ក្រុងប៉ារីស: កសិករ​ចិញ្ចឹម​អយស្ទ័រ​នៅ​ភាគ​ខាងលិច​ប្រទេស​បារាំង​បានរៀបចំ​ពិធី​ជប់លៀង​គ្រឿង​សមុទ្រ និង​បាន​លែង​អយស្ទ័រយក្ស​មួយ​ក្បាល​ទម្ងន់ ១,៤៤ គីឡូក្រាម ចូល​ទឹក​វិញ ក្រោយពី​ដាក់ឈ្មោះ «​ចចហ្គេត​» ដោយ​ផ្ដល់​កិត្ដិយស​ដល់​កម្មករ​ចូលនិវត្ដន៍​ម្នាក់​។


អយស្ទ័រ​ប្រវែង ២៥ សង់ទីម៉ែត្រ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ឃុំ Talmont-Saint-Hilaire ក្នុង​តំបន់ Vendee កាលពី​ថ្ងៃ​សុក្រ​។


អយស្ទ័រយក្ស​សម្បក​រាង​កោង​ដែល​ទើប​តែ​ត្រូវបាន​លែង​ចូល​សមុទ្រ​អាត្លង់ទិក​វិញ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា «​ចចហ្គេត​» ក្រោយពី​កម្មករ​ម្នាក់​ទើប​ចូល​និវត្ដន៍​។


ក្រុម​ការងារ​បាន​ប៉ាន់ប្រមាណ​ថា ចចហ្គេត អាយុ​ចន្លោះ​ពី ១៣ ទៅ ១៥ ​ឆ្នាំ​ដែល​អយស្ទ័រ​សម្រាប់​លក់​លើ​ទីផ្សារ​ជាទូទៅ​លូតលាស់​ប្រវែង ៣ សង់ទីម៉ែត្រ​ក្នុង​មួយ​ឆ្នាំ និង​ត្រូវបាន​ចិញ្ចឹម​ក្នុង​ទឹក​ប្រមាណ ៣ ​ឆ្នាំ​។


លោក ម៉ាធៀ ណាស្លីន ជា​បុគ្គលិក​កសិដ្ឋាន​អយស្ទ័រ Viviers de la Guittiere បាន​និយាយថា​៖ «​យ៉ាងណា​មិញ មើល​តាម​ការលូតលាស់​នៃ​សម្បក​របស់​វា អយស្ទ័រ​អាច​រស់​បាន​ចន្លោះ​ពី ៣៥ ទៅ ៦៥ ឆ្នាំ​»​។


អយស្ទ័រ​យក្ស​ឈ្មោះ ចចហ្គេត អាច​ជា​អាហារ​ដ៏ឆ្ងាញ់​ពិសា តែ​ម្ចាស់​កសិដ្ឋាន​គ្មាន​បំណង​លក់​វា​ឡើយ​។

លោក ណាស្លីន បាន​បន្ដថា​៖ «​មាន​អ្នក​តាម​រក​ទិញ​អយស្ទ័រ​ធំៗ តែ​យើង​សុខចិត្ត​បន្ដ​ឲ្យ​វា​រស់នៅ​។ ខ្ញុំ​គិតថា ហើយ​ហេតុអ្វី​យើង​មិន​ទុក​ឲ្យ​វា​រីក​ធំធាត់​បន្ដ​ទៅ​ទៀត​។ អយស្ទ័រ​នេះ​គឺជា​និមិត្តរូប​មួយ​ដូច្នោះ​ដែរ​»​។

ដោយ​ទទួល​បាន​សំណើរ​សុំ​ទិញ​ពី​មនុស្ស​ ២-៣ ​រូប​ដែរ តែ​លោក ណាស្លីន បាន​បញ្ជាក់​ថា​៖ «​មិន​សម្បូរ​អ្នក​ចង់​ទិញ​វា​ឡើយ តែ​យើង​ក៏​នឹង​មិន​លក់​អយស្ទ័រយក្ស​មួយ​ក្បាល​នេះ​ឡើយ ទោះបី​ជា​គេ​ឲ្យ​ថ្លៃ​ដល់ ៣ ម៉ឺន​អឺរ៉ូ​ក៏ដោយ​»៕ HR