ក្រុង​ហាណូយ៖ សិច អំពើ​ហិង្សា និង​ភេទ​សម្ព័ន្ធ​ខ្ទើយ រមែង​​ត្រូវ​បាន​ចាត់​ទុក​ជា​ទង្វើ​មិន​គប្បី​ដែល​ត្រូវ​កាត់​ចេញ​ពី​ភាពយន្ដ​វៀតណាម​ តែ​ពេល​នេះ ពួក​គេ​កំពុង​ព្យាយាម​ឲ្យ​វា​បើក​ចំហ​ ខណៈ​ផលិតករ​ភាពយន្ដ​រលក​ថ្មី​ខិតខំ​បំបែក​រនាំង​កំណត់​ដោយ​ប្រមុខ​ដឹកនាំ​កុម្មុយនីស្ដ​ដ៏​អភិរក្ស​។


ភាពយន្ដ​ចុង​ក្រោយ​ក្នុង​ការ​សាកល្បង​បំបែក​ទស្សនៈ​ចាស់​គឺ​រឿង «Chi Chi Em Em» ឬ «​Sister Sister» បញ្ចាំង​នៅ​​ឯ​មហោស្រព​ភាពយន្ដ​ធំ​បំផុត​​នៅ​អាស៊ី​នា​សប្ដាហ៍​នេះ ​ក្រោយ​ពី​ទទួល​ជោគជ័យ​ខ្លាំង​នៅ​ការិយាល័យ​ប្រអប់​សំបុត្រ​វៀតណាម។

ភាពយន្ដ​បែប​ចិត្ដ​វិទ្យា​អំពី​រឿង​​រ៉ាវ​ស្នេហា​ ការ​បោកប្រាស់ និង​សងសឹង ភាពយន្ដ​​​មាន​​ឈុត​ឆាក​រួម​ភេទ​រវាង​នារី​ និង​សាច់​រឿង​ផ្ដោត​លើ​អំពើ​ក្បត់​​ផិត និង​វិបត្ដិ​ផ្លូវ​ចិត្ដ​ បាន​ត្រៀម​​ផលិត​តាំង​ពី ៥ ​ឆ្នាំ​មុន​។


នារី​ម្នាក់​ដើរ​កាត់​ផ្ទាំង​ផ្សព្វផ្សាយ​ភាពយន្ដ​។ រូបថត AFP


ផលិតករ​កូន​កាត់​វៀតណាម-​​អាមេរិក​ កាទី អ៊ូយ៉េន ​និយាយ​ថា​៖ «​ពេល​ខ្ញុំ​ប្រាប់​ពួក​គេ​អំពី​សាច់​រឿង មនុស្ស​ជា​ច្រើន​តប​វិញ​ថា លោក​ឯង​យក​ពេល​ធ្វើ​អ្វី​ផ្សេង​ទៅ​ សាច់​រឿង​បែប​នេះ​នឹង​កាត់​ចោល​អស់​ហើយ​»។


ផលិតករ​វ័យ ៣៩ ​ឆ្នាំ ​​ប្រាប់​ AFP ថា​៖ «​ប៉ុន្ដែ​ភាពយន្ដ​នេះ​ចង់​​រៀបរាប់​អំពី​ស្ដ្រី​សម័យ​ថ្មី ដែល​រឹងមាំ មោះមុត និង​ពោរពេញ​ដោយ​មហិច្ឆតា​»។

មុន​ពេល​​​បញ្ចាំង​នៅ​មហោស្រព​​ភាពយន្ដ​អន្ដរជាតិ​ក្រុង​ប៊ូសាន ប្រទេស​កូរ៉េ​ខាង​ត្បូង​ អ្នក​ស្រី​ថា​៖ «​ខ្ញុំ​មិន​ចង់​ឲ្យ​ភាព​ភ័យ​ខ្លាច​រុំរឹត​រូប​ខ្ញុំ​ឡើយ​»។

យោង​ទៅ​តាម​គោលការណ៍​ណែនាំ​​របស់​រដ្ឋាភិបាល ភាពយន្ដ​វៀតណាម​ត្រូវ​មាន​មាតិកា​មនោគមន៍​ល្អៗ ​ដើម្បី​មក​ឆ្លង​គណៈកម្មការ​ត្រួត​ពិនិត្យ​ ហើយ​រូបភាព​អាក្រាត​ អំពើ​ហិង្សា និង​ការ​ប្រឆាំង​នឹង​រដ្ឋ​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​។

កាល​ពី​ឆ្នាំ​មុន ផលិតករ ផាន ដាងឌី ​​ប្រាប់​ថា នីតិវិធី​ស្នើ​សុំ​នេះ​មិន​ខុស​ពី​ទារុណកម្ម​ឡើយ ខណៈ​ផលិតករ​ដទៃ​​​សារភាព​​ថា ពួក​គេ​ត្រូវ​ត្រួត​ពិនិត្យ​ និង​កាត់​​ចោល​ដោយ​ខ្លួន​ឯង​ ដើម្បី​ចៀស​វាង​ឡើង​ចុះៗ​។

អ្នក​និយម​​កុន​ម្នាក់ កញ្ញា ត្រាន់ ហៀនវី អាយុ ២១ ​ឆ្នាំ មក​ពី​ក្រុង​ហូជីមិញ ​និយាយ​ថា គំនិត​ថ្មីៗ​របស់​ផលិតករ​​ និង​ការ​​រក្សា​ទុក​នូវ​​ឈុត​ឆាក​ជាប់​បម្រាម​គួរ​​ផ្ដើម​ក្នុង​យុគសម័យ​ថ្មី​នេះ​។

កញ្ញា​អះអាង​ថា​៖ «​ស្ទីល​ភាពយន្ដ​បែប​អភិរក្ស​និយម​មិន​អាច​ធ្វើ​ឲ្យ​យើង​ហ៊ាន​ចាយ​លុយ​ទិញ​សំបុត្រ​ និង​ចំណាយ​ពេល​ទៅ​មើល​កុន​ឡើយ​»។

អ្នកស្រី អ៊ូយ៉េន ​បន្ថែម​ថា​៖ «អ្វី​ដែល​ខ្ញុំ​ពិត​ជា​រីករាយ​នោះ ​គឺ​ពេល​យើង​បញ្ជូន​ភាពយន្ដ​ទៅ​​គណៈកម្មការ​ត្រួត​ពិនិត្យ​ ពួក​គេ​គ្រាន់​តែ​ស្នើ​​ឲ្យ​​កាត់​បន្ថយ​ឈុត​ឆាក​រួម​មេត្រី​​ ៣០ ​ភាគរយ​ និង​​ពាក្យពេចន៍​មិន​សមរម្យ​ ២-៣ ​ឃ្លា​ប៉ុណ្ណោះ​»៕ AFP/HR