ភ្នំពេញ៖ ទិវា​ជ័យជម្នះ​ ៧ មករា ទើប​តែ​បញ្ចប់​ទៅ ប៉ុន្ដែ​មិនមែន​មាន​ន័យ​ថា ស្លាកស្នាម​ខ្មៅ​ងងឹត​ត្រូវ​បាន​រលុប​ស្អាត​អស់​ពី​​ការ​ចងចាំ​របស់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​នោះ​ទេ​​។


ឥទ្ធិពល​សង្គ្រាម​មិន​ត្រឹមតែ​តាម​​​លង​បន្លាច​​​ផ្លូវ​កាយ ​​និង​ផ្លូវ​ចិត្ដ​ នោះ​ទេ វា​​​ថែម​ទាំង​ជះ​ចំហាយ​ដល់​អ្នក​ជំនាន់​ក្រោយ​​ដូចជា​លោក កៅ សុខម៉ៅ​ ដែល​បាន​សម្រេច​លាត​ត្រដាង​វិបត្ដិ​ផ្លូវ​ចិត្ដ​ត​ជំនាន់​កើត​ឡើង​ក្រោយ​សង្គ្រាម​អំពី​ជីវិត​ខ្លួន​ឯង​​តាមរយៈ​​សៀវភៅ «Black» ហើយ​ក៏​​ជា​សំណេរ​​បាន​ជួយ​សង្គ្រោះ​​​​ជីវិត​លោក​ផង​ដែរ​។

លោក សុខម៉ៅ ជា​បុគ្គលិក​នៅ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​ខ្ញុំ​មិន​គិត​ថា មាន​នរណា​អាច​ព្យាបាល​​ជំងឺ​ផ្លូវ​ចិត្ដ​នោះ​ទេ យើង​គ្រាន់​តែ​រៀន​រស់​ជាមួយ​​វា។ នៅ​អាយុ ២១ ​ឆ្នាំ ជំងឺ​ផ្លូវ​ចិត្ដ​ជា​មូលហេតុ​មួយ​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ដ និង​ថប់​បារម្ភ​ហើយ​ជំងឺ​ទាំង​នេះ​ធ្វើ​ឱ្យ​​ខ្ញុំ​ក្លាយ​​ជា​មនុស្ស​នា​ពេល​នេះ​»។


លោក​បាន​លើក​ប៊ិច​ឡើង និង​ចាប់​ផ្ដើម​នឹក​ពី​រឿង​អតីត​នូវ​ការ​ចងចាំ​មិន​ល្អ​ ដែល​ទាំង​មាន​ទាំង​ការ​ប្រមាថ និង​ក្ដី​ស្រឡាញ់​ ក៏​ដូច​ជា​បញ្ហា​របស់​ក្មេង​ប្រុស​ម្នាក់​។


លោក​បាន​និយាយ​ថា​៖ «ការ​​សរសេរ​ប្រៀប​ដូច​អ្វី​ដែល​ខ្ញុំ​បាន​​ធ្វើ​ដំណើរ​ទៅ​កុមារភាព ជា​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​គិត​ថា ខ្ញុំ​អាច​ឆ្លង​កាត់​បាន​នោះ​ទេ​។ ខ្ញុំ​ហាក់​មាន​អារម្មណ៍​ថា ខ្ញុំ​ឈប់​រត់ និង​ចាប់​ផ្ដើម​ក្រឡេក​មើល​អតីតកាល​។ ទោះ​យ៉ាង​ណា វា​ធ្វើ​ឱ្យ​ខ្ញុំ​ចំណាយ​ពេល​ ២៣ ​ឆ្នាំ ​​ដើម្បី​ឈាន​ដល់​ចំណុច​ទទួល​បាន​ការ​លើក​ទឹកចិត្ដ​»។


សៀវភៅ​អំពី​ការ​ចងចាំ​ ២៤៣​ ​ទំព័រ ​​Black ជា​ចំណង​ជើង​យក​តាម​​​លំនាំ​ឈ្មោះ ដែល​ម្ដាយ​លោក​បាន​ដាក់​ឈ្មោះ​ឱ្យ​ ជា​ទណ្ឌកម្ម​នឹង​ការ​ចាប់​កំណើត​។ ក្នុង​ឆ្នាំ ​១៩៩៤ លោក សុខម៉ៅ បាន​​កើត​ក្នុង​គ្រួសារ​សែស្រឡាយ​​ចិន​ នៅ​ខេត្ដ​រតនគិរី ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។

