មាន សូនីតា កាក់កប​អាជីវកម្ម​ក្រមា ​រក​បាន​ដៃគូ​រកស៊ី​នៅ​ជប៉ុន

Content image - Phnom Penh Post
តារាសម្តែង​ស្រី និង​ជា​ម្ចាស់​ហាង​សម្លៀកបំពាក់​ច្នៃ​ពី​ក្រមា កញ្ញា មាន សូនីតា​ ទើប​តែ​បង្ហោះ​ដំណឹង​ល្អ​រឿង​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​។ រូបថត ហ្វេសប៊ុក និង ភ្នំពេញ​ប៉ុស្តិ៍

ភ្នំពេញៈ ទីបំផុត​កញ្ញា មាន សូនីតា តារា​ស្រី​ដែល​ទទួល​បាន​ងារ​ពី​មហាជន «​រាជិនី​ក្រមា​» ចាប់​បាន​ដៃគូ​រកស៊ី​ធំ​មួយ​នៅ​ប្រទេស​ជប៉ុន សម្រាប់​ផលិតផល​ច្នៃ​ពី​ក្រមា​របស់​ខ្លួន​។

នេះ​បើ​តាម​សារ​ដែល​កញ្ញា មាន សូនីតា បាន​បង្ហោះ​អម​នឹង​រូបភាព​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​នាពេល​ថ្មីៗ​នេះ ដោយ​បាន​សរសេរ​ប្រាប់​ថា​៖ «​អរគុណ​បង​ដែល​បាន​អញ្ជើញ​ខ្ញុំ​ទៅ​ជប៉ុន ហើយ​ទទួល​យ៉ាង​កក់ក្តៅ ព្រម​ជាមួយ​ការចុះ​សន្យា​ជាមួយ​ផ្ទះ​ស្រឡាញ់ និង​មាន​លក់​នៅ​ប្រទេស​ជប៉ុន​ឆាប់ៗ​ចា​!Business Trip ផ្ទះ​ស្រឡាញ់​# SlanhHouse JP»​។

យ៉ាង​ណា​សម្រាប់​ការធ្វើ​កិច្ចសន្យា​ជាមួយ​ដៃគូ​រកស៊ី​ថ្មី​ថា តើ​ជា​ពាណិជ្ជករ​ជាតិ​ជប៉ុន ឬ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ជប៉ុន ឬ​ការរកស៊ី​នោះ​មាន​ទំហំ​ប៉ុនណា​ទេ ក៏​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ឡើយ​ពី​តារា​សម្តែង​ស្រី​ល្បី​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​ជា​ថៅកែ​ស្រី​ទាំង​វ័យក្មេង​ក្នុង​របរ​បើកហាង​សម្លៀកបំពាក់ និង​វត្ថុ​អនុស្សាវរីយ៍​ពី​ក្រមា​នោះ ព្រោះ​ប្រព័ន្ធ​ទូរស័ព្ទ​នាង​តេ​ចូល តែ​គ្មាន​អ្នក​លើក​ទទួល​។

ថ្មីៗ​នេះ​បើ​តាមរយៈ​សកម្មភាព​នៃ​រូបថត​ទាំងឡាយ​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​ទាំង​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម​នោះ ឃើញ​ថា​ មាន សូនីតា ហាក់​មាន​ភាព​សប្បាយចិត្ត​ខុស​ពី​ធម្មតា ហើយ​ក៏​ចូលចិត្ត​បង្ហើរ​សារ​ប្លែកៗ បែប​ជា​មនុស្ស​ស្រី​នៅ​វ័យក្មេង​ថែម​ទាំង​ធ្វើ​ឬក​ឃ្យូតៗ​ទៀត​ផង​។

ខណៈ​នាង​ក៏​ទើប​តែ​សាប​នូវ​ព័ត៌មាន​បែប​ខ្សឹបខ្សៀវ​រឿង​មាន​អ្នក​ឧបត្ថម្ភ​លាក់​មុខ ពី​ក្រោយ​នៃ​ដំណើរ​កម្សាន្ត​ចេញ​ក្រៅ​ប្រទេស​ជា​ហូរហែ​កន្លង​មក ក៏​ស្រាប់តែ​ថ្មីៗ​នេះ តារាសម្តែង​ស្រី និង​ក៏​ជា​ម្ចាស់​ហាង​លក់​ផលិតផល​ពី​ក្រមា​វ័យក្មេង​កញ្ញា មាន សូនីតា បាន​ព្រលយ​ឲ្យ​ដឹង​ថា នាង​កំពុង​មាន​គេ​ចូល​ស្តីដណ្តឹង បង្ក​ការភ្ញាក់ផ្អើល​ពី​សំណាក់​មហាជន​។

ពី​គណនី​ហ្វេសប៊ុក​ខ្លួន​ផ្ទាល់​នោះ​កញ្ញា មាន សូនីតា បាន​បង្ហើរ​សារ​ថា​៖ «​ហាហា​!​ថ្ងៃ​នេះ​ម៉ាក់​មក​ប្រាប់​ថា មាន​គេ​ចង់​ដណ្តឹង​។ គិត​ម៉េច​ទៅ ហាហា​?»​។ សារ​នេះ​ធ្វើឲ្យ​ប្រិយមិត្ត​អ្នកគាំទ្រ និង​មហាជន​មាន​ការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង រហូត​កើត​ជា​ប្រធានបទ​ដ៏សំខាន់​យក​មក​ជជែក​គ្នា​ដោយ​មាន​ទាំង​ជា​អ្នក​រុញ​ទូក​បណ្តោយ​ទឹក និង​អ្នក​យក​ជើងរាទឹក​ផង​។

តែ​នាពេល​បាន​ឆ្លើយតប​តាម​ទូរស័ព្ទ​ជាមួយ​ភ្នំពេញ​-​ប៉ុស្តិ៍​កន្លង​មក​មាន សូនីតា បែរ​ជា​បង្ហើប​ប្រាប់​ថា​៖ «​អត់​ទេ​បង​!​នោះ​គ្រាន់តែ​ជា​សារ​ដែល​នាង​ខ្ញុំ​ផូស្តិ៍​លេង​ទេ មិន​ពិត​ឡើយ ហើយ​សារ​នោះ​នាង​ខ្ញុំ គ្រាន់តែ​ចង់​ឲ្យ​ប្រិយមិត្ត​ងាក​ចាប់​អារម្មណ៍​ខ្ញុំ​ប៉ុណ្ណោះ​»​។ ពេល​កន្លង​មក មាន សូនីតា បាន​ពើប​ដំណឹង​ខ្សឹបខ្សៀវ​ថា មាន​អ្នក​ឧបត្ថម្ភ​ជា​កំណាន់ចិត្ត​លាក់​មុខ​នៅ​ពី​ក្រោយ​នៃ​ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស​ហូរហែ​កន្លង​មក​តាមរយៈ​ភាព​ហ៊ឺហា តាមរយៈ​ការទិញ​ផ្ទះ​វីឡា និង​ដូរ​រថយន្ត​ទំនើប​ដែរ​៕