ភ្នំពេញៈ អរិយសច្ចៈ គឺជាសច្ចៈដ៏ប្រសើរខ្ពង់ខ្ពស់ ឬជាសេចក្ដីពិតដ៏ប្រសើរ ដែលព្រះពុទ្ធ ខិតខំព្យាយាមស្វែងរកស្រាវជ្រាវរាវរកឃើញនោះគឺចតុរារិយសច្ចៈ។
បើតាមសម្រង់នៃសេចក្តីពន្យល់ក្នុងគេហទំព័រ ៥ ០០០ ឆ្នាំ បរិយាយឲ្យដឹងពីអរិយសច្ចៈទាំង ៤ យ៉ាង ដែលព្រះសម្មាសម្ពុទ្ធបានរកឃើញយ៉ាងលម្អិតនោះសម្រាប់ទុកឲ្យពុទ្ធបរិស័ទបានយល់ដឹងរួមមានទុក្ខសច្ចៈ សមុទយសច្ចៈ និរោធសច្ចៈ និងមគ្គសច្ចៈ។
ចំពោះទុក្ខសច្ចៈព្រះពុទ្ធបានពន្យល់ន័យថា៖ «ទុក្ខសច្ចៈគឺទុក្ខជាសេចក្ដីពិត ដែលកើតមានដល់រូបកាយមនុស្សសត្វ គ្រប់រូប ហើយមាន ១៣ កងគឺជាតិទុក្ខ កើតពីការចាប់កំណើត ជរាទុក្ខកើតពីភាពចាស់គ្រាំគ្រាទ្រុឌទ្រោម ព្យាធិទុក្ខកើតអំពីជំងឺរោគានានា មរណទុក្ខកើតពីមរណភាព សោកទុក្ខកើតពីការយំសោក បរិទេវទុក្ខកើតពីការខ្សឹកខ្សួល ទួញទុក្ខកើតពីទុក្ខត្រួតលើទុក្ខ ឬទុញគំនិត ទោមនស្សទុក្ខ កើតពីសេចក្តីខឹងក្រោធតូចចិត្ត ឧបាយាសទុក្ខ កើតពីសេចក្តីចង្អៀតចិត្ត អប្បិយសម្បយោគទុក្ខ កើតពីការជួបប្រទះវត្ថុខុសបំណង បិយវិប្បយោគទុក្ខកើតពីការជួបប្រទះនូវវត្ថុខុសបំណង យម្បិច្ជំ នលភតិ តម្បំទុក្ខ កើតពីការព្រាត់ប្រាស់វត្ថុស្រឡាញ់ សង្ខិតបញ្ចុប្បាទានក្ខន្ធ គឺទុក្ខកើតពីខន្ធ ៥ យ៉ាង។
ហើយទុក្ខសច្ចៈនេះ ក៏មានអគ្គ ៤ ប្រការគឺមាន ១-បិឡនៈការបៀតបៀន ២-សំខតៈការផ្ដុំផ្សំតាក់តែង ៣-សន្គាបៈការក្ដៅក្រហាយ និង៤- វិបរិណាបៈភាពប្រែប្រួល»។
ចំណែកសមុទយសច្ចៈជាហេតុនាំឲ្យកើតទុក្ខមានទុក្ខាសេចក្ដីពិតបានដល់តណ្ហា ៣ ប្រការគឺ ១-កាមតណ្ហា ចំណង់នៅក្នុងកាមគុណ ២-ភវតណ្ហា ចំណង់ក្នុងការកើតក្នុងភពមួយមានរូបនឹងអរូប ៣-វិកវតណ្ហា ចំណង់នៅក្នុងការកើតក្នុងភពសូន្យ។ ខណៈតណ្ហាក៏មានដើមកំណើតចេញមកអំពីខន្ធ ៥ ដែរគឺមានរូបខន្ធ វេទនាខន្ធសញ្ញាខន្ធ សង្ខារក្ខន្ធ និង វិញ្ញាណក្ខន្ធ។
