ភ្នំពេញ៖ ប្រហែល​​​​មក​ពី​​ភាព​ចាស់​ចិត្ត​ចាស់​​គំនិត ​គួប​ផ្សំ​នឹង​ជោគជ័យ​ជា​ផ្លែផ្កា​​​លើ​អាជីព​​សិល្បៈ​ និង​អាជីវកម្ម​​​ក្រៅ​សិល្បៈ​​​​ខ្លាំង​នោះ​ហើយ ទើប​ពេល​​ថ្មីៗ​នេះ​ ស្រាប់​តែ​តារា​ចម្រៀង​ស្រី​ចាស់​វស្សា​ជ្រក​ទ្រនំ​ហង្សមាស​ អ្នកនាង ពេជ្រ​ សោភា​ ហ៊ាន​​បង្ហើរសារ​​​​តាម​បណ្តាញ​សង្គម​បរិយាយ​អំពី​រឿង​​​រសជាតិ​​នៃ​ជីវិត​តស៊ូ និង​ភាព​រឹងមាំ​​របស់​ស្រ្តី​មេម៉ាយ បង្ក​ឲ្យ​មាន​ភាព​​ភ្ញាក់​ផ្អើល​ពី​​មហាជន​សាជាថ្មី​​​។​


ភ្ជាប់​​នឹង​រូប​​មួយ​សន្លឹក​​​បង្ហាញ​​ស្នាម​ញញឹម​ប៉ប្រិម​នោះ ពេជ្រ សោភា ក៏​បង្ហើរ​សារ​ឡើង​ថា៖ «​​ជីវិត​​ជា​ស្ត្រី​​មេម៉ាយ​ អ្នក​ណា​​ថា ​ពិបាក​រស់​ជា​ខ្លួន​ឯង ​តែ​អ្នក​​ដែល​ពិបាក ​គឺ​ជា​ជីវិត​មនុស្ស​ស្រី​ប្តី​​លួច​មាន​ស្រី​ចាំ​ផ្លូវ​​ប្តី លួច​ឆែក​ទូរស័ព្ទ តាមដាន​​ប្តី ជីវិត​ជា​ប្រពន្ធ​វា​ទៅ​ជា​​ដូច​ចោរ​ ចាំចាប់​ប្តី​លួច​មាន​ស្រី​ចង់​ដឹង​ស្រី​របស់​ប្តី​ជា​អ្នក​ណា​តើ​ហត់​ទេ?​»។


ដោយសារ​​តែ​​ឃើញ​ Idol ​​ខ្លួន​​ហ៊ាន​​ចេញ​សារ​ចេញ​មក​ត្រង់ៗ​ទៅ​​ហើយ​​​និយាយ​ពី​ភាព​រឹងមាំ​ និង​ការ​តស៊ូ​​​របស់​ស្រ្តី​មេម៉ាយ​​​​នោះ អ្នក​គាំទ្រ​​យ៉ាង​ច្រើន​​ចូលរួម​បរិយាយ​យល់​​​ស្រប និង​គាំទ្រ​ថា ជា​​​សម្តី​ត្រឹមត្រូវ​។


ឃើញ​​មាន​អ្នក​ខ្លះ​ផ្តើម​​​ថា៖ «​​ មេម៉ាយ​​សប្បាយ​​​ចិត្ត​ គាំទ្រ​ ១០០% បង​ភា​​និយាយ​ត្រឹមត្រូវ​ណាស់​ ​ក៏​​​​សរសើរ​ ដល់​​អ្នក​មេម៉ាយ​​​លើ​លោក។ សុខ​ចិត្ត​​មាន​ឈ្មោះ​ជា​​​មេម៉ាយ គ្រាន់​ជាង​រស់​​មាន​ទុក្ខ​​សោក​​រាល់​ថ្ងៃ មេម៉ាយ​​ក៏​អាច​ធ្វើ​ការ​រក​ស៊ី​​ចិញ្ចឹម​ខ្លួន​ឯង ​រស់​​ដោយ​​​​ស្រួល ឯក​រាជ្យ​ខ្លួន​​​ឯង និង​មាន​សេរីភាព​​ពេញ​ទី។ ​សួរ​ថា ជីវិត ​កើត​មាន​​សេចក្តី​សុខ​ទេ? ​ពិត​ទេ​​ ស្នាម​ញញឹម​នៅ​ពី​​ក្រោយ​​កកញ្ចក់​នោះ? ដូច្នេះ​ត្រូវ​ស្រឡាញ់​អ្វី​ជា​​ខ្លួន​​យើង ស្រឡាញ់​នូវ​​អ្វី​ដែល​យើង​មាន​ ជីវិត​មិន​បង្ក​ការ​ឈឺ​ចាប់​ដល់​អ្នក​ដទៃ​នោះ គឺ​វា​ជា​សុភមង្គល​ដ៏​ពិត​ប្រាកដ​សម្រាប់​ឱ្យ​​ខ្លួន​​យើង!​»។


ឯ​​អ្នក​ខ្លះ​ក៏​បន្ទរ​ថា៖ «ត្រូវ​ណាស់​បង​​ស្រី មេម៉ាយ​តែ​ឈ្មោះ ​តែ​រស់នៅ​មាន​​ន័យ​ជាង​នៅ​ជាមួយ​ប្ដី​តែ​សម្បក​ខ្លួន​​ មេម៉ាយ​លុយ​ចាយ​មិន​ខ្វះ មិន​ដូច​កាល​មាន​ប្តី សេដ​យប់ សេដ​ថ្ងៃ​ ឈឺ​ក្បាល ​លុះក្ស័យ បើ​បាន​ប្តី​ចង្រៃ បំផ្លាញ​គ្មាន​​សល់។​ កន្លែង​ណា​មិន​ផ្តល់​​តម្លៃ​ឱ្យ​មិន​មាន​ក្ដី​សុខ​​​ដើរ​ចេញ ​កុំខ្វល់​ពី​មាត់​​អ្នក​ដទៃ ព្រោះ​គេ​មិន​​បាន​មក​រួម​ទុក្ខ​ជាមួយ​​យើង​ទេ។ ស៊ូ​នៅ​មេម៉ាយ​ល្អ​ជាង​មាន​ប្ដី​ ដែល​លួច​មាន​ស្រី​អ្នក​ណា​ហ៊ាន​ថា ​មេ-​​ម៉ាយ​មិន​ល្អ ​សំខាន់​មេម៉ាយ​គេ​ចេះ​​រកស៊ី​​ចិញ្ចឹម​ខ្លួន​គេ និង​កូន​បាន​រស់។​ មនុស្ស​យើង​ត្រូវ​​ចេះ​ស្វែង​រក​សេចក្តី​សុខ​​ដោយ​ខ្លួន​ឯង​ អ្វី​ដែល​សំខាន់​ គឺ​ត្រូវ​ចេះ​កែ​ច្នៃ​ឆាក​ជីវិត​ខ្លួន​​ឯង​ឱ្យ​មាន​ន័យ​ គ្មាន​​នរណា​ម្នាក់​ក្រៅ​ពី​ខ្លួន​យើង​មក​កែច្នៃ​ជីវិត​​យើង​ទេ​ ជា​ចុង​​ក្រោយ ​គឺ​មាន​តែ​ខ្លួន​យើង​​ទេ»៕​