រកឃើញ​ម្ចាស់​ជយលាភី​ ពី​ការប្រកួត​ជ្រើសរើស​ចុងភៅ​ឆ្នើម​វ័យក្មេង​លើក​ដំបូង​ប្រចាំ​ឆ្នាំ​ ២០១៩

Content image - Phnom Penh Post
ក្រុម​បេក្ខជន​ចូល​ប្រកួត​ជ្រើសរើស​ចុងភៅ​ឆ្នើម​វ័យក្មេង​ជា​លើកដំបូង​ប្រចាំ​ឆ្នាំ​ ២០១៩ កាលពី​ថ្ងៃទី​ ៨ ខែ​មិថុនា​។ រូបថត សហការី

ភ្នំពេញៈ ទីបំផុត​បេក្ខនារី​ជា​ចុងភៅ​មកពី​ភោជនីយដ្ឋាន​ Topaz កញ្ញា បូ ណារិននី បាន​ទទួល​ជ័យជម្នះ​ពី​ការប្រកួត​ជ្រើសរើស​ចុងភៅ​ឆ្នើម​វ័យក្មេង​លើក​ដំបូង​នៅ​ឆ្នាំ​ ២០១៩ ឬ Young Chef Talent Competitions Service 2019 ខណៈ​ការប្រកួត​ធ្វើ​នៅ​ថ្ងៃទី​ ៨ ខែ​ មិថុនា ឆ្នាំ​ ២០១៩ កន្លង​មក​ដោយ​មាន​បេក្ខជន-បេក្ខនារី​ចូលរួម​ប្រកួត​មាន​ចំនួន ៧​ ​រូប​ មកពី​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ចំនួន​ ៤ នៅ​រាជធានី​ភ្នំពេញ​ក្នុង​ភោជនីយដ្ឋាន​ខេមា​នៅ​មហាវិថី​ព្រះនរោត្តម​។

កញ្ញា បូ ណារិននី បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី​នៃ​ការប្រកួត​ជ្រើសរើស​អ្នក​មាន​ទេពកោសល្យ​វ័យក្មេង​ថ្នាក់ជាតិ​ផ្នែក​សិល្បៈ​បម្រើ​ម្ហូបអាហារ​តាម​តុ​ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី​ ៨ ខែ​ មិថុនា ឆ្នាំ​ ២០១៩ នៅ​ភោជនីយដ្ឋាន​ខេមា​នៅ​មហាវិថី​ព្រះនរោត្តម​នឹង​ធ្វើការ​ប្រកួត​ម្តង​ទៀត​ថ្នាក់​អាស៊ាន​នៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន នៅ​ខែ​វិចិ្ឆកា ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​។

កញ្ញា ហន រស្មី អ្នកសម្របសម្រួល​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​នៃ​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​បង្ហើប​ឲ្យ​ដឹង​ពី​ចំនួន​បេក្ខជន​ចូលរួម​ក្នុង​ការប្រកួត​នេះ​ថា​៖ «​ការប្រកួត​នេះ យើង​បាន​ចម្រាញ់​យក​ម្ចាស់​ជយលាភី​តែ​ម្នាក់​ទេ ខណៈ​មាន​បេក្ខជន-បេក្ខនារី​ចូលរួម​ប្រកួត​ចំនួន​ ៧ ​រូប​ដោយ​ក្នុង​នោះ​មាន​ប្រុស ៤ ​រូប និង​ស្រី ៣ ​រូប ​ដែល​មកពី​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ចំនួន ៤ មាន​ភោជនីយដ្ឋាន​តូប៉ាហ្ស (Topaz) ភោជនីយដ្ឋាន​ខេមាសណ្ឋាគារ​សូហ្វីតែល និង​សណ្ឋាគារ​រ៉ាហ្វល់ឡឺរ៉ូយ៉ាល់ (Raffle Le Royal) នៅក្នុង​រាជធានី​ភ្នំពេញ​»​។

Content image - Phnom Penh Post
កញ្ញា បូ ណារិននី មកពី​ភោជនីយដ្ឋាន Topaz ជយលាភី​លេខ​ ១​។ រូបថត សហការី

កញ្ញា ហន រស្មី បន្ត​ឲ្យ​ដឹងថា​៖ «​អ្នក​ឈ្នះ​ការប្រកួត​នេះ​ទទួល​បាន​ពាន​ ១ វិញ្ញាបនបត្រ​ ១ និង​រង្វាន់​សម្រាប់​ការឈ្នះ​នេះ​ដែរ​គឺ​នឹង​មាន​ឱកាស​ចូលរួម​ការប្រកួត​ចុងភៅ​ថ្នាក់​តំបន់​អាស៊ាន​នៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​។ យើង​មិន​មាន​រង្វាន់​ជា​ប្រាក់​ឡើយ សម្រាប់​បេក្ខជន​ជយលាភី ដោយ​យើង​ចាត់ទុក​ការបញ្ចូន​គាត់​ឲ្យ​ទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នោះ​គឺជា​ប្រាក់រង្វាន់​»​។

ដោយសារ​ចង់​រក​បេក្ខជន​ដែល​មាន​ទេពកោសល្យ និង​មាន​ជំនាញ​សិល្បៈ​ផ្នែក​ចម្អិន​ម្ហូបអាហារ​សេវាកម្ម​នោះ សមាគម​មេ​ចុងភៅ​កម្ពុជា​សហការ​ជាមួយ​នឹង​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​បាន​រៀបចំ​ការប្រកួត​ជ្រើសរើស​ចុងភៅ​ឆ្នើម​វ័យក្មេង​ជា​លើក​ដំបូង​ប្រចាំ​ឆ្នាំ​ ២០១៩ ខណៈ​ការប្រកួត​បាន​រៀបចំ​ឡើង​នៅ​ភោជនីយដ្ឋាន​ខេមា​នៃ​មហាវិថី​នរោត្តម​។

ទោះបី​ដំណើរការ​លើកដំបូង​មែន​ក្តី បើ​តាម​ស្តាប់​ពី​ឆន្ទៈ និង​ស្មារតី​នៃ​សមាគម​ទាំង ២ គឺ​ទំនង​ជា​នឹង​ត្រូវ​មាន​ការរៀបចំ​ប្រកួត​ជ្រើសរើស​ចុងភៅ​ឆ្នើម​វ័យក្មេង​នេះ មាន​លក្ខណៈ​ប្រចាំ​ហើយ​លទ្ធផល​ចុងក្រោយ​គឺ​ត្រូវ​ចម្រាញ់​យក​ជយលាភី​តែ ១ ​រូប​។

លោក រីឆាត ហ្គីឡេត ជា​ប្រធាន​សមាគម​មេចុងភៅ​កម្ពុជា​ធ្លាប់​បាន​ឲ្យ​ដឹង​ពី​គោលបំណង​នៃ​ការប្រកួត​ថា នេះ​គឺជា​ការរៀបចំ​លើក​ដំបូង​ដោយ​ចង់​ផ្សព្វផ្សាយ​ក៏ដូចជា ចង់​បើក​ឱកាស​ទូលាយ​សម្រាប់​ក្រុម​បេក្ខជន ជាពិសេស​អ្នក​មាន​ចំណូលចិត្ត និង​ជំនាញ​ចម្អិន​ម្ហូបអាហារ​ទើប​ខាង​សមាគម​មេចុងភៅ​កម្ពុជា​ដែល​បាន​សហការ​ជាមួយ​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​រៀបចំ​ឡើង ដើម្បី​ចែករំលែក​ដល់​បេក្ខជន​មាន​ជំនាញ​ខាង​ចុងភៅ​៕