ភោជនីយដ្ឋាន​លំដាប់​ផ្កាយ Michelin នៅ​ថ្ងៃ​ត្រៀម​បិទ​ទ្វារ​នៅ​ដំណាច់​ខែ​នេះ

Content image - Phnom Penh Post
ភោជនីយដ្ឋាន​លំដាប់ផ្កាយ Michelin ដែល​ត្រៀម​នឹង​បិទទ្វារ។ រូបថត AFP

ក្រុង​បាងកក: ភោជនីយដ្ឋាន​ Gaggan ដ៏​ល្បីល្បាញ​នៅ​ទីក្រុង​បាងកក​ នឹង​បិទទ្វារ​នៅ​ដំណាច់​ខែ​នេះ ដោយ​អ្នក​គ្រប់គ្រង​មិន​បញ្ជាក់​ពី​ហេតុផល​​នាំ​ឲ្យ​មាន​ការ​បិទ​អាជីវកម្ម​​ភោជនីយដ្ឋាន​ល្បី​បំផុត​លំដាប់​ទី៤ ក្នុង​ពិភព​លោក​នេះ​ភ្លាមៗ​។

ភោជនីយដ្ឋាន​ផ្កាយ Michelin ២ របស់​​ក្រុមហ៊ុន​លោក​ Gaggan Anand បាន​​ផ្ដល់​នូវ​បទពិសោធ​ល្អៗ​សម្រាប់​អ្នក​​និយម​​អាហារ​ជាមួយ​រសជាតិ «អាហារ​បែប​ឥណ្ឌា​» និង​ភាព​ច្នៃ​ប្រឌិត​នៃ​ការ​រចនា​ម្ហូប​អាហារ​តាំង​ពី​បើក​​សម្ពោធ​ក្នុង​ឆ្នាំ ​២០១០​។

តារាង​មុខ​ម្ហូប​រូប​អេម៉ូជី​ បាន​ផ្ដល់​នូវ​ជម្រើស​អាហារ​ច្រើន​សន្ធឹក​ចាប់​ពី​ការ៉េម​​កាំប្រមា​សមុទ្រ រហូត​ដល់​ យ៉ាអួ​មូលៗ​ ជាមួយ​តែ​ក្រហម​ម៉ាត់​ឆា​។

អ្នក​គ្រប់គ្រង​​ភោជនីយដ្ឋាន បាន​ប្រាប់​ AFP ថា ដំណើរការ​ដ៏​ជោគជ័យ​របស់​ភោជនីយដ្ឋាន​ដែល​ស្ថិត​ក្នុង​បញ្ជី​​ភោជនីយដ្ឋាន​កំពូល​ទាំង ៥០ នៅ​អាស៊ី​ និង​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី៤ នៃ​ភោជនីយដ្ឋាន​ឆ្នើម​បំផុត​ក្នុង​លោក​ចំណោម ៥០ ដែល​ឆ្នាំ​នេះ​បាន​ទទួល​ពាន​រង្វាន់​រៀបចំ​ឡើង​ដោយ​ទស្សនាវដ្ដី​អង់គ្លេស Restaurant នោះ វា​នឹង​ដល់​ទី​បញ្ចប់​ហើយ​។

Content image - Phnom Penh Post
ការ​៉េម​ធ្វើ​ពីសាច់​កាំប្រមា​សមុទ្រ នៅភោជនីយដ្ឋាន Gaggan​​។ រូបថត AFP

អ្នក​គ្រប់គ្រង Vibhi Harnvarakiat បាន​ឲ្យ​ដឹង​ថា​៖ «​ភោជនីយដ្ឋាន​ល្បី​នេះ​នឹង​បិទ​ទ្វារ​នៅ​ថ្ងៃទី ២៤ ខែ​សីហា​ខាង​មុខ​នេះ​»។

លោក​បាន​បន្ថែម​ថា តាម​ពិត ក្រុមហ៊ុន Gaggan គ្រោង​បើក​ភោជនីយដ្ឋាន​ថ្មី​មួយ​ក្នុង​ក្រុង​បាងកក​នៅ​ចុង​ឆ្នាំ ​២០១៩ នេះ​ តែ​បដិសេធ​មិន​ផ្ដល់​មូលហេតុ​​នាំ​ឲ្យ​បិទ​ទ្វារ​ហាង​នេះ​។

ក្រោម​ការ​បណ្ដុះ​បណ្ដាល​ពី​ចុង​ភៅ​កាតាលែន​ Ferran Adria មក​ពី​ភោជនីយដ្ឋាន​ផ្កាយ​ Michelin ក្នុង​ប្រទេស អេស្ប៉ាញ មេ​ចុងភៅ Gaggan Anand ប្រសូត​នៅ​ទីក្រុង Kolkata របស់​ឥណ្ឌា​ បាន​នាំ​យក​វប្បធម៌​អាហារ​រចនា​តូចៗ​នេះ​មក​កាន់​ទីក្រុង​បាងកក​ជាមួយ​ម្ហូប​ ២៥​ មុខ​ ដែល​ជួន​កាល​ជា​អាហារ​ធ្វើ​ឲ្យ​ភ្ញៀវ​​លិទ្ធចាន​​ទៀត​ផង​។

ភោជនីយដ្ឋាន​នេះ​បាន​ទទួល​ពាន​ឆ្នើម​បំផុត​នៅ​អាស៊ី​ចាប់​ពី​ឆ្នាំ ​២០១៥ ដល់​ឆ្នាំ ​២០១៨៕ AFP/HR