ក្រុង​ដាក្កា៖ ក្នុង​ចំណោម​ពូជ​កំប្រុក​ធំ​ទាំង ៨ ក្នុង​ពិភព​លោក ម៉ាឡាយ៉ាន (Malayan) ដែល​ជា​កំប្រុក​ធំ​បំផុត ត្រូវ​បាន​​រក​ឃើញ​នៅ​តំបន់​ព្រៃ Rema-Kalenga នៃ​ស្រុក Habiganj ប្រទេស ​បង់ក្លាដែស​។


សាស្ត្រាចារ្យ Mohammad Arefin Khan នៃ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​បរិស្ថាន​ព្រៃ​ឈើ​នៅ​សាកលវិទ្យាល័យ​ Shahjalal បាន​ឲ្យ​ដឹង​ថា នេះ​ជា​ពូជ​កំប្រុក​ដ៏​ធំ​បំផុត​​​ក្នុង​លោក ហើយ​ប្រសិន​បើ​មិន​មាន​សកម្មភាព​ការពារ​ព្រៃ​ជា​បន្ទាន់​នោះ​ទេ ពួក​វា​នឹង​ដាច់​ពូជ​​នៅ​ថ្ងៃ​ណា​មួយ​ពុំ​ខាន។


ក្រៅ​ពី​នៅ​ប្រទស ​បង់ក្លាដែស ពូជ​កំប្រុក​ម៉ាឡាយ៉ាន ​​ក៏​មាន​នៅ​ប្រទេស ​ចិន នេប៉ាល់ ឥណ្ឌា មីយ៉ាន់ម៉ា ឡាវ កម្ពុជា វៀតណាម និង​ថៃ ​ផង​ដែរ។


ក្រឡេក​មើល​មួយ​ភ្លែត ពូជ​កំប្រុក​ធំ​នេះ​ស្រដៀង​ទៅ​នឹង​សត្វ​ស្វា ជាមួយ​កន្ទុយ​វែង និង​ត្រចៀក​ធំ។


កំប្រុក​ធំ​នេះ​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ Black giant ឬ Malayan និង​ឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា Ratufa bicolour។


យោង​តាម​អ្នក​ជំនាញ​ស្រាវជ្រាវ​សត្វ​ ព្រៃ Rema-Kalenga គឺ​ជា​ជម្រក​តែ​មួយ​គត់ ដែល​មាន​កំប្រុក​ធំ​ពូជ​នេះ នៅ​បង់ក្លាដែស។

ប៉ុន្តែ​ចំនួន​របស់​វា​​បាន​ធ្លាក់​ចុះ​​គួរ​ឲ្យ​បារម្ភ ដោយ​អ្នក​ស្រាវជ្រាវ​កម្រ​​ប្រទះ​ភ្នែក​​ឃើញ​ដូច​មុន​ណាស់។

នៅ​ប្រទស ​បង់ក្លាដែស កំប្រុក​ធំ​កំពុង​ប្រឈម​នឹង​ការ​​ផុត​ពូជ ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។

អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ (IUCN) បាន​ចុះ​បញ្ជី​ក្រហម​សត្វ​កំប្រុក​ធំ​ ថា​ជា​ពូជ​​សត្វ​រង​ការ​គំរាម​កំហែង​​ឆ្ពោះ​ទៅ​រក​ការ​ប្រឈម​ដាច់​​ពូជ។

សាស្ត្រាចារ្យ​​ជំនាញ​ផ្នែក​សត្វ Dr M Monirul H Khan មក​ពី​សាកល​វិទ្យាល័យ Jahangirnagar បាន​ឲ្យ​ដឹង​ថា៖ «សត្វ​កំប្រុក​ធំ​ធ្លាប់​តែ​ឧស្សាហ៍​ប្រទះ​ឃើញ​នៅ​ព្រៃ Rema-Kalenga»។

លោក​បន្ត​ទៀត​ថា៖ «ខ្ញុំ​ខាន​ឃើញ​វា​មួយ​រយៈ ហើយ​ទើប​តែ​ប្រទះ​វត្តមាន​ថ្មីៗ​នេះ​ទេ»។

ពូជ​កំប្រុក​ធំ​ប្រើ​ស្លឹក​ឈើ​ធ្វើ​សំបុក​នៅ​​ចុង​កំពូល ហើយ​វា​អាស្រ័យ​ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ និង​ស្លឹក​ឈើ​ស៊ីជា​អាហារ​ប្រចាំ​ថ្ងៃ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ Shamsul Muhith Chowdhury បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​វិធានការ​ការពារ​ព្រៃ​ឈើ​​ពី​ការ​កាប់​បំផ្លាញ​​ពុំ​ត្រូវ​បាន​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព ដោយសារ​តែ​កង្វះ​ធនធាន​មនុស្ស។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កំប្រុក​ធំ​​ដែល​​​កំពុង​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN នោះ​ ក្រៅ​ពី​ថមថយ​ដោយសារ​ការ​បាត់បង់​ជម្រក​ព្រៃ​នោះ ក៏​ប្រឈម​នឹង​ការ​ប្រមាញ់​​ជួញ​ដូរ​ផង​ដែរ៕ Asia News Network