ក្រុង​សៀមរាប៖ ព្រឹត្តិការណ៍​ដំបូង​ ដែល​មាន​ឈ្មោះ​ថា «មហោស្រព​​ភាពយន្ត​ និង​រូបថត​ស្តីពី​ជីវិត​សត្វ​​​ព្រៃ​​​​នៅ​កម្ពុជា​» នឹង​ប្រារព្ធ​ធ្វើ​នៅ​ឯ​​មជ្ឈមណ្ឌល​​របក​គំហើញ​​ធម្មជាតិ​ ដើម្បី​​​ផ្សព្វផ្សាយ​ និង​ចែក​រំលែក​​ការ​​យល់​ដឹង​ពី​ធម្មជាតិ ក៏​ដូចជា​ស្វែង​យល់​ពី​ភព​ផែនដី​ រៀបចំ​ដោយ​អង្គការ​ដែល​ផ្តោត​ទៅ​លើ​សត្វ​ព្រៃ និង​មាន​ការ​គាំទ្រ​ដោយ​ក្រសួង​បរិស្ថាន​នៃ​​ប្រទេស ​កម្ពុជា​។​


ទិដ្ឋភាព​មើល​សត្វ​ត្មាត ​ប្រើ​កែវយឹត នៅ​​តំបន់​ដែនជម្រកសត្វ​ព្រៃ​ឆែប។ហេង ជីវ័ន


បើ​តាម​លោក ជា សំបាន ជា​សហស្ថាបនិក​ និង​ប្រធាន​គ្រប់គ្រង​គម្រោង​​នៃ​​អង្គការ​ផ្តោត​​ទៅ​លើ​សត្វ​ព្រៃ (​Fauna in Focus) ដែល​បាន​រៀបចំ​​ព្រឹត្តិការណ៍​ដំបូង​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​ចំពោះ​មហោស្រព​ភាពយន្ត​ និង​រូបថត​ស្តីពី​ជីវិត​សត្វ​​​ព្រៃ​​នៅ​កម្ពុជា​-​Cambodian Wildlife Film & Photo Festival (CWFF) គឺ​ជា​ការ​​រៀបចំ​ព្រឹត្តិការណ៍​​​លើក​ដំបូង ដោយ​​យើង​ក៏​មាន​គម្រោង​ធំៗ​ចំនួន ​៣ ផង​ដែរ ​ដោយ​ក្នុង​នោះ​មាន​ដូច​ជា​​ការ​ចាក់​បញ្ចាំង​វីដេអូ​​ស្តីពី​សកម្មភាព​ការងារ​របស់​អង្គការ​​​​ផ្តោត​​​ទៅ​​​លើ​​សត្វ​ព្រៃ (​Fauna in Focus) ការ​ផ្សព្វផ្សាយ​ការ​រក្សា និង​អភិរក្ស​ធម្មជាតិ​ដល់​សាធារណជន​ តាមរយៈ​សារ​ជា​រូបភាព និង​សារ​ជា​ការ​ដំណាល​​​​រឿង​ប្រាប់ និង​កម្មវិធី​មួយ​ទៀត​ឈ្មោះ ១ ​​សប្តាហ៍ ​នៃ​ភព​ផែន​ដី​ Earth Week 202។​ អង្គការ​​​​បាន​​​កំណត់​ជ្រើសរើស​យក​ទី​កន្លែង​ធ្វើ​ នៅ​​ឯ​មជ្ឈមណ្ឌល​របក​គំហើញ​​ធម្មជាតិ​ (​The Nature Discovery Center of Cambodia) ដោយ​​មាន​មូលដ្ឋាន​ នៅ​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​»។​​


