ភ្នំពេញៈ នាពេល​ថ្មីៗ​នេះ​តារាចម្រៀង​ស្រី​សំឡេង​លះ​ច្បាស់ៗ និង​ជើងចាស់​និយម​បកស្រាយ​ចម្រៀង​មរតក​ដើម​អ្នកនាង ម៉ៅ ស៊ីណាត ទទួលរង​ការវាយប្រហារ​ផ្ទួនៗ​គ្នា​ជាប់​បន្ត​ពី​ចំហាយ​ព័ត៌មាន​រឿង​ថា មាន​ទំនាស់​ជាមួយ​នឹង​ម្ចាស់​ហាង​កែសម្ផស្ស​ឌែម៉ូគ្លីនិក​អ្នកស្រី ហ៊ូវដាណេ ព្រោះ​តែ​អស់​លុយ​ច្រើន​ហើយ​នៅ​តែ​កែសម្ផស្ស​ផ្ទៃមុខ​មិន​បាន​ស្អាត​ដូច​ចិត្ត​នោះ​។


ជាក់ស្ដែង​នាពេល​ថៅកែ​ហាង​ឌែម៉ូគ្លីនិក​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ពី​រឿង​គំរាម​ទារ​លុយ​ជា​ថ្នូរ​ទៅ​នឹង​ការមិន​បង្ហោះ​រូបអាក្រាត ក្រោយ​មក​ក៏​ឃើញ​អ្នកនាង ម៉ៅ ស៊ីណាត បាន​សរសេរ​លើ​ហ្វេសប៊ុក​ខ្លួន​ថា​៖ «​កម្មពៀរ ពិត​ជា​មាន​មែន​!» ហើយ​ក៏​មាន​អ្នក​ចុះ​ផ្សាយ​ពី​ព័ត៌មាន​ខ្លួន​ថា បាន​ជះ​លុយ​រាប់​ម៉ឺន​ដុល្លារ កែសម្ផស្ស​ដើម្បី​ផ្គាប់​ចិត្ត​ស្វាមី​ក្មេង​ក្រោយ​។

តារាចម្រៀង​ស្រី​សំឡេង​ធ្ងន់​ពីរោះ​ជើងចាស់​វ័យ​ល្បាក់ ៤០ ឆ្នាំ អ្នកនាង ម៉ៅ ស៊ីណាត បាន​បញ្ចេញ​ប្រតិកម្ម​នឹង​ការលើក​ឡើង​ខាង​លើ​នោះ​ថា​៖ «​ខ្ញុំ​ទទួល​ស្គាល់​ថា ពិតជា​បាន​កែសម្ផស្ស​មែន​នៅ​ហាង​ឌែម៉ូគ្លីនិក​មែន តែ​យូរ​ឆ្នាំ​ហើយ​គឺ​កាលពី ៥ ​ឆ្នាំ​មុន​ម្ល៉េះ​។ ខ្ញុំ​មិន​និយាយ​ថា​ការកែ​នោះ​អស់​ប្រាក់​ប៉ុន្មាន​ឡើយ តែ​ត្រង់​បែរ​ជា​មាន​ការ​ចុះផ្សាយ​ដូច​ដឹង​ច្បាស់ ដោយ​មិន​បាន​សួរនាំ​ខ្ញុំ​ផង​សោះ ហើយ​អ្វី​ដែល​ខ្ញុំ​អន់ចិត្ត​បំផុត​ចំពោះ​ព័ត៌មាន​ចុះផ្សាយ​ថា ខ្ញុំ​ទៅ​កែសម្ផស្ស ដើម្បី​ផ្គាប់​ចិត្ត​ប្រុស​ក្មេង​។ ខ្ញុំ​ឆ្ងល់​ណាស់​ថា ហេតុអ្វី​គេ​ចាំបាច់​ចុះ​អាក្រក់​អាក្រី​ហួស​ការពិត​ដល់​ម្លឹង​? ​ខ្ញុំ​ឯណា​ទៅ​កែ​សម្រស់ ដើម្បី​ផ្គាប់​ប្រុស​ក្មេង​ហ្នឹង​នោះ​? ពិតជា​ផ្តេសផ្តាស​ពេក​ហើយ​!»​។


តែ​យ៉ាងណា​តារាចម្រៀង​ស្រី​ដែល​ទើប​តែ​មាន​លាភ​លើ​វិថី​សិល្បៈ ក្រោយពី​ជួប​រលក​ព័ត៌មាន​មិន​ល្អ​ផ្ទួនៗ​អ្នកនាង ម៉ៅ ស៊ីណាត ក៏​មិន​បាន​ចាប់​ទោស​អូស​ដំណើរ​ដល់​ការផ្សាយ​ពន្លើស​ការពិត​នោះ​នៅ​ឡើយ​ដែរ គ្រាន់​តែ​សំណូមពរ​ខ្លះ​ដល់​បណ្តា​អ្នក​សារព័ត៌មាន និង​ក្រសួង​ព័ត៌មាន​តែ​ប៉ុណ្ណោះ​។


តារាចម្រៀង​ចង្កេះអង្ក្រង អ្នកនាង ម៉ៅ ស៊ីណាត បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ត​ថា​៖ «​ខ្ញុំ​មិន​ថា​អ្វី​តប​ទេ គ្រាន់​តែ​ចង់​សំណូមពរ​ដល់​បងប្អូន​ជា​អ្នក​សារព័ត៌មាន​ទាំងអស់​ថា មេត្តា​សូម​សួរនាំ​ខ្ញុំ​ផង​ប្រសិន​បើ​ជា​រឿង​ពាក់ព័ន្ធ​នឹង​ខ្ញុំ កុំ​ចុះ​ផ្សាយ​រឿង​មិន​ពិត មិន​ទាន់​ដឹង​ច្បាស់​អី ដែល​ជា​ផលប៉ះពាល់​មិន​ល្អ​ដល់​អ្នកសិល្បៈ ហើយ​ក៏​ធ្វើឲ្យ​អ្នកសិល្បៈ​មួយ​ចំនួន​រអាចិត្ត ឬ​បាក់​ទឹកចិត្ត​ក៏ដោយសារ​តែ​ជាន់ពន្លិច​នោះ​។ ម្យ៉ាង​ទៀត​ក៏​សំណូមពរ​ដល់​ក្រសួង​ព័ត៌មាន​ផង​ដែរ​ថា សូម​មេត្តា​ជួយ​ពិនិត្យ​មើល​ផង​រឿង​ការបង្កើត​ទំព័រ​ព័ត៌មាន​ខ្លះ​ដែល​ហាក់​នៅ​ពុំទាន់​មាន​កម្រិត​វិជ្ជាជីវៈ​នៅ​ឡើយ​ក្នុង​ការចុះផ្សាយ​ព័ត៌មាន ជាពិសេស​ព័ត៌មាន​អ្នក​សិល្បៈ​តែ​ម្តង​»​។


គួរ​រំឭក​ផង​ដែរ​ថា តារាចម្រៀង​ស្រី​ចង្កេះអង្ក្រង អ្នកនាង ម៉ៅ ស៊ីណាត បាន​រៀបការ​ស្រប​ច្បាប់​ជាមួយ​លោក​មេធាវី កា សាវុធ ដែល​ជា​អ្នកការពារ​ក្ដី​ដ៏ល្បីល្បាញ​កាលពី​ដើម​ឆ្នាំ​ ២០០០ និង​បាន​លែងលះ​គ្នា​នា​រយៈពេល​ ៤-៥ ​ឆ្នាំ​ហើយ​៕