ភ្នំពេញ៖ ពេលវេលារំលងមិនទាន់បានកន្លះឆ្នាំផងនោះ ស្រាប់តែតារាចម្រៀងស្រីរលកក្រោយ ទើបមានវ័យ ១៧ ឆ្នាំ កញ្ញា សោភា ទេពី បានដូររថយន្តម៉ាក Lexus NX 200t តម្លៃជាង ៦ ម៉ឺនដុល្លារ មកជិះរថយន្តថ្មីសន្លាងម៉ាកពី Lexus RX 350 តម្លៃជាង ១០ ម៉ឺនដុល្លារវិញ ធ្វើឱ្យមហាជនស្ងើចសរសើរខ្លាំងនឹងធនធានសម្បូរប្រាក់របស់នាង។
កញ្ញា សោភា ទេពី បានបង្ហើបសារ និងរូបថតជាច្រើនសន្លឹកពីដំណឹងទិញរថយន្តថ្មីរបស់ខ្លួន បង្ហោះកាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០ ថា៖ «ស្រឡាញ់ខ្លាំងណាស់កូនម៉ាក់ Lexus RX 350 ជាញើសឈាមរបស់ម៉ាក់ ម៉ាក់ហត់ណាស់ទម្រាំបានកូនមកនៅជាមួយនោះ!»។
មិនតែប៉ុណ្ណោះចំពោះរថយន្តម៉ាក Lexus RX 350 ស៊េរីឆ្នាំ ២០១៧ ដែលនាងទើបទិញនេះ បើតាមតម្លៃទីផ្សារនោះ គឺខ្ទង់តម្លៃ ១០៦ ០០០ ដុល្លារ ខណៈកញ្ញា សោភា ទេពី ក៏បញ្ជាក់ថា៖ «នេះគឺជាញើសឈាមសុទ្ធសាធរបស់នាងខ្ញុំ បានសន្សំតាំងពីអាយុ ៩ ឆ្នាំមកម្ល៉េះ ដែលបានចូលប្រឡូកនៅលើវិថីសិល្បៈ ដោយប្រើប្រាស់សមត្ថភាពខ្លួនឯងពិតៗ ហើយលុយទិញរថយន្តនោះ គឺបានប្រគល់លុយឱ្យគេភ្លាមៗមិនមានជំពាក់គេនោះទេ»។
គ្រាន់តែឃើញកញ្ញា សោភា ទេពី បង្ហោះរថយន្តថ្មីមិនទាន់បានប៉ុន្មានម៉ោងផងនោះ ស្រាប់តែអ្នកគាំទ្រលាន់មាត់សរសើរមិនដាច់ពីមាត់ថា៖ «អីយ៉ា! សូមសរសើរអាយដល មិននឹកស្មានទេថានៅវ័យក្មេងសោះ តែអាចមានសមត្ថភាព ទិញរថយន្តទំនើបដោយខ្លួនឯងពិតជាអស្ចារ្យមែន!»។
ដោយឡែកខណៈពេលដែលតារាប្រុសស្រីស្ទើរគ្រប់រូប រអ៊ូរទាំនឹងការធ្លាក់ចុះជីវភាពសេដ្ឋកិច្ចប្រចាំថ្ងៃ ដោយសារវិបត្តិកូវីដ ១៩ ស្រាប់តែតារាចម្រៀងស្រីចូលចិត្តច្រៀងឡើងវិញបទមរតកដើម និងអតីតជាបេក្ខនារីប្រឡងកម្មវិធី Cambodia Idol រដូវកាលទី៣ ដល់វគ្គ Live Show សប្តាហ៍ទី ៥ កញ្ញា សោភា ទេពី ក៏ធ្លាប់ឮរហៀងៗថា ចង់ដូររថយន្តថ្មីម៉ាក Rang Rover ខណៈខ្លួនកំពុងតែជិះរថយន្តម៉ាក Lexus NX 200t តម្លៃជាង ៦ ម៉ឺនដុល្លារហើយ។ តែឥឡូវនេះ នាងដូរចិត្តមកជិះ ម៉ាក Lexus RX 350 វិញម្តង។
តែកញ្ញា សោភា ទេពី អតីតជាបេក្ខភាពប្រឡង Cambodian Idol រដូវកាលទី ៣ និងបច្ចុប្បន្ន គឺជាតារាចម្រៀងរបស់ផលិតកម្ម Zone កំពុងតែស្រូបភាពល្បីមានឈ្មោះបោះសំឡេងជាមួយនឹងបទ «អ្នកណាកែចិត្តបង?» ដោយមានអ្នកចូលទស្សនាចំនួន 4.5 M នោះក៏បានបង្ហើបឱ្យដឹងដែរថា៖ «មិនទាន់អាចដឹងបានទេថា ត្រូវការប្រើពេលប៉ុន្មានឆ្នាំទៀតនោះ ទើបអាចសម្រេចបំណងនេះ ព្រោះថានាងខ្ញុំគ្មានអ្នកណាគេជួយឧបត្ថម្ភឡើយ គឺពឹងតែកម្លាំងខ្លួនឯងតែប៉ុណ្ណោះ។ ប៉ុន្ដែនាងខ្ញុំគិតថា ការមានក្តីបំណងព្រមទាំងមានការតាំងចិត្ត នឹងធ្វើឱ្យសម្រេចបំណងនេះជាមិនខាន នៅថ្ងៃណាមួយនោះឡើយ ព្រោះថា ចិត្តចង់ជិះឡានម៉ាកនេះ [ Range Rover] ស្ថិតនៅក្នុងក្ដីស្រមៃឱ្យបានគ្រាន់តែត្រូវការប្រើពេលវេលា ដើម្បីបានវានោះ គឺយូរបន្តិចប៉ុណ្ណោះ»៕