លោក​ជា​កូន​ប្រុស​របស់​ឪពុក​​ម្ដាយ​រៀបការ​តាំង​ពី​វ័យ​ក្មេង​ និង​ពុះពារ​ក្នុង​ជីវភាព​ក្រីក្រ​។ ឪពុក​ម្ដាយ​តែងតែ​ទុក​រូប​​លោក​នៅ​ជាមួយ​តា​យាយ​ ពេល​ពួក​គេ​ត្រូវ​ប្រកប​របរ​ចិញ្ចឹម​​ជីវិត​នៅ​ជាយ​ម្ខាង​ទៀត​នៃ​ប្រទេស​។ ជីវិត​ សុខម៉ៅ បាន​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ឥត​ស្រាកស្រាន្ដ​ទម្រាំ​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​បរទេស​ ក្រោម​គំនាប​ដ៏​តឹងរ៊ឹង​របស់​គ្រួសារ និង​បញ្ហា​​សេដ្ឋកិច្ច​។

លោក សុខម៉ៅ ដែល​ជា​មន្ដ្រី​ផ្នែក​ពាណិជ្ជកម្ម​ជាន់​ខ្ពស់​នៅ​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្ដរជាតិ​នៃ​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ​បាន​ប្រាប់​​ថា​៖ «​គ្រប់​កំហុស​ដែល​បាន​កើត​ឡើង​ស្មើ​នឹង​រំពាត់​វាត់​លើ​រាង​កាយ​អាក្រាត​ក្រោម​ក្រសែ​ភ្នែក​អ្នក​ដទៃ​ ហើយ​រាល់​ការ​ត​មាត់​ តែងតែ​ទទួល​នូវ​កំផ្លៀង​»។

ពេល​នេះ លោក សុខម៉ៅ អាយុ ២៧ ​ឆ្នាំ បាន​និយាយ​ថា ឪពុក​ម្ដាយ​របស់​លោក​ក៏​មាន​ជោគ​វាសនា​មិន​ខុស​គ្នា​ដែរ​។ ការ​​រស់នៅ​ក្នុង​សម័យ​សង្គ្រាម ជីដូន​​របស់​លោក​បាន​ហាម​ឃាត់​​អ្នក​ម្ដាយ​ទៅ​រៀន​ និង​បង្ខំ​ឱ្យ​ជួយ​រក​លុយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ តាំង​ពី​នៅ​ក្មេង​ខ្ចី​។

សៀវភៅ Black រំលេច​រឿងរ៉ាវការ​ចងចាំ និង​វិបត្តិ​​ជំងឺផ្លូវចិត្ដត​ជំនាន់ពីឪពុកម្ដាយ​ទៅ​កូន​។ រូបថត សហ​ការី

លោក​អះអាង​ថា​៖ «​គាត់​ត្រូវ​បាន​បង្ខំ​ឱ្យ​រៀបការ​ទាំង​នៅ​ក្មេង​ និង​​ត្រូវ​បីបាច់​កូន​ដោយ​​​ខ្លួន​ឯង។ សម្ពាធ​ទាំង​​​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ដ​បាន​គាប​សង្កត់​លើ​ជំនាន់​របស់​ម្ដាយ​ខ្ញុំ​តាំង​ពី​ក្មេង​វ័យ​។ វា​ក្លាយ​ជា​ដំបៅ​ត​ជំនាន់​ ដែល​ពួក​គេ​មិន​បាន​ដឹង​ខ្លួន​។ ដូច្នេះ ពួក​គេ​បន្ដ​ចិញ្ចឹម និង​ប្រៀនប្រដៅ​កូន​តាម​លំនាំ​តែ​មួយ​»។

