ក្រុង​ទូលូស៍៖ បុរស​បារាំង​ម្នាក់​ ដែល​បាន​ព្យាយាម​ដើរ​ពី​ប្រទេស ​បារាំង ​​ឆ្លង​ទៅ​កាន់​ទឹក​ដី​​អេស្ប៉ាញ ​ដើម្បី​ទិញ​បារី​តម្លៃ​ថោកៗ​​នោះ ត្រូវ​បាន​សង្គ្រោះ​នៅ​តំបន់​ភ្នំ Pyrenees ហើយ​ត្រូវ​​ពិន័យ​ពី​បទ​​ល្មើស​បម្រាម​​ធ្វើ​ដំណើរ​អំឡុង​ពេល​​មាន​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា។


ប្រជាជន​រស់នៅ​ភាគ​ខាង​ត្បូង​​ប្រទេស បារាំង ​ជា​ច្រើន ឆ្លង​​កាត់​ព្រំដែន​ទៅ​ទិញ​បារី ស្រា ម្ហូបអាហារ និង​ប្រេង ដែល​មាន​តម្លៃ​ថោក​នៅ​អេស្ប៉ាញ។


បុរស​ម្នាក់​នោះ ដើម​ឡើយ​ចេញ​ដំណើរ​ពី​ផ្ទះ​ដោយ​ការ​ជិះ​រថយន្ត​ពី​តំបន់ Perpignan ភាគ​ខាង​ត្បូង​ប្រទេស ​បារាំង កាលពី​ថ្ងៃ​សៅរ៍ ទៅ​កាន់​តំបន់ La Jonquera នៅ​ប្រទេស ​អេស្ប៉ាញ។


លោក​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ប៉ុស្ដិ​​ត្រួត​ពិនិត្យ ប៉ុន្តែ​មិន​អស់​ចិត្ត​​​ក៏​បន្ត​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​​ឆ្លង​ភ្នំ​នៅ​តំបន់​ព្រំដែន​ប្រទេស​​ទាំង​ពីរ។


កង​សង្គ្រោះ​​របស់​បារាំង បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា៖ «បុរស​នោះ​ធ្លាក់​ចូល​​ស្ទឹង និង​ដើរ​កាត់​ព្រៃ​បន្លា រហូត​ដល់​វង្វេង​ផ្លូវ»។


ឧទ្ធម្ភាគចក្រ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បុរស​នោះ ដែល​កំពុង​តែ​វង្វេង​ផ្លូវ​ទាំង​​អត់​ឃ្លាន ហើយ​រងារ​​​ឯការ​នៅ​ក្នុង​ព្រៃ​​តែ​ម្នាក់​ឯង។

ក្រោយ​ពី​ត្រូវ​បាន​សង្គ្រោះ​ត្រឡប់​មក​វិញ បុរស​គំរិះ​កេង​ចំណេញ​រូប​នោះ​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់ ១៣៥ អឺរ៉ូ (១៤៦ ដុល្លារ) ដែល​ល្មើស​បម្រាម​​តម្រូវ​​ឲ្យ​នៅ​ផ្ទះ។

ករណី​លើក​នេះ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​​បន្ដ​អនុវត្ដវិធាន​ការ​​ដាស់​តឿន​​ប្រាប់​ដល់​ពលរដ្ឋ​ជា​ថ្មី​ថា៖ «យើង​សូម​ក្រើន​រំឭក​ម្ដង​ទៀត​ថា សុំ​ឲ្យ​នៅ​​ផ្ទះ​ដាច់​ខាត!»៕ AFP/HR