ភ្នំពេញៈ ជា​អ្នកសិក្សា​ស្រាវជ្រាវ និង​បាន​រើកកាយ​មក​វិញ​នូវ​ខ្សែភាពយន្ត​ខ្មែរ​ជាច្រើន​ដែល​បាន​បាត់បង់​ក្នុង​អតីតកាល​ពេល​នេះ​ក្រុម​ព្រះសូរិយា​បាន​ដំណើរការ​ការងារ​របស់​ខ្លួន​ប្រមាណ​ជាង ១០ ​ឆ្នាំ​រួច​មក​ហើយ ដោយ​ទទួល​បាន​សមិទ្ធផល​ជាច្រើន​ដូចជា​ការរកឃើញ​នូវ​រូបថត​សិល្បករ ប្រវត្តិរូប​សិល្បករ​ខ្មែរ ខ្សែ​ភាពយន្ត​ខ្មែរ​មួយ​ចំនួន និង​បាន​រៀបចំ​កម្មវិធី​មហោស្រព​ភាពយន្ត​ជាច្រើន​លើក​នៅ​តាម​បណ្តា​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស​។


មុន​នឹង​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​ការស្រាវជ្រាវ​នូវ​ភាពយន្ត​ខ្មែរ​នាសម័យ​មុន​លោក យាង វណ្ឌី ប្រធាន​ក្រុម​ព្រះសូរិយា​បាន​បញ្ជាក់​ប្រាប់​ឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា​លោក​បាន​ចាប់​អារម្មណ៍​រឿង​នេះ​តាមរយៈ​ការនិទាន​របស់​ម្តាយ​លោក​កាលពី​លោក​នៅ​កុមារភាព​។


លោក​បាន​តំណាល​ថា​៖ «​កាលពី​ខ្ញុំ​នៅ​ក្មេង​ក្រោយ​បែក​ពី​របប​ខ្មែរក្រហម​គ្រួសារ​ខ្ញុំ​អត់​មាន​អី​មើល​ទេ​អត់​មាន​ទូរទស្សន៍​អី​ទេ អ៊ីចឹង​ឲ្យ​តែ​ពេល​ញាំ​បាយ​ជុំ​គ្នា​ពេល​ល្ងាច​គឺ​ម៉ាក់​គាត់​តែងតែ​និយាយ​រឿង​កាលពី​គាត់​នៅ​ក្មេង​ឲ្យ​ស្តាប់ ហើយ​រឿង​គាត់​លួច​ទៅ​មើល​កុន​ជាមួយ​បងៗ​ម៉ាក់​ចូលចិត្ត​សរសើរ​ថា តួកុន ឌី សាវ៉េត ស្អាត​ណាស់​។ ម៉ាក់​ថា​គាត់​ជា​តារា​ទឹកភ្នែក​ពូកែ​យំ ហើយ​តួកាច​ឆ្នាសឆ្នើម​ហ្នឹង​តួ សាក់ ស៊ីស្បោង​។ កុន​ពី​ដើម​ល្អ​មើល​ណាស់​ពេល​មើល​ម្តងៗ​ហាក់បី​ដូចជា​យើង​កំពុង​ជួប​ផ្ទាល់​​អ៊ីចឹង ធ្វើឲ្យ​គាត់​ចងចាំ​ពួកគាត់​ក្នុង​ហ្នឹង​»​។


លោក​បាន​រៀបរាប់​ទៀត​ថា​៖ «​នៅ​អំឡុង​ឆ្នាំ​ ១៩៧០ ពេល​ម្ដាយ​ខ្ញុំ​មាន​វ័យ​ប្រមាណ ៨ ​ឆ្នាំ​ឲ្យ​តែ​មាន​ខ្សែភាពយន្ត​ខ្មែរ​ថ្មី​ចេញ​បញ្ចាំង​ម្តងៗ គាត់​តែងតែ​ទៅ​លួច​មើល​ជាមួយ​បងៗ ដោយសារ​តែ​ពេល​នោះ​គាត់​នៅ​ក្មេង​មាន​មាឌតូច គាត់​តែងតែ​ប្រជ្រៀត​ខ្លួន និង​ត្បុល​ខ្លួន​បាន​ចូល​ទៅ​ក្នុង​រោងកុន​ជានិច្ច​ដោយ​មិន​ចាំបាច់​ទិញ​សំបុត្រ​នោះ​ឡើយ​»​។


លោក យាង វណ្ឌី បាន​បន្ត​ថា​៖ «​ពេល​នោះ​ម៉ាក់ប៉ា​គាត់​មិន​អនុញ្ញាត​ឲ្យ​កូន​ទៅ​មើល​កុន​ទេ​តែ​ម៉ាក់​នៅ​តែ​ទៅ​លួច​មើល​ព្រោះ​គាត់​ស្រឡាញ់​ចូលចិត្ត​កុន​ខ្មែរ ប៉ុន្តែ​ពេល​ខ្លះ​ចេញ​ពី​មើល​កុន​យប់​ពេក​មក​ដល់​ផ្ទះ​ក៏​ត្រូវ​យាយ​តា​វាយ​ក៏​មាន​តែ​ម៉ាក់​នៅ​តែ​ឆ្លៀត​ទៅ​លួច​មើល​»​។


