យក​ចំណេះ​ពី​អូស្ដ្រាលី នារី​ខ្មែរ​មក​ផ្ដល់​ប្រឹក្សា​ជំរុញ​ការ​អប់រំ ​ពិសេស​ជួយ​កុមារ​មាន​ពិការភាព​អូទីសឹម​ឥត​គិត​ថ្លៃ

Content image - Phnom Penh Post
អ្នកនាង សុផាណែត ស្ថាបនិកវេបសាយ និងបណ្ដាញសង្គម​ផ្សព្វផ្សាយ​ចំណេះដឹង​​ពីបញ្ហា​​កុមារ​មានពិការភាព​។ រូបថត សហ​ការី

ភ្នំពេញ៖ ពៃ ប្រសូត​មក​ខុស​ពី​កុមារ​ដទៃ ហើយ​អត្ដចរិត​មិន​ប្រក្រតី​នេះ កុមារី​រូប​នេះ​ត្រូវ​បាន​ជឿ​ថា មាន​បញ្ហា​ផ្នែក​ផ្លូវ​ងងឹត និង​គួរ​តែ​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​ប្រើ​ថ្នាំ​បុរាណ ឬ​គ្រូមន្តអាគម។

កុមារី​ត្រូវ​បាន​នាំ​ទៅ​ជួប​គ្រូ​មន្តអាគម និង​ទទួល​ការ​ព្យាបាល​ដោយ​ទទួលទាន​ថ្នាំ​បុរាណ បើ​ទោះបី​ជា​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​កាល​ពី​អាយុ ៣ ឆ្នាំ​យ៉ាង​ណា​ក៏​ដោយ។

ឆ្លើយ​តប​នឹង​ជំនឿ​ខ្លះ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ជួយ​យឺត​យ៉ាវ Special Education Cambodia (SEC) ជា​វេបសាយ​មួយ​ក្នុង​ចំណោម​វេបសាយ​តិច​តួច​នៅ​ប្រទេស​កម្ពុជា ​ត្រូវ​បាន​បង្កើត​ឡើង។

វេបសាយ និង​បណ្ដាញ​សង្គម​នេះ​មាន​បំណង​ផ្សព្វផ្សាយ និង​ចែករំលែក​ចំណេះដឹង​ដល់​ឪពុកម្ដាយ និង​ពលរដ្ឋ​ខ្មែរ​អំពី​បញ្ហា​កុមារ​មាន​ពិការភាព​ផ្សេង។

អ្នកនាង ហេង សុផាណែត ជា​ស្ថាបនិក SEC បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍​ថា៖ «ខ្ញុំ​ចាប់​ផ្ដើម​បង្កើត​វា​ដោយសារ​បញ្ហា​យល់​ច្រឡំ និង​ការ​ទទួល​ព័ត៌មាន​មិន​ច្បាស់​ដែល​មនុស្ស​មួយ​ចំនួន​គិត​លើ​កូន​មាន​តម្រូវការ​ពិសេស និង​ស្ថានភាព​របស់​ពួក​គេ»។

អ្នកនាង​និយាយ​ថា អ្នក​ខ្លះ​ជឿថា កុមារ​ដែល​ត្រូវ​ការ​ការ​អប់រំ​ពិសេស ជា​ពិសេស​កុមារ​អូទីសឹម អាច​ត្រូវ​បាន​ព្យាបាល ឬ​ជួយ​ឱ្យ​ឆាប់​វិល​មក​កាន់​ប្រក្រតីភាព​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​បុរាណ រៀបចំ​ពិធី​សាសនា ម្សៅ​ទឹកដោះគោ ឬ​ថែម​ទាំង​ប្រើ​វិធីសាស្ដ្រ​សាមញ្ញៗ ដូចជា​បញ្ឈប់​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ជាដើម។

ស្ថាបនិក SEC ដែល​បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​អប់រំ​ពិសេស​ពី​សាកលវិទ្យាល័យ ​Flinders University ប្រទេស​អូស្ដ្រាលី និង​មាន​បទពិសោធ​ក្នុង​វិស័យ​នេះ ៨ ឆ្នាំ បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​បាន​ឮ និង​ឃើញ​ពី​ការ​លំបាក​របស់​ឪពុកម្ដាយ​ដែល​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​ដុល្លារ​លើ​កិច្ច​អន្ដរាគមន៍​ខុស​ឆ្គង។ ពួក​គេ​រំពឹង​ថា ថ្ងៃ​ណា​មួយ​កូន​របស់​ខ្លួន​នឹង​ជា​សះស្បើយ​ដូច​ក្មេង​ធម្មតា ដោយ​មិន​បាន​ជួយ​ឱ្យ​បាន​ត្រឹមត្រូវ និង​ទទួល​យក​ការ​ពិត»។

