ក្រុង​រ៉ូម៖ ខណៈ​​មិត្តភក្តិ​​​កំពុង​តែ​លង់​លក់​ក្រោយ​ស្រវឹង​ជោក​​ ​វេននីសា ផេឌូហ្ស៊ី វ័យ ២៣ ឆ្នាំ​ បាន​ក្រោក​​​ពី​ព្រលឹម​ទៅ​ដល់​កសិដ្ឋាន ​ដើម្បី​​ត្រួត​ពិនិត្យ​​សត្វ​ចិញ្ចឹម​របស់​​ខ្លួន​រួច​ជា​ស្រេច​។​ កញ្ញា​ជា​ម្ចាស់​កសិដ្ឋាន​អ៊ីតាលី​វ័យ​ក្មេង​​ម្នាក់​ ដែល​ចាប់​អាជីព​នៅ​​លើ​កសិដ្ឋាន​ចិញ្ចឹម​សត្វ​។ ​


កញ្ញា ​ផេឌូហ្ស៊ី បាន​ប្រាប់​ទីភ្នាក់ងារ​​ AFP ខណៈ​ដើរ​កាត់​ស្ពាន​ឈើ​ក្រាស​ស្មៅ​លើ​បឹង​កូម៉ូ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី ​ដើម្បី​បង្ហាញ​អគារ​ដែល​នាង​បាន​ដំឡើង​បន្ដិច​ម្ដងៗ​ឲ្យ​កា្លយ​ជា​រោង​ចិញ្ចឹម​សត្វ​ថា​៖ «វា​ជា​ការងារ​ដែល​នឿយ​ហត់​ និង​ចំណាយ​កម្លាំង​ច្រើន​ តែ​ខ្ញុំ​ពេញ​ចិត្ត​»។


កញ្ញា​បន្ត​ថា៖ «ខ្ញុំ​ជ្រើសរើស​ជីវិត​បែប​នេះ។​ ​កន្លែង​ដែល​ខ្ញុំ​ចង់​នៅ​ ​ហ៊ុមព័ទ្ធ​ដោយ​ធម្មជាតិ​ និង​សត្វ​»។


កញ្ញា ផេឌូហ្ស៊ី​​​ ជា​មេ​ចុងភៅ​ហាត់​ការ​ ប៉ុន្ដែ​​នាង​បាន​លះបង់​មក​ធ្វើ​​ជា​អ្នក​បង្កាត់​ពូជ​សត្វ​លា និង​គោ​​​​នៅ​ ភ្នំអេព​ បេតដូឡូ កម្ពស់​ប្រមាណ​ ៨១៣ ម៉ែត្រ លើ​នីវ៉ូ​ទឹក​សមុទ្រ​ ក្បែរ​ព្រំដែន​ប្រទេស​ស្វ៊ីស ​​ជំនួស​វិញ​​។


កញ្ញា​និយាយ​ទាំង​អស់​សំណើច​ថា៖​ «កាល​ពី​ឆ្នាំ​មុន ខ្ញុំ​ចាប់​ផ្ដើម​ជាមួយ​​​លា​តូចៗ ​២ គ្មាន​ដី គ្មាន​ក្រោល តែ​ខ្ញុំ​មាន​មិត្តភក្តិ​​យល់ព្រម​​ឲ្យ​​ខ្ញុំ​ប្រើ​វាល​ស្មៅ​។ ស្ថានភាព​ពេល​នោះ​​ពិត​ជា​លំបាក​»។


ពេល​នេះ យុវតី​អ៊ីតាលី​ម្នាក់​នេះ​​មាន​​លា​ ២០ ​ក្បាល ដោយ ១៥ ​ក្បាល​កំពុង​ផើម​ រួម​ទាំង​គោ ​១០ ​ក្បាល​ កូន​គោ ​៥ ​ក្បាល​ និង មេគោ ​៥ ​ក្បាល​។

