៖ «​យើង​នឹង​មាន​រូបថត​សរុប ២៤ ផ្ទាំង​ ហើយ​រូប​ទាំង​អស់​ក៏​សម្រាប់​ដាក់​លក់ ​ដើម្បី​ប្រើប្រាស់​ក្នុង​គម្រោង​របស់​អនុរក្ស​។ រូបថត​ទាំង​នេះ​ផ្ដោត​លើ​ឆ្មាំ​អនុរក្ស​ជាមួយ​បំណែក​កញ្ចក់​ឆ្លុះ​រុក្ខជាតិ​ និង​រូបភាព​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​ ដែល​សម្ភារ​ប្រើប្រាស់​ទាំង​អស់​សុទ្ធ​តែ​ប្រមូល​ដោយ​ឆ្មាំ​អនុរក្ស​ខ្លួន​ឯង ដូចជា សំណាញ់​សម្រាប់​ចាប់​បក្សី ឬ​អន្ទាក់​​ទាក់​សត្វ​ព្រៃ​ខុស​ច្បាប់​»។

Content image - Phnom Penh Post
​អន្ទាក់​ដែល​ឆ្មាំ​ព្រៃ​ប្រទះឃើញស្ទើរ​រាល់ថ្ងៃ​​​។ រូបថត Miguel Jeronimo

ជាង​ថតរូប​ដែល​ធ្លាប់​តាំង​​ពិព័រណ៍​ Plastic Kingdom បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «យើង​ក៏​មាន​រូបភាព​បញ្ចាំង​លើ​អេក្រង់​បង្ហាញ​ពី​ដំណើរ​ល្បាត​ព្រៃ ការ​លែង​សត្វ​ព្រៃ​នៅ​ភូមិ​ក្បែរ​ខាង​ ព្រម​ទាំង​វីដេអូ​ឃ្លីប​ផ្សេង​ៗ​ទៀត​»។
លោក ជេរ៉ូនីម៉ូ ចំណាយ​ពេល​ជាង​​មួយ​ឆ្នាំ​ទាក់ទង​ជាមួយ​អង្គការ Wildlife Alliance និង​បង្កើត​គំនិត​ប្រើប្រាស់​កញ្ចក់​ជា​វិធី​បង្ហាញ​ក្ដី​យក​ចិត្ដ​ទុក​ដាក់​ថ្មី​ឆ្លុះ​បញ្ចាំង​ពី​កិច្ចការ​របស់​អតីត​អ្នក​ប្រមាញ់​សត្វ​ទៅ​ជា​ឆ្មាំ​អភិរក្ស ​ដើម្បី​ការពារ​ធម្មជាតិ​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​បាន​ចំណាយ​ពេល​ចុង​សប្ដាហ៍​ក្នុង​ខេត្ដ​កោះ​កុង ទាំង​ក្នុង​ភូមិ​ជីផាត់​ ជា​ទី​ដែល​អង្គការ​ និង​ឆ្មាំ​​អភិរក្ស​ស្ថិត​នៅ តែ​ក៏​ធ្វើ​ដំណើរ​ជាមួយ​ពួក​គេ​ក្នុង​កិច្ចការ​​ល្បាត​ព្រៃ​ផង​ដែរ​»។

លោក​បន្ដ​ថា ពួក​គេ​ធ្លាប់​ជា​អ្នក​ប្រមាញ់​សត្វ​ព្រៃ ដែល​ជា​ធនធាន​ចំណូល​សំខាន់​មួយ តែ​ក្លាយ​​​ជា​ឆ្មាំ​អនុរក្ស ពេល​មក​ដល់​របស់​អង្គការ Wildlife Alliance ដែល​បាន​បណ្ដុះបណ្ដាល​ពួក​គេ​ និង​ផ្ដល់​ជា​ជម្រើស​​ក្នុង​ការ​រក​ចំណូល​ជា​បុគ្គលិក​អភិរក្ស​ធម្មជាតិ​។

Content image - Phnom Penh Post
រូបថត​​​ពី ​ពិព័រណ៍​ ព្រៃឈើ​ក្នុង​ដួង​ចិត្ត​ខ្ញុំ។ រូបថត Miguel Jeronimo

លោក​​​បាន​បន្ត​ថា៖ «កិច្ចការ​អភិរក្ស​របស់​ពួក​គេ​ពិត​ជា​លំបាក​។ ឆ្មាំ​អនុរក្ស​បន្ដ​ល្បាត​ព្រៃ​ ៥ ថ្ងៃ​ ហើយ​ពួក​គេ​ទទួល​ទាន និង​គេង​ក្នុង​ព្រៃ​ ដោយ​ការ​ដើរ​ល្បាត​រយៈពេល​ជា​ច្រើន​ម៉ោង ​ដើម្បី​ស្វែងរក​អន្ទាក់​។ ស្ថានភាព​អាកាស​ធាតុ​អាច​ប៉ះពាល់​ដល់​កិច្ចការ​របស់​ពួក​គេ​ ជា​ពិសេស ភ្លៀង​ និង​ខ្យល់​អំឡុង​រដូវ​រំហើយ​នេះ​ ឬ​ជាក់​ស្ដែង ជួន​កាល​ពួក​គេ​ក៏​ពើប​ប្រទះ​នឹង​ក្រុម​ប្រមាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ដែល​កាន់​អាវុធ​ផង​ដែរ​»។