អ្នកនាង​បាន​បន្ដ​ថា៖ «ខ្ញុំ​គិត​ថា វា​សំខាន់​ណាស់​ដែល​ខ្ញុំ​អាច​ក្លាយជា​ប្រភព​ព័ត៌មាន​សម្រាប់​ឪពុកម្ដាយ និង​អាណាព្យាបាល​អាច​ឆាប់​យល់ និង​ងាយ​ស្រួល»។

អ្នកនាង​ផ្ដោត​លើ​ការ​ផ្ដល់​ចំណេះដឹង​តាមរយៈ​ការ​បណ្ដុះបណ្ដាល​គ្រូ និង​ឪពុកម្ដាយ​ដែល​មាន​បំណង​សិក្សា​ពី​ការ​អប់រំ​ពិសេស ក៏​ដូចជា​ផ្ដល់​ប្រឹក្សា​តាម​អនឡាញ និង​ទូរស័ព្ទ​ដោយ​ឥតគិតថ្លៃ។

អូទីសឹម​មិន​អាច​ព្យាបាល​តាម​បែប​អបិយ​ជំនឿ​ឡើយ តែ​ក៏​មិន​អាច​ប្រើ​ឱសថ​ផង​ដែរ។ នោះ​ជា​មូល​ហេតុ​ដែល​ឪពុកម្ដាយ​តែងតែ​សាកសួរ​អ្នក​ជំនាញ​ថា តើ​កូន​របស់​ខ្លួន​នឹង​ក្លាយ​ជា​កុមារ​ប្រក្រតី​ឬទេ?

អ្នកនាង សុផាណែត បាន​ឱ្យ​ដឹង​ថា៖ «អត់​មាន​ថ្នាំ​ព្យាបាល និង​វិធី​ឆាប់​ជា​សះស្បើយ​ដូច​ជំងឺ​ឡើយ។ ខ្ញុំ​មិន​ច្បាស់​អំពី​ការ​ព្យាបាល​នៅ​ពេល​អនាគត​ឡើយ តែ​ពេល​នេះ អូទីសឹម ​គឺ​ជា​ពិការភាព ១ ប្រភេទ»។

Content image - Phnom Penh Post
ការ​បង្ហាញសកម្មភាព​ចាប់​កាន់​សរសេរលើ​ទំព័រ​ហ្វេសប៊ុក SEC​។ រូបថត សហ​ការី

ពិការភាព ​គឺ​ជា​ស្ថានភាព​មួយ​ដែល​កំហិត​សមត្ថភាព​បុគ្គល​ម្នាក់​ក្នុង​ការ​ធ្វើ​អ្វី​មួយ ដូចជា​បញ្ហា​ពិការភ្នែក​ជា​ដើម។ អ្នក​មាន​បញ្ហា​ពិការ​ភ្នែក មាន​វិធីសាស្ដ្រ​ច្រើន​ក្នុង​ការ​រៀន​ ដើម្បី​បន្ដ​ជីវិត​រស់​ទៅ​មុខ​ទៀត។ មិន​ខុស​អី​ពី​កុមារ​អូទីសឹម​ឡើយ។

អ្នកនាង​បាន​បន្ដ​ថា៖ «សកម្មភាព​ប្រចាំ​ថ្ងៃ ការ​ទំនាក់ទំនង​សង្គម និង​ចិត្ដ​វិទ្យា​អាច​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង និង​ការ​រស់នៅ​ចុះ​សម្រុង​ក្នុង​សង្គម»។

ផ្ដើម​ពី​ការ​លេង​ហ្គេម​ធម្មតាៗ​ក្នុង​ការ​ពង្រឹង​កម្លាំង​ដៃ ជំនាញ​ចលនា​តូច សកម្មភាព​ទម្លាប់ និង​ការ​រំញោច​ញាណ​រហូត​ដល់​ការ​ឆ្លើយ​សំណួរ​របស់​ឪពុក​ម្ដាយ អ្នកនាង សុផាណែត បាន​ព្យាយាម​ផ្ដល់​ព័ត៌មាន​ដ៏​ចាំបាច់​ដែល​ឪពុកម្ដាយ​អាច​អនុវត្ដ​នៅ​ផ្ទះ​ជាមួយ​កូន។

ថ្វី​ដ្បិតតែ ពៃ មិន​ស្ថិត​នៅ​ក្នុង​កុមារ​ទទួល​ចំណេះដឹង​ពី SEC យ៉ាងណា​ក៏​ដោយ ក៏​កុមារី​នេះ​ទទួល​បាន​ការ​អប់រំ​ពិសេស​ពី​សាលារៀន​មួយ​ចំណោម​សាលា​ដ៏​តិច​តួច​នៅ​កម្ពុជា។

