ក្រុងកូប៉ិនហាក៖ ជាប់ចំណងនៅក្បែរផ្ទះឈើចម្រុះពណ៌ ក្នុងភូមិឋាន គូលូស៊ុក នៃតំបន់ហ្រ្គីនលែន និងនៅជួរភ្នំក្បែរខាង ឆ្កែអូសរទេះគាវដ៏ល្បីលើដែនកោះ រង់ចាំឲ្យរដូវក្ដៅកន្លងផុត ដើម្បីស្វាគមន៍រដូវប្រមាញ់លើវាលទឹកកកជាថ្មី។
អ្នកស្រុកហ្រ្គីនលែន ស្ងើចចំពោះសមត្ថភាពឆ្កែ ដែលអាចទាញរទេះគាវទៅប្រមាញ់ឆ្មាទឹក បាឡែន និងខ្លាឃ្មុំទឹកកកនៅរដូវរងា ដែលអាចចុះត្រជាក់ដល់ -៣៥ អង្សាសេ។
ប៉ុន្ដែពេលទឹកកក ដែលគ្របដណ្ដប់តំបន់ហ្រ្គីនលែន ៨៥ ភាគរយ និងរដូវរងាមិនទៀងទាត់ព្រោះការប្រែប្រួលអាកាសធាតុ បានបង្កជាក្ដីបារម្ភចំពោះប្រពៃណីដ៏ពេញនិយមមួយនេះ។
មូសេស បាចារ ម្ចាស់រទេះគាវម្នាក់ អាយុ ៥៩ ឆ្នាំ បានពោលថា៖ «ទឹកកកកំពុងតែប្រែប្រួលហើយ»។
នៅរដូវរងា ពេលសមុទ្រទឹកកកចាប់ផ្ដើមកក ក្រុមរបស់លោក បាចារ ដែលមានសុនខ ១២ ក្បាល បានទាញរទេះគាវឈើទៅកាន់ជ្រុងម្ខាងទៀតនៃសមុទ្រទឹកកក មុននឹងបន្តជិះកាយ៉ាក់ចេញប្រមាញ់ឆ្មាទឹក។
ប៉ុន្ដែលោកនិយាយថា ក្នុងរយៈពេល ៣៥ ឆ្នាំនេះ ដែលលោកបន្ដអាជីពជាមួយហ្វូងឆ្កែលើវាលទឹកកក វាកាន់តែពិបាកទស្សន៍ទាយ។ ទឹកកក ដែលធ្លាប់តែមានកម្រាស់ក្រាស់ល្មមឲ្យរទេះគាវបរ ចាប់ពីខែកុម្ភៈដល់ខែមិថុនា ឬកក្កដា ពេលនេះវាកកយឺត និងឆាប់រលាយព្រោះការកើនកម្ដៅ។
មិនខុសពីអ្នកភូមិ ២៥០ នាក់ផ្សេងទៀតក្នុងភូមិ លោក បាចារ ចូលចិត្តប្រឡែងនឹងហ្វូងឆ្កែ ដែលកំពុងត្រដុសលាងកន្ទុយក្រោមកម្ដៅថ្ងៃ។ ចំពោះរូបលោក ឆ្កែទាំងនេះជាប្រភពសេចក្ដីសុខសប្បាយមិនអាចកាត់ថ្លៃបាន។
លោកបានឲ្យដឹងថា៖ «បើយើងឈប់ប្រើឆ្កែទាំងនេះយើងនឹងបាត់បង់វប្បធម៌ដ៏សំខាន់មួយ»។
ទោះជាអ្នកខ្លះបានស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុដោយការរកចំណូលម្ដង ១៥០ ដុល្លារ ពីការនាំភ្ញៀវជិះទេះគាវលើព្រឹលទឹកកក តែចំនួនឆ្កែបានធ្លាក់ចុះ ដោយអ្នកខ្លះឈប់ចិញ្ចឹមវាតែម្ដង៕ AFP/HR