ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មហាជនបានកត់សម្គាល់ឃើញថា តារាចម្រៀងស្រីកំពុងតែមានរូបសម្ផស្សស្រស់ស្អាត បច្ចុប្បន្នកំពុងតែជ្រកក្រោមទ្រនំ We Production ដែលជាបុត្រសម្ព័ន្ធនៃផលិតកម្មហង្សមាស កញ្ញា ចំរើន សុភ័ក្រ និងតារាចម្រៀងប្រុសមាឌឌាំងលោក នួន សុធារ័ក្ស ហាក់មានភាពឈានមួយកម្រិតថែមទៀត លើសពីសម្ព័ន្ធភាពជាមិត្តរួមអាជីពក្នុងវិស័យសិល្បៈ។
ជារឿយៗ គេតែងឃើញកញ្ញា ចំរើន សុភ័ក្រ តារាចម្រៀងស្រី ដែលជាបេក្ខជនប្រឡងបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី The Voice Cambodia នារដូវកាលទី១ និងលោក នួន សុធារ័ក្ស ជាបេក្ខជនប្រឡងដល់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Cambodian Idol រដូវកាលទី ២ បានបង្ហាញពីភាពស្និទ្ធស្នាលខ្លាំងលើសពីធម្មតា រហូតមហាជនលួចបញ្ចេញមតិ និងលើកឡើងស្របគ្នាថា តារា ២ ដូងនេះ ទំនងជាកំពុងតែបានបន្ថែមនូវកម្រិតនៃសម្ព័ន្ធភាពជាមិត្តលើវិថីសិល្បៈហើយ តាមរយៈសកម្មភាពសិ្នទ្ធស្នាលរវាងអុ្នកទាំង ២ តែម្តង។
តារាចម្រៀងស្រី បច្ចុប្បន្នកំពុងតែជ្រកនៅក្រោមទ្រនំ We Production ដែលជាបុត្រសម្ព័ន្ធផលិតកម្មហង្សមាស កញ្ញា ចំរើន សុភ័ក្រ ក៏មិនទាន់បានបកស្រាយលម្អិតចំពោះចម្ងល់របស់មហាជនបានឡើយពាក់ព័ន្ធនឹងរឿងសម្ព័ន្ធភាពខ្លួន យ៉ាងណានោះទេដោយសារតែកញ្ញា កំពុងតែជាប់រវល់ថតចម្រៀង គឺថា កញ្ញាគ្រាន់តែបានលើកទូរស័ព្ទភ្លាម ហើយក៏ឆ្លើយតបយ៉ាងខ្លីថា៖ «សុំទោសផងបង! នាពេលនេះនាងខ្ញុំកំពុងតែជាប់រវល់ថតចម្រៀង ចាំមួយម៉ោង ឬ ២ ម៉ោងទៀត ទើបបាននាងខ្ញុំទំនេរ»។
តែបើតាមការអះអាងរបស់តារាចម្រៀងប្រុសមាឌធំឌាំង សំឡេងធ្ងន់លោក នួន សុធារ័ក្ស ដែលជាតារាចម្រៀងប្រុសជ្រកទ្រនំភ្លេងរីខតនោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា សម្ព័ន្ធភាពរវាងលោក និងកញ្ញា ចំរើន សុភ័ក្រ គឺមិនមានអ្វីលើស ឬហួសពីមិត្តភក្តិឡើយ ហើយជាមិត្តជិតសិ្នទ្ធទៀតផង។
តារាចម្រៀងប្រុសមានស្រុកកំណើតមកពីខេត្តពោធិ៍សាត់ ជាបេក្ខជនបានចូលរួមប្រកួតប្រជែងដល់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ២ ខណៈម្ចាស់ពានធ្លាក់ទៅលើកញ្ញា ឈិន ម៉ានិច្ច នោះបានបកស្រាយចម្ងល់នៃសម្ព័ន្ធភាពខ្លួន និងកញ្ញា ចំរើន សុភ័ក្រ ដែរថា៖ «ប្រសិននិយាយពីការស្គាល់គ្នាវិញនោះ យើងទាំង ២ នាក់ ជាមិត្តនឹងគ្នាតាំងមុនពេលខ្ញុំទៅចូលប្រឡងកម្មវិធី Cambodian Idol ម្ល៉េះ ហើយមួយរយៈចុងក្រោយ ពួកយើងថតរូបសិ្នទ្ធស្នាលនេះ ក៏ព្រោះតែពួកយើងមានការងារសិល្បៈត្រូវធ្វើជាមួយគ្នាច្រើន ដូច្នេះយើងសម្បូរពេលថតរូបលេងជាមួយគ្នាក៏ច្រើន ហើយបើតាមពិតនោះ នាពេលកន្លងមក ក៏យើងបានថតរូបបែបសិ្នទ្ធស្នាលជាច្រើនផងដែរ គ្រាន់តែយើងមិនសូវបានបង្ហោះដូចជានៅក្នុងមួយរយៈពេលចុងក្រោយនេះតែប៉ុណ្ណោះ»៕