មាន សូនីតា នាំកញ្ចប់ក្តីស្រឡាញ់អាហារ ១០០ ប្រអប់រាល់ថ្ងៃ ចែកជូនបងប្អូនខ្វះស្បៀង អាជ្ញាធរ គ្រូពេទ្យជួរមុខ

ភ្នំពេញ៖ ក្រោមពាក្យស្លោក ១ ឃ្លា «ជួយគ្នាក្នុងគ្រាលំបាក» បានជំរុញទឹកចិត្តឱ្យតារាស្រីស្រស់ កញ្ញា មាន សូនីតា និងក្រុមការងារឈ្មោះថា «កញ្ចប់ក្តីស្រឡាញ់» ដែលជាកិច្ចការសប្បុរសធម៌មួយនាំយកកញ្ចប់អាហារចំនួន ១០០ កញ្ចប់ជារៀងរាល់ថ្ងៃទៅចែកជូនបងប្អូនពលរដ្ឋខ្មែរខ្វះខាតស្បៀង លោកតាលោកយាយនៅតាមទីវត្តអារាមមួយចំនួន និងអាជ្ញាធរសមត្ថកិច្ចរក្សាសន្តិសុខសុវត្ថិភាពសង្គមតាមគោលដៅ ក៏ដូចជាក្រុមគ្រូពេទ្យនៅជួរមុខ កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ។
នេះបើយោងតាមសារកញ្ញា មាន សូនីតា ឱ្យដឹងក្នុងហ្វេសប៊ុកថា៖ «សម្រាប់ការចែកជូន អាហារ ១០០ ប្រអប់ចេញទៅជារៀងរាល់ថ្ងៃ។ បើសិនបងប្អូនទាំងអស់គ្នា ដែលចូលរួមទាំងអស់គ្នា ថវិកាតិចតួចក្ដី ច្រើនក្ដី ពិតជាសប្បាយចិត្តទទួលយកទាំងអស់ ចំពោះទឹកចិត្តចែករំលែក «ក្ដីស្រឡាញ់» ជួយគ្នាក្នុងគ្រាលំបាកមួយចំនួននេះ។ កញ្ចប់ក្ដីស្រឡាញ់ជាអាហារ ១០០ ប្រអប់ +ម៉ាស់ ក្រមា ១ ចេញចែកបងប្អូនជារៀងរាល់ថ្ងៃចា៎!»។
ដូចជាថ្ងៃនេះក្រុមការងារនៃកញ្ចប់ក្ដីស្រឡាញ់ ១០០ ប្រអប់របស់កញ្ញា មាន សូនីតា បាននាំយកទៅកាន់គោលដៅ សម្រាប់លោកយាយលោកតានៅតាមទីអារាម ដោយសារចំថ្ងៃសីលផងដែរ។
កាលពីថ្ងៃទី ៣ ខែឧសភា កន្លងមក ពួកគេបាននាំយកកញ្ចប់ក្ដីស្រឡាញ់ ១០០ ប្រអប់ទៅចែកជូនក្រុមគ្រូពេទ្យនៅជួរមុខដោយកញ្ញា មាន សូនីតា សរសេរប្រាប់ថា៖ «អរគុណបងៗគ្រូពេទ្យជួរមុខការលះបង់មួយនេះ! ក្នុងអំឡុងពេលលំបាកនេះ នាងខ្ញុំជឿថាកម្លាំងចិត្តពិតជាសំខាន់ដែលបងៗជួរមុខ ក៏ដូចជាបងៗប្អូនដែលជួបផលលំបាកត្រូវការពីពួកយើងទាំងអស់គ្នាដែលនៅជួរខាងក្រោយ ដែលបង្ហាញពីក្ដីស្រឡាញ់បង្ហាញពីសប្បុរសធម៌ បង្ហាញពីក្ដីអាណិត ក្ដីបារម្ភទៅកាន់ពួកគាត់»។
បើគិតត្រឹមថ្ងៃទី ៤ ខែឧសភាឆ្នាំ ២០២១ នេះបេសកកម្មក្រោមពាក្យស្លោក «ជួយគ្នាក្នុងគ្រាលំបាក» របស់តារាស្រីដែលមហាជនឱ្យរហស្សនាមថា «រាជិនីក្រមា» កញ្ញាមានសូនីតាមានរយៈពេល ៥ ថ្ងៃហើយដោយបានចាប់ផ្តើមតាំងពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ មកនឹងបន្តរហូតដល់ពេលមានស្ថានភាពធូរស្បើយក្នុងដំណាក់កាលបិទខ្ទប់។
