ភ្នំពេញៈ ការចូលជាសមាជិកនៃផលិតកម្មថោនមិនដល់ ២ ឆ្នាំផង តារាចម្រៀងប្រុសសំឡេងផ្អែមលោក ម៉ៅ ហាជី អាចមានឱកាសកើបប្រាក់បានសន្ធឹកដោយសារថ្មីៗនេះឃើញលោកបានរៀបចំពិធីជប់លៀងឡើងផ្ទះ និងរថយន្តឡង់គ្រីស័រថ្មីសន្លាងឆ្នាំ ២០១៩ មានក្រុមអ្នកសិល្បៈចូលរួមយ៉ាងកុះករផងដែរ។
តារាចម្រៀងប្រុសដែលមានស្រុកកំណើតនៅខេត្តបាត់ដំបងរូបនេះកំពុងតែធ្វើឲ្យអ្នកគាំទ្រមានការកោតសរសើរកាន់តែខ្លាំងៗ ព្រោះតែកាលពីម្សិលមិញនេះ ស្រាប់តែរូបលោកបានរៀបចំពិធីជប់លៀងឡើងគេហដ្ឋានថ្មីសន្លាងរួមទាំងឡានទំនើបម៉ាកឡង់គ្រីស័រស៊េរីថ្មី ពណ៌សដែលមានតម្លៃមិនទាបជាង ១០ ម៉ឺនដុល្លារនោះទៀតផង។
គេឃើញវត្តមានមិត្តសិល្បៈជាតារាប្រុសស្រីទៅចូលរួមផងដែរមានលោក ប៉ែន ចំរ៉ុង តារាសម្តែង និងពិធីករទូរទស្សន៍លោក ករុណា ពេជ្រ លោក សុគន្ធថេរ៉ាយុ ដែលជាតារាចម្រៀងប្រុសរួមនៅទ្រនំថោន កញ្ញា ដួង ម៉ានិច្ច តារាសម្តែងស្រីកំពុងតែឡើងកូដ កញ្ញា សុវ៉ាត់ឌី ធារីកា តារាចម្រៀងប្រចាំផលិតកម្មមកុដមេឌា និងកញ្ញា ស៊ូ ស៊ីរីកា តារាចម្រៀងស្រីនៅទ្រនំថោន ជាដើម។
កាលពីឆ្នាំ ២០១៧ គ្រាន់តែបានក្លាយជាតារាចម្រៀងពេញមុខពេញមាត់ និងបើកចំហនៃផលិតកម្មថោនភ្លាមនោះតារាចម្រៀងប្រុសដែលគេចាប់អារម្មណ៍ខ្លាំងជាបេក្ខជនប្រឡងចម្រៀងលំដាប់ពិភពលោករដូវកាលទី ១ ឬ Cambodian Idol Season1 ចូលដល់វគ្គផ្តាច់ព្រ័ត្រលោក ម៉ៅ ហាជី ក៏ត្រូវមហាជនសម្គាល់ថាមានការកាក់កប និងហ៊ឺហាខ្លាំងដោយលោកបានដូរឡានពី Highlander តម្លៃជាង ១ ម៉ឺនដុល្លារមកជិះរថយន្តម៉ាក Tundra តម្លៃជាង ៣ ម៉ឺនដុល្លារ។ ខណៈពាក់កណ្តាលឆ្នាំ ២០១៩នេះស្រាប់តែលោកបានដូររថយន្តម៉ាក Tundra តម្លៃជាង ៣ ម៉ឺនដុល្លារមកជិះម៉ាកឡង់គ្រីស័រថ្មីពណ៌សថ្មីសន្លាង ដែលទំនងជាមានតម្លៃក្បែរ ២០ ម៉ឺនដុល្លារឯណោះ។
យ៉ាងណាការឡើងគេហដ្ឋានថ្មីទើបទិញ និងរថយន្តថ្មីរបស់តារាចម្រៀងប្រុស កំពុងតែមានរាសីឡើង ហើយមានឱកាសកើបប្រាក់បានទាំងនៅក្នុងស្រុក និងក្រៅស្រុកលោក ម៉ៅ ហាជី ថាបានចំណាយប្រាក់អស់ប៉ុន្មាននោះក៏មិនមានការបង្ហើបប្រាប់ឲ្យដឹងផងដែរ ដោយសារប្រព័ន្ធទូរស័ព្ទរបស់លោកបានទំនាក់ទំនងចូល តែបែរជាគ្មានអ្នកទទួលទៅវិញ។
កាលពីដូររថយន្តពីមុននោះលោក ម៉ៅ ហាជី តារាប្រុសមាឌមាំ បច្ចុប្បន្នមានវ័យ ២៩ ឆ្នាំបានឆ្លើយដោយមិនលាក់លៀមនឹងការដូរម៉ាករថយន្តពី Highlander មកជិះម៉ាក Tundra ព្រោះតែកាក់កបខ្លាំងនឹងអាជីពជាតារាចម្រៀងមហាជនចូលចិត្តខ្លាំងមិនចាញ់តារាចម្រៀងរលកមុន លោកប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «អូ!ខ្ញុំពិតជាបានដូរម៉ាកឡានមែនបង!ខ្ញុំមិនលាក់ទេព្រោះវាជាកម្លាំងញើសឈាមរកបាន ដោយសារតែការខំប្រឹងខ្លួនឯង គឺនៅសព្វថ្ងៃជិះរថយន្តម៉ាក Tundra មានស៊េរីឆ្នាំ ២០០៧ តែប៉ុណ្ណោះមានតម្លៃ ៣២ ០០០ដុល្លារដែលបានដូរពីរថយន្តមុនម៉ាក Highlander ដែលខ្ញុំបានទិញមានតម្លៃ ១៨-០០០ដុល្លារ»។
តែលោកហាក់ដូចជាបានច្រានចោលទៅនឹងរឿងប្រភពថវិកាដែលរកបានយកទៅដូររថយន្តថ្មីនោះថា៖ «តាមពិតទៅលុយទិញរថយន្តថ្មីនេះមិនមែនទើបតែខ្ញុំបានមកច្រៀងក្នុងផលិតកម្មថោននោះទេ។ ខ្ញុំបានសន្សំពីការងារសិល្បៈដែលចំណាយពេល ១ ឆ្នាំឯណោះគឺឆ្នាំ ២០១៦ នោះគឺជាឆ្នាំដែលខ្ញុំទទួលបានការចាប់អារម្មណ៍បណ្តាក្រុមហ៊ុនរៀបចំកម្មវិធីតន្ត្រីតាមខេត្ត និងរាល់កម្មវិធីមង្គលនានា ដែលបងប្អូនខ្មែរបានស្គាល់ខ្ញុំ ហើយហៅច្រៀងជាហូរហែពេញ ១ ឆ្នាំតែម្តង»៕