ក្រៅពីចិញ្ចឹមសត្វ នាងគ្រោង​នឹង​ធ្វើទំនើបកម្ម​នៅកសិដ្ឋាន​របស់នាង​។ រូបថត AFP

លោក ចាកូផូ ហ្វន់តេនេតូ មក​ពី​​សហជីព​កសិកម្ម​ដ៏​សំខាន់​របស់​អ៊ីតាលី​ Coldiretti បាន​និយាយ​ថា៖ ​«បន្ទាប់​ពី​ជីវិត​នៅ​លើ​ភ្នំ​គ្មាន​អ្នក​ចាប់​អារម្មណ៍​អស់​​រយៈពេល​ជា​ច្រើន​ឆ្នាំ​ចំពោះ​ពលរដ្ឋ​អ៊ីតាលី​ទូទៅ​​ ​យើង​មើល​​​ឃើញ​ការ​ត្រឡប់​មក​វិញ​របស់​យុវជន​​ក្នុង​រយៈកាល​ពី​ ១០ ទៅ ២០ ឆ្នាំ​​ក្រោយ​​នេះ​»។

សហជីព​កសិកម្ម​ Coldiretti បាន​​ឲ្យ​ដឹង​ក្នុង​ការ​សិក្សា​អំពី​​ទិន្នន័យ​កាល​ពី​ឆ្នាំ​មុន​ថា​ មាន​ការ​កើន​ឡើង​ចំនួន ១២ ភាគរយ​នៃ​ចំនួន​ប្រជាជន​​ ​អាយុ​ក្រោម​ ៣៥ ឆ្នាំ​ ដែល​ធ្វើ​ជំនួញ​លើ​វិស័យ​កសិកម្ម​​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ។

ទិន្នន័យ​ដដែល​បាន​បង្ហាញ​ថា ស្ដ្រី​​​​មាន​ចំនួន​ជិត ​១ ភាគ ៣ នៃ​​ម្ចាស់​ជំនួញ​កសិកម្ម​ទាំង​អស់​​។

វិស័យ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​«​សម័យ​នៃ​ការ​ច្នៃ​ប្រឌិត» និង​ធ្វើ​ការ​លើ​ដី​ស្រែ ​«លែង​ត្រូវ​បាន​​​ចាត់​ទុក​​ជា​ចំណត​​​ចុង​ក្រោយ​របស់​អវិជ្ជា​ទៀត​ហើយ​» តែ​ជា​អ្វី​ដែល​ឪពុកម្តាយ​គួរ​មាន​មោទនភាព​។

ទោះជា​យ៉ាង​ណា លោក ហ្វន់តេនេតូ បាន​សារភាព​ថា៖ «វា​មិនមែន​ជា​ជម្រើស​ងាយ​ស្រួល​ទេ»។

លោក​និយាយ​ថា ជំនួស​ឲ្យ​​ការ​សម្លឹង​​មើល​អេក្រង់​កុំព្យូទ័រ ឬ​ម៉ាស៊ីន​គិត​លុយ​​ អ្នក​ធ្វើ​ការ​នៅ​លើ​​វាល​ស្មៅ​ដាច់​ស្រយាល​ គយ​គន់​ទេសភាព​​ទីឋាន​ជនបទ​ដ៏​ស្រស់ត្រកាល​ដូច​ក្នុង​ក្ដី​​​​សុបិន ប៉ុន្តែ​វា​ក៏​ជា «​ជីវិត​ពោរពេញ​ដោយ​​ការ​លះបង់​» ដែល​មាន​ឱកាស​តិចតួច​​សម្រាប់​ភាព​សប្បាយ​ពេល​រាត្រី​នៅ​ទីក្រុង​។

យុវជន​ក៏​អាច​ជួយ​ធ្វើ​ទំនើបកម្ម​លើ​​វិជ្ជាជីវៈ​​តាមរយៈ​ការ​នាំ​យក​បច្ចេកវិទ្យា​ថ្មីៗ ​ឬ​វិនិយោគ​​តាម​អនឡាញ​។

បច្ចុប្បន្ន កញ្ញា ​ផេឌូហ្ស៊ី​​​ លក់​​សត្វ ​និង​សាច់​ ប៉ុន្តែ​នាង​សង្ឃឹម​ថា​ ទៅ​ថ្ងៃ​មុខ​នាង​​​​នឹង​អាច​​​ពង្រីក​អាជីវកម្ម​​ច្របាច់​ទឹក​ដោះ​​គោ និង​លា ក៏​ដូចជា​ផលិត​​​ឈីស​ផង​ដែរ​៕ AFP/RS