លោក​លើក​ឡើង​ថា អង្គការ​បាន​​បណ្ដុះបណ្ដាល​អ្នក​ភូមិ​ជីផាត់​ពី​ជំនាញ​នាំ​ភ្ញៀវ​ដើរ​ព្រៃ បង្កើត​ផ្ទះ​ស្នាក់ និង​សកម្មភាព​អេកូ​ទេសចរណ៍​ផ្សេង​ៗ​ជា​ប្រយោជន៍​បង្កើន​សេដ្ឋកិច្ច​គ្រួសារ និង​ចៀស​វាង​ការ​វិល​ត្រឡប់​ទៅ​កាន់​សកម្មភាព​ចាស់​​ឡើង​វិញ​។

អំឡុង​ពេល​ធ្វើ​ដំណើរ​នោះ លោក ជេរ៉ូនីម៉ូ បាន​ជជែក​អំពី​កិច្ចការ​អភិរក្ស​របស់​ឆ្មាំ​អនុរក្ស និង​បាន​សម្ភាស​ពួក​គេ​នៅ​មុន និង​ក្លាយ​ជា​អ្នក​អភិរក្ស​សត្វ​ព្រៃ និង​ព្រៃ​ឈើ​។

លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍ ដោយ​បាន​ស្រង់​សម្ដី​ឆ្មាំ​អនុរក្ស​ថា​៖ «​ខ្ញុំ​ចូលចិត្ដ​ការងារ​នេះ និង​ពេញ​ចិត្ដ​កិច្ចការ​ល្បាត​ព្រៃ​ការពារ​សត្វ និង​ធម្មជាតិ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ឃើញ​។ វា​មាន​សារៈសំខាន់​ដែល​យើង​ត្រូវ​ការពារ​ព្រៃ​ឈើ​ ពី​ព្រោះ​យើង​ស្ថិត​ក្នុង​តំបន់​អភិរក្ស​ព្រៃ។ ធម្មជាតិ​បាន​ផ្ដល់​ឲ្យ​យើង​​នូវ​ទឹក​ និង​ខ្យល់​បរិសុទ្ធ​ ក៏​​ដូចជា​ការពារ​យើង​ពី​បម្រែ​បម្រួល​អាកាសធាតុ​ផង​ដែរ​»។

Content image - Phnom Penh Post
បុរស​ម្នាក់ ដែលត្រូវបានចាត់ទុក​ជា​អ្នក​ក្លាហាន​ការពារសត្វ​ និង​​ព្រៃឈើ​​​។ រូបថត Miguel Jeronimo

ទន្ទឹម​នឹង​នេះ លោក​ក៏​រំពឹង​ថា អ្នក​ចូលរួម​ទស្សនា​ពិព័រណ៍​នេះ​ត្រូវ​បាន​លើក​ទឹក​ចិត្ដ​តាមរយៈ​កិច្ចការ​ពារ​បរិស្ថាន​របស់​ក្រុម​ឆ្មាំ​អនុរក្ស​ ដែល​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ពី​អ្នក​ប្រមាញ់​ទៅ​ជា​អ្នក​អភិរក្ស​។

លោក​​អះអាង​ថា​៖ «នោះ​​ជា​មូល​ហេតុ​ដែល​ខ្ញុំ​ប្រើ​វិធី​សាស្ដ្រ​ផ្ដិត​យក​រូបភាព​ឆ្មាំ​អនុរក្ស​កាន់​កញ្ចក់​បែក​ឆ្លុះ​សេចក្ដី​ស្រឡាញ់​​ថ្មី​ចំពោះ​ព្រៃ​ឈើ​»។

ក្រៅ​ពី​ពិព័រណ៍​រូបថត​ នឹង​មាន​ពិធី​ជប់លៀង​ជាមួយ​ក្រុម​ឌីជេ​ លេង​បទ​ចម្រៀង​ទាន់​សម័យ​ ដែល​ពួក​គេ​បាន​ចំណាយ​ពេល​ចូលរួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​។

Content image - Phnom Penh Post
ខ្លា​ឃ្មុំ​តូច ជា​សត្វ​មាន​នៅ​ក្នុងព្រៃ​ខេត្ត​កោះកុង។ រូបថត Miguel Jeronimo

លោក ជេរ៉ូនីម៉ូ បាន​និយាយ​ថា ក្រុមហ៊ុន​ជា​ច្រើន​បាន​ផ្ដល់​រង្វាន់​ដែល​ប្រើប្រាស់​សម្រាប់​អ្នក​ទិញ​សំបុត្រ​ ដោយ​ប្រាក់​ចំណូល​ទាំង​អស់​នឹង​ទ្រទ្រង់​ដល់​គម្រោង​សហគមន៍​ឆ្មាំ​អនុរក្ស​ហៅ​ថា CAPU។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ជាមួយ edjais ក្រុម​រើស​សំរាម​ក្រៅ​ផ្លូវ​ការ ដែល​ដើរ​រើស​អេតចាយ​​តាម​ដង​ផ្លូវ​បំណង​លក់​រក​ប្រាក់​កម្រៃ​។ ខ្ញុំ​ក៏​នឹង​រៀបចំ​ពិព័រណ៍​មួយ​ក្នុង​ខែ​មករា​ខាង​មុខ ​អំពី​បញ្ហា​បរិស្ថាន​ដ៏​មាន​​សារៈសំខាន់​»។

ព័ត៌មាន​លម្អិត​ មាន​នៅ​​​ទំព័រ​អ៊ីនស្ដាក្រាម​របស់​លោក មីហ្គែល ជេរ៉ូនីម៉ូ miguel​jeronimo​photography ឬ​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០១០ ២៩៨ ០៩១៕