ភ្នំពេញៈ ការចំណាយប្រាក់ត្រឹមតែ ១ ពាន់រៀលពីលោកអ្នកអាចនឹងជួយបង្កើតឲ្យមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការសម្តែងល្ខោនខោលខ្មែរលើកដំបូង និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងគោលបំណងចូលរួមអបអរសាទរប្រារព្ធខួបចំនួន ២ ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលខ្មែរខួបចំនួន ១៧ ឆ្នាំនៃរបាំព្រះរាជទ្រព្យ ខួបចំនួន ១៥ ឆ្នាំនៃល្ខោនស្រមោលស្បែកធំ និងខួបចំនួន ៤ ឆ្នាំ នៃឧបករណ៍ភ្លេងបុរាណចាប៉ីដងវែងដែលអង្គការយូណេស្កូបានដាក់បញ្ចូលជាសម្បតិ្តបេតិកភណ្ឌអរូបីនៃមនុស្សជាតិក្នុងខែវិច្ឆិកា ឆ្នាំ ២០២០។
លោក ស៊ុប ស័ក្ខរា ជាស្ថាបនិកនៃក្រុមអ្នករៀបចំព្រឹត្តិការណ៍សម្តែងល្ខោនខោលឆ្នាំ ២០២០ និងជានាយកនៃសាលាសិល្បៈហ្វូណនបង្រៀនសិស្សឥតគិតថ្លៃនូវទម្រង់សិល្បៈបុរាណនានាក្នុងទីក្រុងភ្នំពេញនោះ បង្ហើបប្រាប់ពីគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះថា៖ «ដោយសារចង់ឲ្យមានការបង្កើតព្រឹត្តិការណ៍ចងចាំដ៏ធំមួយមានលក្ខណៈបែបប្រវត្តិសាស្ត្រ សម្រាប់ល្ខោនខោលលើកដំបូង ក្រោយពីបានត្រូវអង្គការយូណេស្កូចុះបញ្ជីសម្បត្តិបេតិកភណ្ឌមនុស្សជាតិនោះទើបខ្ញុំ និងក្រុមការងារខិតខំផ្តួចផ្តើមជាព្រឹត្តិការណ៍មួយនេះឡើងដោយកំណត់ធ្វើចំនួន ២ ថ្ងៃគឺទី ២៨-២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខ។ ម្យ៉ាងទៀតក៏ចង់ឲ្យបងប្អូនខ្មែរទូទាំងប្រទេសឲ្យបង្កើនការចងចាំចំពោះព្រឹត្តិការណ៍ដ៏សំខាន់របស់ខ្មែរមួយនេះផងដែរ»។
លោក ស៊ុប ស័ក្ខរា បានចំណាយពេលលើការងារចូលរួមសកម្មជួយលើកស្ទួយសិល្បៈបុរាណល្ខោនខោលបូករួមទាំងការសិក្សាដែរនោះគឺសរុបទៅមានរយៈពេលជិត ២ ទសវត្សរ៍ទើបលោកអាចឃើញសិល្បៈបុរាណមួយនេះត្រូវបានអង្គការយូណេស្កូទទួលស្គាល់ និងព្រមចុះបញ្ជីដាក់ចូលជាបេតិកភណ្ឌពិភពលោកអរូបីនៃមនុស្សជាតិក្នុងកិច្ចប្រជុំលើកទី ១៣ ទីក្រុងព័រល្វីស៍ (Portlouis) នៃសាធារណរដ្ឋម៉ូរីស (Maurice) នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨។
គួរបញ្ជាក់ថា លោក ស៊ុប ស័ក្ខរា គឺជាអ្នកជំនាញសិល្បៈល្ខោនខោលម្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយ និងផ្សព្វផ្សាយពីទម្រង់សិល្បៈល្ខោនខោលខ្មែរ ខណៈលោកគឺអតីតជាសិស្សចូលរៀននៅសាលាមធ្យមវិចិត្រសិល្បៈចំនួន ៧ ឆ្នាំដោយបានចូលហាត់រៀនដំបូងនៅឆ្នាំ ២០០២ និងបានបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន ៤ ឆ្នាំ និងបានធ្វើការងារពាក់ព័ន្ធនឹងការផ្សព្វផ្សាយសិល្បៈល្ខោនខោលសរុបទៅរយៈពេល ១៩ ឆ្នាំហើយក៏បានបើកសាលាបង្រៀនសិល្បៈបុរាណទៅដល់ក្មេងៗជំនាន់ក្រោយឥតគិតថ្លៃទៀតផង។
លោក ស៊ុប ស័ក្ខរា ស្ថាបនិកបង្កើតព្រឹត្តិការណ៍ដ៏ធំនៅឆ្នាំ ២០២០ ខាងមុខ មានវ័យ ២៩ ឆ្នាំរូបនេះក៏មានក្តីរំពឹងដែរថា៖ «ខ្ញុំសង្ឃឹមថា ចាប់ពេលនេះតទៅ បងប្អូនជនរួមជាតិខ្មែរនឹងចូលសហការគ្នាបានយ៉ាងផុសផុលនៅក្នុងការខំប្រឹងរៀបចំឲ្យមានព្រឹត្តិការណ៍បែបប្រវត្តិសាស្ត្រនេះ បានខណៈយើងក៏មានមូលនិធិមួយដែលសូមឲ្យបងប្អូនជួយចូលចំណាយប្រាក់តែត្រឹម ១ ០០០ រៀល ប៉ុណ្ណោះ ដើម្បីចូលរួមផ្នែកហិរញ្ញវត្ថុ ព្រោះថាយើងពិតជាមិនមានលទ្ធភាពរៀបចំដោយខ្លួនឯងបានឡើយនៅក្នុងទម្រង់នៃការសម្តែងសិល្បៈល្ខោនខោលដែលមានក្រុមសិល្បករ-ការិនីនឹងចូលរួមសម្តែងមានចំនួនប្រមាណជិត ៣០០ នាក់នៅថ្ងៃទី ២៨-២៩ ខែវិច្ឆិកា ឆ្នាំ ២០២០។ ជាពិសេសនោះការចំណាយថ្លៃសម្លៀកបំពាក់អ្នកសិល្បៈចូលរួម និងការហាត់សមជាដើម បើតាមការប៉ាន់ប្រមាណទៅគឺចំណាយប្រាក់រាប់ម៉ឺនដុល្លារឯណោះទើបអាចរៀបចំបាន ដូច្នេះទើបត្រូវការជំនួយពីបងប្អូនជនរួមជាតិ»៕