ភ្លក្ស​​ម្ហូប​ប្រពៃណី​ជ្វា និង​ត្រាំ​ជើង​​ឲ្យ​ទ័ព​ត្រី​ម៉ាស្សា​ នៅ​ប្រទេស ​ឥណ្ឌូនេស៊ី

Content image - Phnom Penh Post
ហាង​ធំល្មម​សម្រាប់ទទួលទាន​ជា​លក្ខណៈ​គ្រួសារ​​​។ រូបថត AFP

ក្រុង​ហ្សាការតា៖ ពេល​អង្គុយ​ទទួល​ទាន​អាហារ​ប្រពៃណី​ឥណ្ឌូនេស៊ី អាឌី ការីយ៉ាណូវ បាន​កុម្ម៉ង់​អាហារ ២ ​មុខ​ និង​ទទួល​បាន ​១ ​មុខ​ឥត​គិត​ថ្លៃ នៅ​ភោជនីយដ្ឋាន​ថ្មី​ដែល​មាន​សេវាកម្ម​ត្រី​ម៉ាស្សា​ម្រាម​ជើង​។

តុ និង​កៅអី​នៅ​ភោជនីយដ្នាន Soto Cokro Kembang ក្នុង​ទីក្រុង​វប្បធម៌​ឥណ្ឌូនេស៊ី យុកយ៉ាការតា រៀបចំ​ក្នុង​ទឹក​ត្រឹម​ក​ជើង​ ដែល​សម្រាប់​ដាក់​ត្រី​តូចៗ​រាប់​ពាន់​ក្បាល ​ដើម្បី​បំពេញ​តួនាទី​​​ចឹក​កោសិកា​​​ស្បែក​ងាប់ៗ​ជូន​ភ្ញៀវ​។

លោក ការីយ៉ាណូវ បាន​និយាយ​ថា៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា ត្រី​កំពុង​ចឹក​ជើង​ខ្ញុំ​។ វា​រាង​រសើបៗ​ដែរ តែ​ក៏​ប្លែក​ម្យ៉ាង​។ ទទួល​ទាន​អាហារ​នៅ​ទី​នេះ មាន​អារម្មណ៍​សប្បាយ​រីករាយ​ ហើយ​ប្លែក​ខុស​ពី​កន្លែង​ដទៃ​»។

ហាង​ស្ប៉ា​ជា​ច្រើន​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ផ្ដល់​សេវាកម្ម​ត្រី​ម៉ាស្សា​ជើង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​វិធី​ព្យាបាល​កោសិកា​ងាប់​ដ៏​មាន​ប្រសិទ្ធភាព​ទោះ​​គ្មាន​ការ​បញ្ជាក់​បែប​វិទ្យាសាស្ដ្រ​ក្ដី។

ប៉ុន្ដែ​ម្ចាស់​ភោជនីយដ្ឋាន​ អ៊ីម៉ាំ នូរ ដែល​បើក​កាល​ពី​​ខែ​មិថុនា បាន​បោះ​ជំហាន​ថែម​​​សេវាកម្ម​គួប​ជាមួយ​ម្ហូប​ប្រពៃណី​ជ្វា​ «អាហារ​ត្រី​»។

Content image - Phnom Penh Post
ត្រីជាង ៧ ពាន់​ក្បាល ​ត្រូវ​បាន​លែង​ក្នុង​ទឹក ចាំ​ចឹក​ម៉ាស្សា​ជើង​ភ្ញៀវ​​​​។ រូបថត AFP

លោក នូរ បាន​ប្រាប់​ថា ឪពុក​របស់​លោក​ជា​អ្នក​នឹក​ឃើញ​គំនិត​បើក​ភោជនីយដ្ឋាន​ឥត​ជញ្ជាំង​នេះ​ ដែល​ត្រី​ល្អិត​ៗ Red Nile Tilapia ជាង​ ៧ ពាន់​ក្បាល ​ហែល​ជុំវិញ​ជើង​ភ្ញៀវ​។

លោក​និយាយ​ថា​៖ «​ដំបូង​យើង​បើក​ភោជនីយដ្ឋាន​នេះ​សម្រាប់​តែ​ពលរដ្ឋ​ក្នុង​ស្រុក​ក្បែរ​ៗ​នេះ​ប៉ុណ្ណោះ។ ប៉ុន្ដែ​អ្វី​ដែល​កំពុង​កើត​ឡើង​នា​ពេល​នេះ​លើស​ពី​អ្វី​បាន​គ្រោង​ទុក​។ វា​បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​អាហារ ទាក់ទាញ​ភ្ញៀវ​​ពី​ទីក្រុង​នានា​»។

ទីក្រុង​ខ្លះ​នៅ​អាមេរិក​ខាង​ជើង និង​អឺរ៉ុប​បាន​ហាម​ឃាត់​ដោយ​បារម្ភ​ពី​ការ​ឆ្លង​បាក់តេរី​ ខណៈ​អង្គការ (PETA) បាន​ព្រមាន​ទាំង​បញ្ហា​សុខភាព និង​ការ​ប្រព្រឹត្ត​ព្រៃ​ផ្សៃ​ចំពោះ​សត្វ​។

ប៉ុន្ដែ​អតិថិជន ដូចជា អ្នកស្រី អានណា វីឌីយ៉ា គ្រាន់​តែ​សាក​ល្បង​ឲ្យ​ត្រី​ម៉ាស្សា​ទុក​ជា​បទពិសោធ​។

អ្នកស្រី​និយាយ​ថា​៖ «​ខ្ញុំ​មិន​ធ្លាប់​ឃើញ​កន្លែង​ណា​ផ្ដល់​សេវាកម្ម​បែប​នេះ​ទេ។ សំខាន់ ហាង​ធំ​ទូលាយ​ល្មម​សម្រាប់​ការ​ទទួល​ទាន​ជា​លក្ខណៈ​គ្រួសារ​»៕ AFP/HR