ទិដ្ឋភាព​នៅ​រោងកុន​មាន​មនុស្ស​ច្រើន​អ៊ូអរ​ណាស់​ពេល​លក់​សំបុត្រ​ម្តងៗ​។ មនុស្ស​នាំ​គ្នា​ប្រជ្រៀត​គ្នា​ដណ្តើម​ទិញ​សំបុត្រ​។ ជួន​ពេល​ខ្លះ​គឺ​អស់​សំបុត្រ ធ្វើ​ឲ្យ​អ្នក​ខ្លះ​ខកបំណង​មិន​បាន​មើល​រឿង​ថ្មី​ច្រើន​ណាស់​។ រីឯ​នៅ​ខាង​ក្នុង​រោងកុន​គឺ​មាន​របៀប​រៀបរយ​ល្អ​។

យោងតាម​បទពិសោធ​ម្ដាយ​របស់​លោក បើ​យើង​មើល​ដល់​មាន​សាច់រឿង​យំ​គេ​នឹក​ដល់​អ្នកស្រី ឌី សាវ៉េត​។ ចំណែក​តួ​វាយ​គ្នា​គេ​នឹក​ដល់​លោក ជា យុទ្ធថន ហើយ​បើ​តួកាច​គេ​នឹក​ដល់​អ្នកស្រី សាក់ ស៊ីស្បោង​។ សម័យ​នោះ​គឺ​ប្រជាជន​ខ្មែរ​ច្រើន​យក​ស្ទីល​លេង​ខ្លួន​តាម​តារា​កុន​។ សូម្បី​តែ​មក​ដល់​សម័យ​ឥឡូវ​អ្នក​និយម​ចូលចិត្ត​ទស្សនា​កុន​ពី​ដើម​ក៏​នៅ​តែ​លេង​ស្ទីល​តែង​ខ្លួន​តាម​ពួកគាត់​ដដែល​។

នៅពេល​តារា​កុនខ្មែរ​ល្បីៗ​មាន​វត្តមាន​នៅ​តាម​ទី​សាធារណៈ​ម្តងៗ​គឺ​មាន​ប្រជាជន​ចោមរោម​មើល​យ៉ាង​ច្រើន ហាក់​បង្ហាញ​ថា​វិស័យ​សិល្បៈ​កុន​ខ្មែរ​មាន​តម្លៃ​ណាស់ និង​ទទួល​បាន​ការស្រឡាញ់​ចូលចិត្ត​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។

ដោយ​បាន​ស្តាប់​ពី​ការរៀបរាប់​របស់​អ្នក​ម្តាយ​តាំងពី​ខ្លួន​នៅ​ក្មេង យុវជន យាង វណ្ឌី បាន​ចាប់ផ្តើម​ដក់​គំនិត​ជាប់​ខ្សែភាពយន្ត​ខ្មែរ​ពី​ជំនាន់​មុន និង​ចាប់ផ្តើម​ចង់​ដឹង​ថា​កុន​ខែ្មរ​នាសម័យ​នោះ​មាន​ភាពល្បីល្បាញ​អស្ចារ្យ​ប៉ុនណា​?

ជួន​ជា​ចៃដន្យ​នៅ​អំឡុង​ឆ្នាំ ២០១៣ បន្ទាប់ពី​លោក យាង វណ្ឌី បាន​មក​ធ្វើការ​ជា​អ្នក​ក្រឡុក​ស្រា​នៅ​តាម​ភោជនីយដ្ឋាន​នាទី​ក្រុង​ភ្នំពេញ​លោក​ក៏​បាន​ជួប​ជាមួយ​នឹង​សមាជិក​ក្រុម​ព្រះសូរិយា​ដែល​បាន​នាំ​យក​រឿង សព្វសិទ្ធ មក​ចាក់​បញ្ចាំង​។ ពេល​នោះ​លោក​ក៏​បាន​ចូល​ជា​សមាជិក​ក្រុម​ព្រះសូរិយា និង​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ព្រះសូរិយា​រហូត​មក​ដល់​សព្វថ្ងៃ​។

ប្រធាន​ក្រុម​ព្រះសូរិយា​រូប​នេះ​មិន​ត្រឹម​តែ​ធ្វើការ​ស្រាវជ្រាវ​តែ​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ​លោក​ក៏​បាន​បន្ត​ធ្វើការ​រុករក​ឯកសារ​នៅ​បណ្តា​ប្រទេស​ជិតខាង​ផង​ដែរ​។

ទៅ​ថ្ងៃ​អនាគត​ប្រធាន​ក្រុម​ព្រះសូរិយា​រូប​នេះ​មាន​បំណង​ប្រាថ្នា​ចង់​បង្កើត​កន្លែង​មួយ​សមរម្យ ដើម្បី​ថែរក្សា​ទុក​នូវ​ឯកសារ​ដែល​បាន​ស្រាវជ្រាវ​នាពេល​កន្លង​មក​ដូចជា​ហ្វីល​ កាសែត រូបភាព Poster និង​ឯកសារ​មួយ​ចំនួន ធ្វើ​យ៉ាងណា​ឲ្យ​ប្រភព​ឯកសារ​ទាំងអស់​នៅ​មាន​ជីវិត និង​ជា​កន្លែង​សម្រាប់​អ្នក​ចង់​សិក្សា​ស្រាវជ្រាវ​ពី​ខ្សែភាពយន្ត​ខ្មែរ​ផង​ដែរ​៕