សៀមរាបៈ នា​ក្នុ​ងរាត្រីឆ្លង​ឆ្នាំ​ ២០១៩ ថ្ងៃទី ​៣១ ខែ​ធ្នូ​ នឹង​មានកម្មវិធីសប្បាយៗ ទស្សនីយភាពប្លែកៗ ជាមួយ​នឹង ការ​ប្រគុំ​​តន្រ្តី​ស្គរដៃ​ដែល​សម្ដែង​ដោយ​ក្រុមសិល្បការនីមេធា​ (Cambodia Living Art) ទស្សនី​យ​ភាព​ដង្ហែ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​ ៧ របាំភោគផល និង​​ក្បាច់​គុណ​ល្បុក្កតោខ្មែរ ទទួល​ទានអាហារ​ និង​ភេស្ជៈ​បែប​ខ្មែរ​ ដែលមាន​ប្រភព​មក​ពីតំបន់​នានា​ក្នុង​​ខេត្ត​សៀម​រាប ​ដោយ​ការ​លក់សំបុត្រចូលរួមកំសាន្តក្នុងម្នាក់ ១៨០ ដុល្លារ រៀបចំ​​ដោយ​ក្រុម​វិស័យ​ឯក​ជន។​


លោក អ៊ឹមផាន មលីវណ្ណ​ នាយក​សាខា​ហាង​ជាង​​បាក់វណ្ណហុង​លក់គ្រឿង​អលង្ការ ​ប្រចាំ​ខេត្ត​សៀម​រាប​ លើក​ឡើ​ង​​​​ក្នុង​សន្និសីទសារព័ត៌មាន នា​ពេលថ្មីៗ​នេះ​ថា ​លោកនឹ​ង​ចូលរួម​ជា​មួយ​គម្រោង​​រៀបចំ ​រាត្រីស្រ​មោសរ​សប្បុរ​ស​​ធម៌ ដើម្បី​រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅសណ្ឋាគារ​មេម័រ​​ផា​លេស (ក្រុង​សៀម​រា​ប​) ដែល​នឹង​​រៀបចំ​ឡើង​ នា​រាត្រីឆ្លងឆ្នាំសកល ២០១៩ ។

លោកបង្ហើប​ថា ​លោកនឹង​នាំយកមក​ដាក់តាំង​បង្ហាញ និង​លក់គ្រឿង​អលង្ការត្បូងពេជ្រ​ និង​​​វត្ថុ​​​អនុស្សាវរីយ៍​ មិនមែន​នាំ​ចូល​ពីបរទេស​ដែល​ផលិតពី​ស្នាដៃកូនខ្មែរ​ដើម្បីលើកស្ទួយ​តម្លៃ ​និង​អភិរក្ស​វប្បធម៌ខ្មែរ​ផ្នែក​​​​ជាង​​​ទង។ ថវិកា​​ដែល​បាន​​មក​ពី​ការ​គ្រឿង​អលង្ការ​ទាំង​នោះ​ មួយផ្នែក​ត្រូវបាន​ជួយ​ក្នុង​មូលនិធិ​សប្បុរស​ធម៌ ​មន្ទីរ​​​ពេទ្យ​​​កុមារអង្គរ។ ​​


ការ​ធ្វើ​នេះ​​ក្នុង​​ន័យ​បង្ហាញ​​​ពី​ឆន្ទៈ ​និង​​បំផុស​ការ​ចូលរួមពីវិស័យឯកជននានា ឲ្យ​ចូល​រួម​ក្នុង​សកម្ម​ភាព​ជួយ​សង្គម​ការ​ងារ​សប្បុរស​ធម៌ និង​ដើម្បី​​ប្រើ​ប្រាស់​​​សិល្បៈ​​ នៃការចែករំលែក​ចំណេះជំនាញ ​ដល់​យុវជនខ្មែរ​ ដែល​ចង់ចេះ​ក្នុង​ផ្នែក​ចម្លាក់​ ​និង​​​ជាងទងឲ្យ​​ពួកគាត់​ចាប់​អារម្មណ៍​ និងស្គាលពីតម្លៃនៃសិល្បៈចម្លាក់ខ្មែរ​។


លោក​យល់ឃើញថា៖ «មន្ទីរពេទ្យនានាក្នុងខេត្តសៀមរាប ជាពិសេសកុមារអង្គរ​ឬហៅថា​មន្ទីរ​ពេទ្យ​បេះ​ដូង​​គឺ​មាន​តម្រូវ​ការ​​ថវិកាជាច្រើនក្នុងមួយឆ្នាំៗដើម្បីបំរើសេវាព្យាបាល និងសង្គ្រោះដល់កុមារកម្ពុជា ហើយ​សកម្ម​ភាព​​​សប្បុរស​ធម៌ ដែល​​​រៀប​ចំ​ឡើង​ជាការបង្ហាញ​​ទឹកចិត្តរួមគ្នាជួយ ជាមួយមន្ទីរពេទ្យ​កុមារអង្គរ ដែល​បាន​ខិត​​ខំ​ពិនិត្យ​ព្យា​បាល​សង្គ្រោះ​ដល់​​កុមារកម្ពុជាដោយទឹកចិត្តសប្បុរសធម៌ តាមរយៈផ្តល់​សេវាព្យាបាល​សុខ​ភាព​ផ្សេងៗ​ សម្រាប់ជំងឺ​កុមារ​គ្រប់​ប្រភេទ​រាប់​ចាប់​ពី​ជំងឺ​ស្រាល​រហូតដល់ជំងឺធ្ងន់»។