ចំពោះរូបខន្ធជាការប្រជុំធាតុគឺរូប។ រូបកើតមកអំពីការផ្ដុំផ្គុំផ្សំធាតុ ៤ គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ (ដី ទឹក ភ្លើង ខ្យល់) ជាមហាកុតរូប ៤ ហើយនឹង ឧបាទាយរូប ២៤ ដែលមានឥន្ទ្រិយ៍ ៥ ជាដើម។ វេទនាខន្ធ គឺជាការប្រជុំធាតុវេទនា។
វេទនាការទទួល ឬសោយនូវអារម្មណ៍ផ្សេងៗដែលកើតឡើងអំពីចិត្តរំភើបញាប់ញ័រ (ចិត្តវេគ) ចិត្តរំជួល (មនោសញ្ចេតនា) ចិត្តជំនក់ជាប់ជំពាក់ (កិលេស) វេទនា មានកំណើតអំពីផស្សៈ ការប៉ះទង្គិច រវាងឥន្ទ្រិយ និងវត្ថុអារម្មណ៍ ដែលអាចបង្កើតជាឥន្ទ្រិយារម្មណ៍នានាគឺមានចក្ខុន្ទ្រិយបង្កើតបានជារូបារម្មណ៍ សោតិន្ទ្រិយបង្កើតបានជាសទ្ទារម្មណ៍ ឃានិន្ទ្រិយបង្កើតបានជាគទ្ធារម្មណ៍ កាយិន្ទ្រិយបង្កើតបានជាជោជ្ឋព្វារម្មណ៍ ជីវ្ហិន្ទ្រិយបង្កើតបានជារសារម្មណ៍ និងមនិន្ទ្រិយបង្កើតបានជាធម្មារម្មណ៍។
រីឯសញ្ញាខន្ធជាការប្រជុំធាតុសញ្ញា កំណត់ចំណាំ ឬសម្គាល់នូវវត្ថុអារម្មណ៍។ សញ្ញាអាចងើបឡើងដោយសារការដឹង ឃើញ យល់ ស្គាល់នូវអារម្មណ៍ផ្សេងៗ តាមរយៈ អាយតនៈ និងវត្ថុអារម្មណ៍ ខណៈសង្ខារខន្ធ ជាការប្រជុំធាតុគឺសង្ខារ។ សង្ខារ គឺការផ្សំ ការតុបតែង ផ្ដុំផ្គុំចងជាកម្រង។ សង្ខារមានប្រភពកើតមកអំពីកម្ម ហើយកម្ម កើតមកអំពីចេតនា ដោយសកម្មភាពនៃចេតនារួមមានឫសគល់ពីឆន្ទៈ វិរិយៈ មនសិការ អធិមោក្ខ សទ្ធា សមាធិ បញ្ញា រាគៈ បដិឃៈ មានៈ អវិជ្ជា និងសក្កាយទិដ្ឋិ។ ដោយឡែកសកម្មភាពនៃចេតនាទាំងនេះ គឺជាកម្មវិបាក ដែលបានពីការបង្កបង្កើតជាសង្ខារ។
ជាចុងក្រោយគឺវិញ្ញាណក្ខន្ធៈ ដែលជាការប្រជុំធាតុវិញ្ញាណ។ វិញ្ញាណគឺជាគ្រឿងដឹង ការដឹងបាននូវអារម្មណ៍ផ្សេងៗ ឬក៏ជាប្រតិកម្ម ឬជាចម្លើយមួយនៃឥន្ទ្រិយ៍ ដែលនាំឲ្យយើងបានដឹងយល់ ឬស្គាល់ នៅលោកខាងក្រៅ និងខ្លួនឯងដោយសារតែការប៉ះទង្គិចគ្នា រវាងសភាពនៃឥន្ទ្រិយារម្មណ៍ និងវត្ថុអារម្មណ៍៕