ភ្នំពេញៈ ហាក់ដូចជាមានភាពប្រែប្រួលបន្តិចទៅនឹងសារបង្ហោះតាមហ្វេបស៊ុក របស់លោក ហេង ឡុង ជាម្ចាស់ចិត្តរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ពាក់ព័ន្ទនឹងរឿងចេញមុខជួយអតីតជាគ្រូអគ្គិនេត្រ ដែលល្បីឈ្មោះមួយប្រ៉ាវតាមបណ្តាញសង្គម ខណៈបច្ចុប្បន្នកំពុងជាប់ពន្ធធនាគារនោះ។
ផ្តើមចេញពីការអាណិតអាសូរដល់ក្មេងកំព្រាគឺ គ្រូអគ្គីនេត្រ ទើបបុរសជាអ្នកជំនួញ មុខស្រស់លោក ហេង ឡុង បានបង្ហោះសារមួយសុំយោបល់ពីមហាជនមួយថា៖«តើបងប្អូនគាំទ្រទេ បើខ្ញុំធានាគ្រូអាគីនេត្រចេញពីគុក? មួយជីវិតគាត់មានស្នាដៃតែក្នុងរឿង បណ្តោងឆ្នាំងដី តែប៉ុណ្ណោះ កំព្រាឪពុកម្តាយតាំងមិនទាន់ដឹងក្តីលួចរៀនតាមបង្អួច លោកយាយគាត់បានយំប្រាប់ខ្ញុំហើយ។ បើបាន ៥០០០ share ខ្ញុំនឹងធានាគាត់ចេញ មនុស្សណាក៏ធ្លាប់ខុសដែរ តែសំខាន់មានឳកាសហើយកែខ្លួនរឺអត់?»។
បន្ទាប់ពីឃើញសារ ចង់ធានាខ្លួនគ្រូអគ្គីនេត្រល្បីថាកាប់មិនមុត ដុតមិនឆេះពាក់ពន្ធនឹងរឿងជួញដូរគ្រឿងញៀនពីគណីយហ្វេសប៊ុក លោក ហេង ឡុង ដែលជាគូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា មួយស្របក់មកនោះ ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមទាំងអស់មានការរិះគន់ខ្លាំងផងដែរដល់លោក មានទាំងអ្នកសិល្បៈ និងមហាជន។
ទាក់ទងនឹងរឿងនេះដែរ លោក ហេង ឡុង បានបង្ហើបប្រាប់មកភ្នំពេញប៉ុស្តិ៍តាមទូរសព្ទថា៖«កាលដែលខ្ញុំចង់ជួយនេះគឺដោយសារ ក្នុងនាមខ្លួនជាប្រធានសមាគមតារា គឺត្រូវជួយគ្រប់តារាសិល្បៈទាំងអស់ ថ្វីត្បិតតែគាត់(គ្រូ អគ្គីនេត្រ)បានថតរឿងទើបតែមួយ ក៏មានឈ្មោះថាជាតារាដែរ។ ចឹងគាត់ក៏មានសិទ្ធិក្នុងការទទួលបាន មេធាវីសម្រាប់ដោះស្រាយរឿងក្តី យ៉ាងហោចណាស់ក៏សម្រាលទោសខ្លះ ប្រសិនបើចៅក្រមមិនទាន់ជម្រះក្តីហើយ»។
លោក ហេង ឡុង ក៏បានប្រាប់ពីអារម្មណ៍ដែលលោកត្រូវទទួលរងការរិះគន់មកលើរូបគាត់ដែរថា៖«ប្រហែលជាពួកគាត់គិតថាខ្ញុំនឹងធានាខ្លួន គ្រូអគ្គីនេត្រ ចេញមកភ្លាមៗហើយមើលទៅ ខ្ញុំយល់អារម្មណ៍ពួកគាត់ តែខ្ញុំចង់ប្រាប់ថាខ្ញុំមិនមានអំណាចអីធ្វើអោយមនុស្សជាប់ឃុំ ចេញមកខាងក្រៅឃុំបានទេ គ្រាន់តែចង់ជួយអោយសម្រាលទោសខ្លះប៉ុណ្ណោះ បើសិនជា អគ្គីនេត្រ គាត់ចង់ឲ្យជួយ»។
ដើម្បីកុំឲ្យកាន់តែមានការយល់ច្រឡំ និងមានការរិះគន់កាន់តែខ្លាំងជាងនេះ ពាណិជ្ជករ ព្រមទាំងម្ចាស់ផលិតកម្មភាពយន្តស្នាដៃបំបូងរឿង«បន្តោងឆ្នាំងដី» ជាគូស្នេហ៍អ្នកនាង ចន ចន្ទលក្ខិណា លោក ហេង ឡុង បានបង្ហើបទៀតថា លោកនឹងធ្វើការពន្យល់ដល់មហាជនទាំងអស់នៅថ្ងៃស្អែកនេះ៕