ខេត្តសុកត្រាង: មហោស្រព​តន្ត្រី និង​របាំ​ខ្មែរ​ដំបូង​បំផុត​នៅ​ឆ្នាំ ២០១៩ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​សុកត្រា ខេត្ត​សុកត្រាង នៃ​តំបន់​ដីសណ្ដ​ទន្លេ​មេគង្គ ភាគ​ខាងត្បូង​វៀតណាម​។


កម្មវិធី​មហោស្រព​នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​លើកស្ទួយ​វប្បធម៌ និង​ដើម្បី​អបអរ​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​ ១៤ ១៥ និង ១៦ ខែ​មេសា​។


មហោស្រព​នេះ​បាន​ទាក់ទាញ​សិល្បករ សិល្បការិនី​ចាស់​ក្មេង​ចំនួន​ប្រមាណ ៣០០ ​នាក់​ដែល​សុទ្ធសឹង​តែ​ជា​ក្រុម​សម្ដែង​សិល្បៈ​មកពី​បណ្ដា​ខេត្ត​នានា​នៅ​ប្រទេស​វៀតណាម​។


ក្រុម​សិល្បៈ​បាន​ផ្ដល់​នូវ​ទស្សនីយភាព​សម្ដែង​ក្នុង​ទម្រង់​ប្លែកៗ​ពី​គ្នា​សរុប​ចំនួន ១២៥ ដោយ​ក្នុង​នោះ​មាន​ការសម្ដែង​វប្បធម៌ ការបង្ហាញ​តន្ត្រី​បុរាណ​ប្រពៃណី និង​ការសម្ដែង​លក្ខណៈ​កីឡា​ជាដើម​។


អ្នក​ចូលរួម​មហោស្រព​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ឡើង​រាំ​ជាមួយ​សិល្បករ​ក្មេងៗ ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ និង​ការតុបតែង​កាយ​បែប​ជនជាតិ​ដើម​ដើម្បី​ស្វែងយល់​ពី​ឫសគល់​នៃ​វប្បធម៌ និង​សិល្បៈ​ខ្មែរ​។


សិល្បករ សិល្បការិនី​ប្រមាណ ៣០០ នាក់​បាន​ចូលរួម​សម្ដែង​ក្នុង​មហោស្រព​លើក​ដំបូង​។ រូបថត VNS/Asia News Network

មហោស្រព​នេះ​ក៏​មាន​ការសម្ដែង​ពិសេស​ពី​ក្រុម​ល្ខោនបាសាក់​ទម្រង់​ប្លែក​ដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ​ប្រជាជន​ខ្មែរ​នៅ​ប្រទេស​វៀតណាម​ហៅថា Du Ke​។

ទម្រង់​ល្ខោន​បាសាក់​នេះ​មាន​ប្រភព​កកើត​ខេត្ត​នៅ​ត្រា​វិញ​ក្នុង​អំឡុង​ឆ្នាំ​ ១៩២០ ដោយសារ​តែ​កសិករ​នៅ​ទីនោះ​និយម​ចូលចិត្ត​ការច្រៀង​។ ទម្រង់​សិល្បៈ​នេះ​ត្រូវ​បាន​សារព័ត៌មាន​វៀតណាម​ចុះ​ផ្សាយ​ថា ជា​ភាព​ច្នៃប្រឌិត​ដ៏មាន​ប្រជាប្រិយភាព​របស់​ប្រជាជន​ខ្មែរ​នៅ​ទី​នោះ​។

ការសម្ដែង​ល្ខោន​បាសាក់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ល្ខោន​ល្បីល្បាញ​មកពី​ខេត្ត​ត្រា​វិញ​ដែល​ជា​ទឹកដី​កំណើត​នៃ​ទម្រង់​សិល្បៈ​នេះ​តែ​ម្ដង​។

លោក ង្វៀង វ៉ានប៉ុង នាយក​ស្ថានីយទូរទស្សន៍​ខេត្ត​សុកត្រាង និង​ជា​សមាជិក​ជាន់ខ្ពស់​នៃ​គណៈកម្មការ​រៀបចំ​កម្មវិធី​មហោស្រព​តន្ត្រី និង​របាំ​ខ្មែរ​នៅ​ទី​នោះ បាន​ឲ្យ​ដឹង​ថា​៖ «​ដោយ​គ្រង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ សិល្បករ​សិល្បការិនី​យើង​បាន​ច្រៀង រាំ និង​សម្ដែង​យ៉ាង​រស់រវើក​លើ​ឆាក​ដែល​ឆ្លុះបញ្ចាំង​ពី​សាសនា ប្រពៃណី ទំនៀមទម្លាប់ និង​វប្បធម៌​ខ្មែរ​»​។

លោក​បាន​លើក​ឡើង​ទៀត​ថា​៖ «​តាមរយៈ​មហោស្រព​នេះ​យើង​សង្ឃឹម​ថា ក្មេងៗ​ជំនាន់​ក្រោយ​នឹង​អាច​សិក្សា​ស្វែងយល់​ពី​សិល្បៈ​ប្រពៃណី និង​វប្បធម៌​ដើមកំណើត​របស់​ខ្លួន​ក៏​ដូចជា​ចាប់​យក​នូវ​មេរៀន​ល្អៗ​ដ៏​មាន​ប្រយោជន៍​ក្នុង​ជីវិត ដូចជា​ជំរុញ​ការស្រឡាញ់​រាប់អាន​គ្នា​»​។

ខេត្ត​សុកត្រាង​មាន​ជនជាតិ​ខ្មែរ​ជាង ៣៩៧០០០ នាក់​ដែល​ស្មើនឹង​ប្រមាណ ៣០ ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​សរុប​។

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​សហគមន៍​ខ្មែរ​រស់នៅ​ខេត្ត​សុកត្រាង​ត្រូវ​បាន​សម្គាល់​ឃើញ​ពី​ការរីកចម្រើន​នៃ​ជីវភាព​រស់នៅ​របស់​ពួកគេ​។

មហោស្រព​តន្ត្រី និង​របាំ​ខ្មែរ​ឆ្នាំ ២០១៩ ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី ៩ ខែ​មេសា​កន្លង​ទៅ​ថ្មីៗ​នេះ​៕ VNS/Asia News Network