ប្រសិន​បើ​ស្ថានភាព​នៃ​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា ឬ​កូវីដ ​១៩ នឹង​មាន​ភាព​​​ធូរ​ស្បើយ​ ឬ​មាន​សុវត្ថិភាព​​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​នោះ តាម​គម្រោង​មហោស្រព​ភាពយន្ត ​និង​រូបថត​ស្តីពី​ជីវិត​សត្វ​​​ព្រៃ​​នៅ​កម្ពុជា​-Cambodian Wildlife Film & Photo Festival (CWFF)​ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី ​១៨ ដល់​ថ្ងៃទី ​២៦ ខែ ​​កក្កដា ​ឆ្នាំ ​២០២០​ តែ​ប្រសិន​បើ​មិន​បាន​ធូរ​ស្រាល​នោះ​ទេ នឹង​មាន​ការ​ពន្យារពេល​បន្ត​ទៀត​។ លោក ជា សំបាន បញ្ជាក់​ថា​៖ «​​តាម​គម្រោង​យើង​នឹង​ប្រារព្ធ​ធ្វើ​ចំនួន​ ១ ​សប្តាហ៍​ ដូច​មាន​កាល​បរិច្ឆេទ​បាន​កំណត់​ក្នុង​ការ​ផ្សព្វផ្សាយ​នៅ​​ក្នុង​គេហទំព័រ ឬ​ផូស្ទ័រ​ (Poster) របស់​យើង​។ ​ប្រសិន​បើ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា ឬ​ជំងឺ​កូវីដ ១៩ នេះ​​មិន​បាន​ធូរ​ស្បើយ​​បន្ត​រហូត​ដល់​ថ្ងៃ​ប្រារព្ធ​នោះ យើង​​នឹង​លើក​​ពេល​​ធ្វើ​ផង​ដែរ តែ​មិន​មាន​គម្រោង​លុប​ចោល​កម្មវិធី​ឡើយ​។


ហ្វូង​សត្វ​ត្មាត​​នៅ​តំបន់​ដែនជម្រកសត្វ​ព្រៃ​ឆែប (ខេត្តព្រះវិហារ)​។ហេង ជីវ័ន


គោល​​បំណង​នៃ​ការ​ប្រារព្ធ​មហោស្រព​​ភាពយន្ត​ និង​រូបថត​ ស្តីពី​ជីវិត​សត្វ​​​ព្រៃ​​នៅ​កម្ពុជា​ នេះ​ក៏​ត្រូវ​បាន​សហស្ថាបនិក​នៃ​​អង្គការ​ផ្តោត​ទៅ​លើ​សត្វ​ព្រៃ លោក ជា សំបាន បង្ហើប​ឲ្យ​ដឹង​ថា៖ «ព្រឹត្តិការណ៍​នេះ​នឹង​​​បង្ហាញ​​ពី​​សកម្មភាព​ក្រុម ​អ្នក​ថត​រូប​ ក្រុម​អ្នក​លះបង់​ និង​​ជួយ​អភិរក្ស​ដល់​​ធម្មជាតិ ក្រុម​អ្នក​ជំនាញ​​ធម្មជាតិ​ និង​ចង់​ផ្សព្វផ្សាយ​ពី​ភាព​អស្ចា្យ​នៃ​ប្រព័ន្ធ​ជីវចម្រុះ​នៅ​ក្នុង​ប្រទេស ​កម្ពុជា​»។​

ដោយ​​ឡែក​សម្រាប់​អ្នក​ជំនាញ​ថត​រូប ឬ​ថត​វីដេអូ​ ទាំង​ឡាយ​​​មាន​បណ្តុំ​រូប​ថត ឬ​ឃ្លីប​វីដេអូ​ ស្តីពី​សកម្មភាព​​​អភិរក្ស​ធម្មជាតិ​​ដើម​របស់​ខ្លួន​នោះ ហើយ​​ចង់​ចូល​ក្នុង​កម្មវិធី​នេះ​ ក៏​អាច​មាន​​​ឱកាស​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ផង​ដែរ។ ដោយ​លោក​អ្នក​ចាប់​អារម្មណ៍ គ្រាន់​តែ​ផ្ញើ​រូប ឬ​វីដេអូ​​ ចូល​ទៅ​តាម​គេហទំព័រ​ www.faunainfocus.org/cwff​​ ឲ្យ​​បាន​​មុន​​ថ្ងៃទី ​២៦ ខែ ​កក្កដា ឆ្នាំ ​២០២០​៕​