មុន​ពេល​បិទ​ទ្វារ​ដោយសារ​តែ​វិបត្ដិ​កូវីដ ពៃ អាយុ ៩ ឆ្នាំ ជា​កូនស្រី​ច្បង​របស់​ប្ដី​ប្រពន្ធ​ធ្វើការ​ក្រុមហ៊ុន​ឯកជន ជា​សិស្ស​ប្រចាំ​នៅ​សាលារៀន​អប់រំ​ពិសេស​នៃ​ការ​លូតលាស់ ជា​សាលា​សប្បុរសធម៌​ឧបត្ថម្ភ​ដោយ​ព្រះវិហារ​កាតូលិក និង​ឪពុកម្ដាយ​ផ្ទាល់។

អង្គការ​ជំនួយ​នៃ​ក្ដី​សង្ឃឹម​សម្រាប់​សហគមន៍ (HHC) ជា​ឧទាហរណ៍​មួយ​ផ្សេង​ទៀត​នៃ​ការ​អប់រំ​ពិសេស​នៅ​កម្ពុជា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អប់រំ​កុមារ​មាន​ពិការភាព​ទាំង​នេះ។

អ្នកនាង សុផាណែត បាន​និយាយ​ថា៖ «លោក ចាន់ សារិន ជា​នាយក​អង្គការ HHC បាន​និង​កំពុង​ធ្វើ​ការ​ជាមួយ​អង្គការ​ជាតិ និង​អន្ដរជាតិ ដើម្បី​បង្កើត​គោលនយោបាយ​អប់រំ​សម្រាប់​កុមារ​ត្រូវ​ការ​ការ​អប់រំ​ពិសេស​ដោយ​អាស្រ័យ​លើ​កម្មវិធី​សិក្សា​របស់​កម្ពុជា និង​ផ្សព្វផ្សាយ​ចំណេះដឹង​តាមរយៈ​មធ្យោបាយ​នានា​ទៅ​ដល់​ពលរដ្ឋ​កម្ពុជា»។

Content image - Phnom Penh Post
កុមារី ​ពៃ រៀន​នៅ​ផ្ទះ​ជាមួយ​ជីដូនរបស់នាង​។ រូបថត សហ​ការី

អ្នកនាង​បាន​និយាយ​ដោយ​សំអាង​លើ​ទិន្នន័យ​ពី HHC ថា យោងតាម​ទិន្នន័យ​ចុងក្រោយ​ដែល​ប្រមូល​បាន​កាល​ពី​ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ មាន​កុមារ​អូទីសឹម​ប្រមាណ ១ ១៥៨ នាក់ ហើយ​ចំនួន​នេះ​ដែល​ធ្វើ​ការ​ស្រាវជ្រាវ​ត្រឹម ៦ ខេត្ដ នឹង​បន្ដ​ឡើង​រហូត​ដល់ ២ ម៉ឺន​នាក់ នា​ឆ្នាំ​នេះ។

ដើម្បី​ជួយ​កូន​រៀន​នៅ​ផ្ទះ ឪពុកម្ដាយ​ត្រូវ​មាន​ចិត្ដ​អត់ធ្មត់ ទទួល​យក​ការ​ពិត និង​មាន​ភាព​ជឿជាក់​ចំពោះ​ការ​អន្ដរាគមន៍។

លើស​ពី​នេះ ត្រូវ​បញ្ជូន​កូន​ទៅ​កាន់​សាលា​អប់រំ​ពិសេស​តាំង​ពី​ក្មេង​វ័យ​ឱ្យ​បាន​ឆាប់​បំផុត។

អ្នកនាង សុផាណែត បាន​និយាយ​ដោយ​បាន​ដកស្រង់​សម្ដី​លោក សារិម ថា៖ «ឪពុក​ម្ដាយ​គួរ​តែ​បញ្ជូន​កូន​មាន​អូទីសឹម​ទៅ​សាលា​អប់រំ​ពិសេស​នៅ​មុន​អាយុ ៤ ឆ្នាំ ឬ​ត្រឹម ៣ ឆ្នាំ»។

ឪពុកម្ដាយ​ក៏​គួរ​តែ​ឱ្យ​កូន​ចូលរួម​សកម្មភាព​ផ្សេងៗ​នៅ​ក្នុង​ការ​រៀន​ពី​បរិស្ថាន​ជុំវិញ​ខ្លួន។

អ្នក​ជំនាញ​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ពី​ប្រទេស​អូស្ដ្រាលី ​រូប​នេះ បាន​អះអាង​ថា ពួក​គេ​ក៏​ត្រូវ​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​សាលារៀន​ដោយសារ​តែ​ការ​ពាក់ព័ន្ធ​របស់​ឪពុកម្ដាយ​ពិត​ជា​ចំណែក​ដ៏​សំខាន់​សម្រាប់​ការ​អប់រំ​ពិសេស។

សម្រាប់​ព័ត៌មាន​លម្អិត​ពី​ការ​ស្វែង​យល់​លើ​ចំណេះដឹង​កុមារ​ពិការភាព ជា​ពិសស​កុមារ​អូទីសឹម សុំចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក @SpecialEducationCambodia និង​វេបសាយ www.specialeducationcambodia.com/

ព័ត៌មានថ្មីៗ