ក្រុងញូវយ៉ក: រូបភាព​ក្រប​មុខ​​ទស្សនាវដ្ដី Vogue របស់​លោក​ស្រីអនុ​ប្រធានាធិបតីជាប់​ឆ្នោត​ថ្មី​នៅ​​អាមេរិក កាម៉ាឡា ហាររីស បាន​បង្ក​ឱ្យ​មាន​ចម្រូង​ចម្រាស​ ដោយ​ក្រុម​អ្នក​រិះ​គន់​និយាយ​ថា វា​ធ្វើ​ឱ្យ​អាប់​ឱន​ដល់​កេរ្ដិ៍​ឈ្មោះ​អ្នក​នយោបាយ​ ដែល​បង្ខំ​ឱ្យ​ការីនិពន្ធ អានណា វីនធួរ (Anna Wintour) ចេញ​មុខ​មក​ការពារ​រូបភាព​ទស្សនាវដ្ដី​របស់​ខ្លួន​កាល​ពីថ្ងៃ​អង្គារ​។


ការ​រិះ​គន់​ក្រប​ទស្សនាវដ្ដី​បាន​រីក​សាយ​ភាព​ពេញ​បណ្ដាញ​សង្គម​ តាំងពី​វា​ត្រូវបាន​ចុះ​ផ្សាយ​កាលពី​អាទិត្យ ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បាន​លើក​ឡើង​ថា ពួកគេ​មើល​ឃើញ​ពី​អត្ដចរឹក​មិន​ល្អ​ ពេល​លោកស្រី ហាររីស ពាក់​ស្បែក​ជើង​កីឡា​ថា​ជា​ការ​ធ្វើ​ឱ្យ​អាប់​ឱន​ចំពោះ​ស្ដ្រី​ស្បែក​ខ្មៅ​ទី១ អាមេរិក​ដែល​បាន​ជាប់​ឆ្នោត​ជា​អនុប្រធានាធបតី​។


រូបភាពដែល​លោក​ស្រី ហាររីស ក៏​បាន​ពាក់​អាវ​ឯកសណ្ឋាន​ និង​ខោ​ខូវប៊យ ត្រូវ​បាន​ថត​ដោយ​ជាង​ថតអាមេរិក ថៃល័រ មីតឆែល ដែល​ក្នុង​ឆ្នាំ​ ២០១៨ ក្លាយ​ជា​ជាង​ថតរូប​ស្ដ្រី​ស្បែក​ខ្មៅ​ដំបូង​ដែល​ថត​រូប​ក្រប​ទស្សនាវដ្ដី​ Vogue ជា​មួយ​តារា​ប៉ុប​ ប៊ីយុនសេ (Beyonce)​។


រូបភាព​លើក​នេះ វីនធួរ បាន​ជ្រើស​រើស​នូវ​រូបភាព​បែប​សុភាព​រាប​សា​សាមញ្ញ​សម្រាប់​ការ​ចេញ​ផ្សាយ​ខែ​កុម្ភៈ​ ជា​ជាង​រូបភាព​បែប​ផ្លូវការ​របស់​លោក​ស្រី ហាររីស ក្នុងឈុត​សម្លៀក​បំពាក់​ពណ៌​​​ផ្ទៃ​មេឃ​ប្រ៊េន Michael Kors ដែល​ត្រូវបាន​ដោយ​អ្នកស្រី មីតឆែល​ ផង​ដែរ​។


រូបថត​​​​​​​អនុប្រធានាធិបតី​ស្ដ្រី​ស្បែក​ខ្មៅដំបូងលើក្រប​ទស្សនាវដ្តី Vogue ដ៏ល្បីល្បាញ។ រូបថត AFP


ការ​សរសេរ​ក្នុង​កាសែត​ Washington Post អ្នក​វិភាគ​​ផ្នែក​ហ្វាសសិន Robin Givhan បាន​និយាយ​ថា រូបភាព​ក្របមុខ​​នេះ​ «​រាង​លើស​បន្ដិច​» និង​មិន​បាន​ផ្ដល់​ការ​គោរព​ចំពោះ​លោកស្រី ហាររីស ឡើយ​។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមបាន​រិះគន់​ការ​ប្រើ​ប្រាស់​ពន្លឺ​លើ​រូបថត និង​បាន​ចោទ​សួរ​ថា តើ​ទស្សនាវដ្ដី​នេះ​បាន​ជួយ​កែ​សម្រួល​ដល់​សម្បុរ​ស្បែក​របស់​លោក​ស្រី​ផង​ដែរ​ទេ​។

អ្នកស្រី វីនធួរ អាយុ ៧១ ឆ្នាំ ដែល​មាន​​ដើម​កំណើត​មក​ពី​ចក្រ​ភព​អង់គ្លេស បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​ប្រាប់អ្នកសារព័ត៌មាន New York Times ការ៉ា ស្វីស័រ​ថា​៖ «​ច្បាស់​ណាស់ យើង​បាន​ឮ​ និង​ដឹង​អំពី​ប្រតិកម្ម​ចំពោះ​រូប​ភាព​ក្រប​ទស្សនាវដ្ដី​នោះ ហើយ​ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ថា យើង​មិន​មាន​បំណង​អាក្រក់​ណាមួយ​ទេ ដែល​ធ្វើ​ឱ្យ​អាប់​ឱន​ដល់​ជ័យ​ជម្នះ​របស់​អនុប្រធានាធិបតី​ជាប់​ឆ្នោត​នោះទេ​»។

លោកស្រី ហាររីស អាយុ ៥៦ ឆ្នាំ មិន​បាន​តប​នឹង​ប្រតិកម្ម​ជា​សាធារណៈ​នោះទេ តែ​ប្រភព​ស្និទ្ធិ​នឹង​លោក​ស្រី​បាន​ប្រាប់​បណ្ដាញ​ផ្សព្វ​ផ្សាយ​អាមេរិក​ថា លោកស្រី​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ជម្រើស​រូបភាព​ដ៏​សាមញ្ញ​បែប​នេះ៕ AFP/HR