ក្រុង​ជិនណៃ៖ រយៈពេល ៤ ​ថ្ងៃ ​ហើយ​គិត​ត្រឹម​ថ្ងៃ​ចន្ទ ​ពពុះ​​ស​ក្បុស​​បាន​លេប​​ត្របាក់​ឆ្នេរ​​សមុទ្រ​ដ៏​ល្បី​​របស់​ឥណ្ឌា នៅ​ក្រុង​ជិនណៃ បង្កើត​បាន​ជា​ទិដ្ឋភាព​បំពុល​បរិស្ថាន​ដ៏​គួរ​ឲ្យ​បារម្ភ​នៅ​​ប្រទេស​​ដ៏​ធំ​មួយ​នេះ។


កូន​ក្មេង​បាន​នាំ​គ្នា​លេង​ពពុះ​សាប៊ូ និង​ខ្លះ​ថត​រូប​សែលហ្វ៊ី​ជាមួយ​សមុទ្រ​​ពពក​សក្បុស នៅ​ឆ្នេរ​ម៉ារីណា បើទោះ​ជា​​ឆ្នេរ​ពពុះ​សាប៊ូ​ជះ​ក្លិន​​អសោច ហើយ​អ្នក​នេសាទ​ត្រូវ​បាន​ដាស់​តឿន​​កុំ​ឲ្យ​​ចូល​ទៅ​តំបន់​នោះ​ក្ដី។


ក្រុម​​វេជ្ជបណ្ឌិត​​បាន​ព្រមាន​ថា បញ្ហា​ស្បែក​អាច​កើត​ឡើង​ដោយ​សារ​ការ​ប៉ះពាល់​ពពុះ​ពុល ដែល​បាតុភូត​នេះ​​កើត​ឡើង​ជា​រៀង​រាល់​រដូវ​មូសុង។ ដោយ​ឡែក​ឆ្នាំ​នេះ បញ្ហា​បំពុល​កាន់​តែ​ធ្ងន់ធ្ងរ​​ជាង​មុន។


យ៉ាងណា​មិញ សេចក្ដី​ជូន​ដំណឹង​ពី​បញ្ហា​សុខភាព មិន​បាន​ជ្រួតជ្រាប​ទៅ​ដល់​ក្រុម​គ្រួសារ​រាប់​រយ​នាក់ ដែល​នាំ​គ្នា​​ទៅ​លេង​ឆ្នេរ​សមុទ្រ​​ដ៏​វែង​នៅ​ទីក្រុង​ជិនណៃ​នោះ​ទេ ដោយ​ពួក​គេ​ថែម​ទាំង​បណ្ដោយ​ឲ្យ​កូន​ចុះ​លេង​​ពពុះ​សាប៊ូ​ជាតិ​ពុល​​​ថែម​ទៀត​ផង។


ក្រុម​ប្រឹក្សា​​ពិនិត្យ​ការ​បំពុល​បរិស្ថាន​នៅ​រដ្ឋ​តាមីលណាឌូ បាន​ធ្វើ​ការ​វិភាគ​ពពុះ​សាប៊ូ ដែល​លាត​សន្ធឹង​ជា​ច្រើន​គីឡូម៉ែត្រ​នៅ​ឆ្នេរ។


ឆ្នេរ​សមុទ្រ ម៉ារីណា នៅ​ក្រុងជិនណៃ ប្រទេសឥណ្ឌា គ្របដណ្ដប់ដោយពពុះ​សក្បុស​ពីការ​បំពុលបរិស្ថាន។ រូបថត AFP

អ្នក​ជំនាញ​ Pravakar Mishra នៅ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ជលសា​​ទីក្រុង​ជិនណៃ បាន​ឲ្យ​ដឹង​ថា៖ «វា​ពិត​ជា​មិន​ល្អ​​សម្រាប់​មនុស្ស​ចូល​ទៅ​លេង​​ពពុះ​នោះ​ទេ ប៉ុន្តែ​ប្រជាជន​​មិន​ទាន់​យល់​ពី​បញ្ហា​ប្រឈម​​»។

ខណៈ​​​ពពុះ​សក្បុស​នៅ​ឆ្នេរ​សមុទ្រ​​មាន​កំណើន​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អាជ្ញាធរ​​ក៏​សម្ដែង​ក្ដី​បារម្ភ​​​​ដូច​កាល​ពី​ឆ្នាំ ​២០១៧ នៅ​ពេល​ដែល​ត្រី​រាប់ពាន់​ក្បាល​បាន​ងាប់​ពាយ​ ​ដោយសារ​ការ​បំពុល​ធ្ងន់ធ្ងរ​នៅ​តំបន់​ឆ្នេរ។

អ្នក​នេសាទ​វ័យ ៣០ ឆ្នាំ Jeyaseelan បាន​ត្អូញ​ថា គ្មាន​នរណា​ចង់​ទិញ​ត្រី​ ដែល​លោក​ខំ​រក​បាន​បន្តិច​បន្តួច​ នៅ​​ប៉ុន្មាន​ថ្ងៃ​នេះ​ទេ។

ក្មេងៗ​លេង​ពពុះ ដែលអ្នកជំនាញ​ព្រមានថា​​​មិនល្អ​ចំពោះ​សុខភាព​។ រូបថត AFP

លោក​ពោល​ថា​៖ «គេ​ខ្លាច​ត្រី​ពុល ដូច្នេះ​ហោប៉ៅ​ខ្ញុំ​ទទេ​ហើយ​»។

ឆ្នេរ​ម៉ារីណា ជា​បេះដូង​នៃ​ក្រុង​ជិនណៃ ​​ជាង​ ១ សតវត្សរ៍​ហើយ។

អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា កាក​សំណល់​ចេញ​ពី​ប្រព័ន្ធ​លូ​ត្រឹម​តែ ៤០ ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ត្រូវ​បាន​ឆ្លង​កាត់​ការ​សម្អាត​ត្រឹមត្រូវ ដោយ​សល់​ប៉ុន្មាន​ត្រូវ​បាន​បង្ហូរ​ចូល​សមុទ្រ​។

អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​លើ​ដំណោះស្រាយ​បង្ហោះ​ពោង​ភ្ជាប់​ឧបករណ៍​វាស់​​ជាតិ​ពុល​ក្នុង​ទឹក​។

ដោយ​សំអាង​ថា​ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​​រើស​​សំរាម​​ប្លាស្ទិក​ជិត​មួយ​តោន ប្រើ​ពេល​​តែ ២ ម៉ោង នៅ​​ក្រុង​ជិនណៃ ​លោក Mishra ថ្លែង​​ថា៖ «ការ​បំពុល​បរិស្ថាន​បំផ្លាញ​​ឆ្នេរ​​​ខ្លាំង​ជាង​​ការ​ឡើង​កម្ពស់​ទឹក​​ទៅ​ទៀត»៕ AFP