ក្នុងសារដែលកញ្ញា មាន សូនីតា បង្ហោះនាពេលកន្លងមកថា៖ «នាងខ្ញុំសូមសរុបចំនួនទឹកប្រាក់សម្រាប់ថ្ងៃទី 27-28-29- 04/2021 បានចំនួនសរុប $ 930.48 ដោយសារមានការចូលរួមចំនួនច្រើន អ៊ីចឹងមិនអាចរៀបរាប់បានទេ។ យើងចាប់ផ្ដើមថ្ងៃស្អែក ២៩ នេះហើយចា៎»។
កញ្ញា មាន សូនីតា ក៏បានថ្លែងអំណរគុណអ្នកសហការចូលរួម និងរៀបរាប់ពីសកម្មភាពថ្ងៃដំបូងដែរថា៖ «អរគុណសម្រាប់ជំនួយក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់ចំពោះការខ្វាយខ្វល់ដល់ទុក្ខធុរៈរបស់បងប្អូនយើងចំពោះទឹកចិត្តដ៏សប្បុរស មេត្តា អាណិតស្រឡាញ់ និងអរគុណសម្រាប់ការចូលរួមចែករំលែក។ សង្ឃឹមថាអ្នកទាំងអស់គ្នានៅតែបន្តជួយគ្នាក្នុងគ្រាលំបាកមួយនេះតាមដែលអាចជួយបានតិចតួចស្តួចស្តើងក្ដី យើងនៅតែបន្តបេសកកម្មមួយនេះរហូតដល់តាមលទ្ធភាពធ្វើទៅបាន។ ថ្ងៃទី ២៩ មេសា យើងបានចុះផ្ដល់ជូនកញ្ចប់ក្ដីស្រឡាញ់អាហារ ១០០ ប្រអប់+ម៉ាស់ ក្រមា។ ចំនួន ១០០ ជាបេសកកម្មថ្ងៃទី ១ សម្រាប់ ៣ ទីតាំង គឺទី ១ ពេទ្យកេតុមាលាទី ២ តំបន់មាត់ច្រក red zone ឬស្សីកែវ និងទី ៣ តាមផ្លូវជនអនាថា»។
តារាសម្តែងស្រីចូលចិត្តធ្វើសកម្មភាពសប្បុរសធម៌នានា ដោយគេសង្កេតឃើញថាកញ្ញាតែងតែបានដាក់ភ្ជាប់ពាក្យថា «ក្តីស្រឡាញ់» ជារឿយនោះក៏បានបញ្ជាក់ពីក្តីបំណងនៃការធ្វើបេសកកម្មលើកនេះដែរថា៖ «ជួយគ្នាក្នុងគ្រាលំបាក គ្រាន់តែស៊ែរចែករំលែកក៏ជាការចូលរួមជួយផងដែរ។ ជឿជាក់ដល់បងប្អូន ជឿជាក់ចំពោះទឹកចិត្ត ជឿជាក់លើមិត្តជិតឆ្ងាយ ពិតជាមានក្ដីមេត្តា អាណិត ស្រឡាញ់ ដល់អ្នកដែលខ្វះខាតត្រូវការជំនួយ ការទន្ទឹងរង់ចាំពិតជាមានចិត្តអត់ធ្មត់ណាស់។ បងប្អូនយើង ពិតជាមានចិត្តសប្បុរសពិតៗ មានស្មារតីសាមគ្គី មិនឈរមើលដោយភ្នែកទទេនោះទេ! ពួកយើងចាំផ្តល់ស្នាមញញឹម ការខំប្រឹងប្រែង និងពួកយើងចាំជួយដល់រាល់តម្រូវការ។ ដោយក្តីស្រឡាញ់ពី មាន សូនីតា។ អ្នកទាំងអស់គ្នាអាចចូលរួមជួយគ្នាក្នុងគ្រាលំបាកមួយនេះផងដែរតាមរយ: ABA : 678 9999 97 Mean Sonyta ឬព័ត៌មានបន្ថែម ឬផ្តល់ជាថ្នាំសង្កូវអាហារទុកបានយូរ តាមលេខទូរស័ព្ទ 096 39 49 729»៕