លោក​ សេង សេរីវុឌ្ឍ តំណាងសណ្ឋាគារមេម័រផាលេសលើកឡើង​បញ្ជាក់ថា​៖ «​​ក្នុងរាត្រីនោះ​មា​ន​កម្ម​វិធី​​សប្បាយៗ ទស្ស​​នីយ​ភាពប្លែកៗ ជា​មួយ​នឹង​ការ​ប្រគុំ​តន្រ្តី​ស្គរ​ដៃ ដែលសម្ដែងដោយក្រុមសិល្បៈករសិល្បៈការិនី (Cambodia Living Art) ​ដោយ​​លើកយកទម្រង់ទស្សនីយភាពដង្ហែ ព្រះបាទជ័យវរ្ម័នទី​ ៧ របាំភោគផល និងការ​សម្តែង​ក្បាច់​គុណ​ល្បុក្ក​​​តោ​ខ្មែរ​ បន្ថែមពីនេះ មានរៀបចំទទួលទានអាហារនិងភេសជ្ជៈបែបខ្មែរ ដែល​មានប្រភព​មក​ពីតំបន់​នានា​​ក្នុង​ខេត្ត​សៀមរាប។ ភ្ញៀវ​អញ្ជើញ​ចូលរួមនឹងត្រូវទិញ សំបុត្រក្នុងម្នាក់ ១៨០ ដុល្លារ ហើយថវិកា ​ដែល​ប្រមូល​បានមក​ពី​ការ​លក់​​សំបុត្រ​​ត្រូវបានបែងចែករាប់បញ្ជូលនៅ​ក្នុងមូលនិធិសប្បុរសធម៌ មន្ទីរពេទ្យកុមារអង្គរ​។

រាត្រីស្រមោសរសប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅសណ្ឋាគារមេម័រផាលេស (ក្រុងសៀមរាប) ។ ហ្វេសប៊ុក​

អ្នកស្រី ស៊ិនកេត អារុណ ជា​មន្ត្រីទំនាក់ទំនងសាធារណៈមន្ទីរពេទ្យកុមាអង្គរ (ខេត្តសៀមរាប) បានឲ្យដឹងថា៖ «​នេះមិនមែន​លើកដំបូងទេ ​ដែល​សណ្ឋាគារ​មេម័រ​​​ផាលេស រៀបចំកម្មវិធីសប្បុរសធម៌នោះ។​ ក្នុង​១​ឆ្នាំៗ ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ មាន​តម្រូវ​​ការថវិកាប្រមាណ​ ៦លាន ៥ សែន ដុល្លារអាមេរិក ដើម្បីប្រតិបត្តិការមនុស្សធម៌ ជួយ​​​​សង្គ្រោះ​​ជីវិត និង​ព្យា​បាលជំងឹដល់កុមារកម្ពុជាមកពីគ្រប់ទិសទី ​ក្នុងមួយថ្ងៃ​មាន​កុមារ​មក​រក​សេវា​សង្គ្រោះ និង​ព្យា​បាល​​​ជំងឺពី ៥០០ ទៅ ៦០០ នាក់។ កុមារ ដែល​​ទទួលសេវាសង្គ្រោះ ​ព្យាបាល​និង​ថែទាំជំងឺ​នៅទីនេះ​មិន​បាន​បង់​ថ្លៃ​ទេ​ មិនតែប៉ុណ្ណោះ មន្ទីរ​ពេទ្យ​​បានជួយឧបត្ថម្ភ​ដល់កុមារ​ដែលមានគ្រួសារ​ក្រីក្រ​ជួបការលំបាក​ថែមទៀតផង។

អ្នកស្រីបន្ត​ថា៖ «មន្ទីរពេទ្យជួយសង្គ្រោះនិងព្យាបាលដល់កុមារលើសេវាសង្គ្រោះបន្ទាន់ ការវះ​កាត់​បេះដួង​ និង​ជំងឺ​​​ទូ​ទៅ ​ព្រមទាំងមាន​បន្ទប់​អ្នកជំងឺ​ស​ម្រាកផងដែរ។ បន្ថែមពីនេះ​មន្ទីរពេទ្យ ​បានជួយ​បណ្តុះ​បណ្តាល​​បុគ្គ​លិក​​​របស់​​មន្ទីរ​​​ពេទ្យ​ផ្ទា​ល់​ដោយ​​​មានការចូលរួម​ជួយបណ្តុះបណ្តាល​ពីមន្ត្រីបុគ្គលិកសុខាភិបាល​របស់​រាជ​រដ្ឋាភិបាល​មួយ​​ចំនួនផង ​ក្នុងការពង្រឹង​សមត្ថភាព​ជំនាញ វិស័យ​សុខាភិបាល និង​បាន​ចុះជួយអប់រំ និង​បណ្តុះ​បណ្តាល​​​ដល់​ប្រជា​សហ​​គមន៍​​ តាមមូលដ្ឋាននានា ដើម្បី​ឲ្យ​​គាត់បានយល់ដឹងពីបញ្ហាសុខាភាព វិធីបង្ការ​ និង​ការពារ​​តាម​​ការ​ចាក់​វ៉ាក់​សាំង​​​ជា​ដើម ដើម្បីរួមគ្នា​កាត់បន្ថយ​អាត្រាឈឺ និង​អាត្រាស្លាប់​ ដោយការ​មិនបានដឹងមុន និង​មិន​បាន​ព្យាបាល»៕​