ភ្នំពេញ ក្រោយពីបង្ហោះសារសុំក្តីអាណិតពីមហាជន ដើម្បីស្វែងរកការគាំទ្រសាជាថ្មី ដោយមិនហ៊ានប្រាថ្នាឆាកតន្រ្តីធំ គឺចង់បានតែត្រឹមឆាកត្រន្រ្តីតូចតាចតាមភូមិ ឬនៅស្រុកស្រែចម្ការនោះ ស្រាប់តែមួយសន្ទុះក្រោយមកក៏ឃើញម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ប៊ុត សីហា ប្រកាសក្តែងៗថា លោកលាឈប់ពីអាជីពចម្រៀងផងដែរ។
ចេញពីគណនីហ្វេសប៊ុកខ្លួនផ្ទាល់ ប៊ុត សីហា សរសេរថា៖ «អរគុណបងប្រុស Soklim Reaks Avp ដែលបានឲ្យគេធ្វើបទ និងបាននិពន្ធឲ្យខ្ញុំរួមទាំងបងប្រុស ស៊ីវ ចន្ទ។ អរគុណដល់អង្កការ IKARE នៃសារមន្ទីរមរតកជាតិខ្មែរ ដែលមានបង សេក កុសល នាយក និងបងប្រុស សុខ លីមរក្សា ជាអ្នកសម្របសម្រួលនៅស្រុកខ្មែរ ក្នុងការចំណាយប្រាក់ធ្វើសម្រាប់ខ្ញុំ។ ៥ បទដែល ថតថ្ងៃមិញពិតជាត្រូវចិត្តណាស់។ មុន នឹងខ្ញុំឈប់ច្រៀងខ្ញុំ និងបន្សល់សម្លេងទុកឲ្យពុកម៉ែបងប្អូននៅនឹងអង្កការ IKAREឲ្យបាន២០បទខ្ញុំនឹងឈប់ច្រៀងហើយ។ ហើយពុកម៉ែ បងប្អូន នឹងបានឈប់ដៀលខ្ញុំតទៅទៀត»។
មុននេះបន្តិចតារាចម្រៀងប្រុសម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា មកបង្ហើរសារដូចជាផ្តើមសុំនូវក្តីអាណិតអាសូរពីប្រិយមិត្តគាំទ្រគួរឲ្យភ្ញាក់ផ្អើលសាជាថ្មីម្តងទៀត ក្រោយពីអស់លទ្ធភាពលប់លាងរឿងស្អុយឈ្មោះ ទោះបីមានភ័ស្តុតាងលទ្ធផលភ្ជាប់នឹងឯកសារវេជ្ជសាស្ត្រពិនិត្យទឹកនោម ដែលនឹងលាងជម្រះមន្ទិលសង្ស័យរាងកាយដិតដាមរឿងអាស្រូវប្រើគ្រឿងញៀននោះ។
តារាចម្រៀងម្ចាស់ពាន Voice Cambodia លោក ប៊ុត សីហា ដែលរួមរឹតដោយរឿងអាស្រូវដ៏អាម៉ាសប្រើប្រាស់គ្រឿងញៀនកាលពីចុងខែកុម្ភៈ និងទើបតែមានឱកាសបកស្រាយទម្លាយឯកសារពិនិត្យទឹកនោមគ្មានសារធាតុញៀនកាលពីខែ មីនា ហើយក៏ស្ងាត់ឈឹងកន្លងផុតមកនោះ ឥឡូវស្រាប់តែចេញមកបង្ហើរសារចម្លែកៗជាច្រើន ហាក់ដូចជាចង់បង្ហាញពីចេតនាចង់ព្យាយាមស្វែងរកការគាំទ្រពីមហាជនតាមហ្វេសប៊ុកថា៖ «ជម្រាបសួរបាទ ពុកម៉ែ បងប្អូន ដែលរស់នៅក្នុងស្រុក និងក្រៅស្រុក ខ្ញុំបាទសូមផ្ញើក្តីនឹករឭកពីចម្ងាយផង។ ហើយក៏សូមអភ័យទោសបងប្អូន ដែលស្រឡាញ់រូបខ្ញុំ និងតាមលើកទឹកចិត្តខ្ញុំដែលឆាតមក និងខមមុិន។ ខ្ញុំមិនបានឆ្លើយតបអស់ អភ័យទោសផងបាទ!កុំភ្លេចគាំទ្របទថ្មីខ្ញុំផងបងប្អូនគឺបទ «កូនខុសហើយម៉ែ»។ កូនសន្យាថា នឹងសាងគ្រួសារឲ្យមានស្នាមញញឹមជានិច្ច ហើយផេចខ្ញុំពុំទាន់បានប្តូរឈ្មោះរួចទេ រង់ចាំយូរបន្តិចទើបប្តូរបាន»៕