លោក​បន្ដ​ថា អំពើ​ហិង្សា​ទាំង​នេះ​បាន​អូស​ទាញ​រូប​លោក​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ជំងឺ​ធ្លាក់​ទឹក​ចិត្ដ​តាំង​ពី​វ័យ​ក្មេង និង​ថែម​ទាំង​រុញ​ច្រាន​ទៅ​ក្បែរ​រណ្ដៅ​អត្ដឃាត​។ ខណៈ​ជំងឺ​ផ្លូវ​ចិត្ដ​នៅ​តែ​ជា​ប្រធានបទ​រសើប​ក្នុង​សង្គម​ខ្មែរ និង​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ករណី​ធ្ងន់ធ្ងរ ពលរដ្ឋ​ភាគ​​ច្រើន​បាន​រង​នូវ​បញ្ហា​ផ្លូវ​ចិត្ដ​យ៉ាង​តិច​មួយ​ប្រភេទ​។

លោក សុខម៉ៅ បាន​ដក​ស្រង់​របាយការណ៍​អង្គការ TPO ដែល​បាន​សរសេរ​ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ ៤០​ ភាគរយ​ទទួល​រង​នូវ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ដ​ និង​វិបត្ដិ​ផ្លូវ​ចិត្ដ​។

លោក​បាន​ប្រាប់​ថា​៖ «វិបត្ដិ​ផ្លូវ​ចិត្ដ​ត​ជំនាន់​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កុមារ​តាំង​របៀប​ជា​ច្រើន ហើយ​ករណី​មួយ​ចំនួន​ បាន​បង្ក​ឱ្យ​ប៉ះពាល់​​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ដ។ ធំធាត់​ក្នុង​គ្រួសារ​ដែល​ប្រើ​ច្បាប់​វិន័យ​តឹងរ៉ឹង កូន​ៗ​អាច​ក្លាយ​ជា​មនុស្ស​កោងកាច ឬ​ស្ងប់ស្ងាត់​»។

យុវជន​រូប​នេះ​បាន​បន្ទោស​លើ​​សង្គ្រាម​ស៊ីវិល ដែល​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ឪពុក​ម្ដាយ​ដោយសារ​មនុស្ស​ជា​ច្រើន​មាន​ជំងឺ​បាក់​ស្បាត​ ព្រមទាំង​ប៉ះពាល់​ដល់​ការ​អប់រំ និង​សេដ្ឋកិច្ច​គ្រួសារ​ថែម​ទៀត​។

លោក​អះអាង​ថា​៖ «​ខ្ញុំ​គិត​ថា បើ​គ្មាន​សង្គ្រាម ខ្ញុំ​ប្រហែល​ជា​ត្រូវ​បាន​ចិញ្ចឹម​បែប​ផ្សេង ហើយ​​ឪពុកម្ដាយ​ខ្ញុំ​ក៏​ប្រហែល​ជា​ប្រើ​វិធី​ប្រដៅ​កូន​បែប​ផ្សេង​។ លទ្ធផល​ភាគ​ច្រើន​ចេញ​ពី​ភាព​ក្រីក្រ និង​ខ្វះ​ការ​អប់រំ​»។

លោក សុខម៉ៅ ចាប់​ផ្ដើម​​​ប្រែ​ក្លាយ​ការ​ឈឺ​ចាប់​ទៅ​ជា​ពាក្យ​ពេចន៍​ក្នុង​សៀវភៅ​​ ដែល​លោក​បាន​សម្រេច​​បោះពុម្ព​ក្នុង​ក្ដី​រំពឹង​ផ្សព្វផ្សាយ​សារ និង​ចំណេះដឹង​អំពី​ជំងឺ​ផ្លូវ​ចិត្ដ​នៅ​កម្ពុជា​ ជា​ពិសេស​ជំងឺ​ផ្លូវ​ចិត្ដ​ត​ជំនាន់​ពី​ឪពុក​ម្ដាយ​ទៅ​កូន​។

សៀវភៅ​នេះក៏​​ជា​ឱសថ​ព្យាបាល​ផ្លូវ​ចិត្ដ​ដល់​​រូប​លោក​​។

លោក​បន្ថែម​ថា អ្នក​ជំនាញ​ផ្នែក​ផ្លូវ​ចិត្ដ និង​អ្នក​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ដ ​គឺ​ជា​បុគ្គល​សំខាន់​ដែល​អាច​ជួយ​អ្នក​ជំងឺ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​។

សៀវភៅ «Black» មាន​​លក់​នៅ​ Monument Books, Swarng Cafe and Bookstore, ហាង​សៀវភៅ Kinokuniya ផ្សារ​អ៊ីអន ​២ សែនសុខ, Le Story និង​ វេបសាយ​ Amazon៕