ខេត្តស្វាយរៀងៈ ខណៈចំនួនអ្នកឆ្លង មេរោគកូរ៉ូណា ឬកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានចំនួនកើនឡើងជាលំដាប់ជាង ៩០ នាក់ ហើយកាន់ជាក្តីកង្វល់ខ្លាំង ចំពោះវត្តមានបងប្អូនខ្មែរ ជាពលករធ្វើការនៅប្រទេសថៃ យ៉ាងច្រើនដែលទើបតែបានវិលត្រឡប់ចូលមកស្រុកកំណើតវិញ នាពេលថ្មីៗនេះ ប្រសិនបើក្នុងចំណោមពួកគាត់មានអ្នកឆ្លងមេរោគ ហើយឆាប់ទៅរស់នៅជួបជុំគ្រួសារវិញ ដោយមិនបានបង្ការខ្លួនសិន។
ដោយឡែករូបថត ១ សន្លឹករបស់បុរសម្នាក់ក្នុងចំណោមពលករវិលមកពីប្រទេសថៃ ដែលបានទៅដល់ស្រុកកំណើតនៅឯខេត្តស្វាយរៀង ដែលមានស្មារតីខ្ពស់ នៅក្នុងការបង្ការខ្លួនជាមុនខ្លាចក្រែងលោខ្លួនអាចមានឆ្លងមេរោគទៅដល់ក្រុមគ្រួសារជាទីស្រឡាញ់។ ចេញពីហ្វេសប៊ុករបស់ជាងផាត់មុខដ៏ជំនាញឈ្មោះថា PituPitu ដែលធ្លាប់ផាត់មុខឲ្យក្រុមអ្នកសិល្បៈជាតារាសម្តែង និងចម្រៀងស្រីល្បីរួមមានដូចជាកញ្ញា សុខ ពិសី អុ្នកនាង សុខ ស្រីនាង អ្នកនាង សុគន្ធ នីសា អ្នកនាង គង់ ច័ន្ធស្រីមុំ អ្នកនាង ខាត់ សុឃីម អ្នកនាង សុខ សោម៉ាវត្តី កញ្ញា ស៊ិន យូប៊ីន កញ្ញា ប៉ាច គីមមួយ កញ្ញា ម៉ៃយ៉ា និងតារាស្រីជាច្រើនទៀត បង្ហោះរូប ១ សន្លឹករបស់បុរសម្នាក់នៅខេត្តស្វាយរៀង ដែលជាពលករខ្មែរវិលពីប្រទេសថៃនោះ។
បើតាមគណនីហ្វេសប៊ុក PituPitu បានសរសេរសារអមជាមួយនឹងរូបថត ១ សន្លឹក ដែលមានលើគ្រែឫស្សី មានចងមុងធ្វើជាជញ្ជាំង ក្នុងខ្ទមប្រកប់ស័ង្កសី នៅចម្ការនោះថា ៖ « គាត់ទើបមកពីថៃ សម្រេចចិត្តស្នាក់នៅខ្ទម ដាច់ពីគ្រួសារ ១៤ ថ្ងៃ សូមសរសើរ គំរូល្អស្រឡាញ់គ្រួសារ អ្នកជុំវិញខ្លួន នឹងប្រទេសជាតិ» និងសារមួយទៀត ក្រោយពីរូបខាងលើត្រូវបានគេចាប់អារម្មណ៍ខ្លាំង និងមានអ្នកចែករំលែកបន្តជិត ៤០០ shares និងមានការចាប់អារម្មណ៍ពីអ្នកសិល្បៈអ្នកនាង ចន ច័ន្ធលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរផងដែរនោះថា៖ «អរគុណច្រើនណាបងប្អូន សម្រាប់ការចូលរួមចំណែកទប់ស្កាត់ និងការពារជំងឺវីរុសកូរ៉ូណា ឬ Covid-19 និងអរគុណសម្រាប់ការចែករំលែក»។
ជាងផាត់មុខឯករាជ្យឲ្យក្រុមតារាល្បី ក្នុងប្រទេសកម្ពុជា វ័យ ២៤ ឆ្នាំ មានឈ្មោះពិតលោក ទួន ពិទូ បានបង្ហើបថា៖ «បុរសក្នុងរូបថតនោះ ដែលមានលើគ្រែឬស្សីចងមុងធ្វើជាជញ្ជាំង ក្នុងខ្ទមប្រក់ស័ង្កសី នៅចម្ការដំឡូងនោះ គឺគាត់ក៏ជាប់សាច់ញាតិខាងឪពុកខ្ញុំដែរ រស់នៅក្នុងតំបន់ដាច់ស្រយាលនៃស្រុកមួយក្នុងខេត្តស្វាយរៀង (ដោយសារមិនចង់ឲ្យមានផលប៉ះពាល់ ឬរំខានទៅដល់គាត់ជាម្ចាស់រូបថត ទើបមិនបានប្រាប់ឈ្មោះ និងតំបន់ភូមិឃុំរបស់គាត់ឡើយ)។ គាត់គឺជាពលករម្នាក់ក្នុងចំណោមពលករខ្មែរជាច្រើននាក់ ដែលទើបតែបានវិលត្រឡប់មកពីប្រទេសថៃខណៈពេលមាន ការផ្ទុះឡើងនៃការរីករាលដាលនៃវីរុសកូរ៉ូណា នៅប្រទេសកម្ពុជាក៏ដូចជានៅពាសពេញពិភពលោកនោះ»។
លោក ទួន ពិទូ បញ្ជាក់ពីរឿងរូបថតបុរសជាសាច់ញាតិលោកនោះបន្តថា៖ «ដោយឡែករូបថតនោះ មិនមានន័យចង់បញ្ជាក់ថា គាត់នឹងត្រូវទៅរស់នៅខ្ទមក្នុងចម្ការដំឡូងរហូតដល់ ១៤ ថ្ងៃឡើយ។ តាមពិតរូបថតនោះគាត់គ្រាន់តែថតលេងប៉ុណ្ណោះ តែគាត់ក៏មានសារសំខាន់ចង់ផ្តាំផ្ញើដល់បងប្អូនពលករទាំងអស់ ដែលទើបវិលមកពីប្រទេសក្រៅជាពិសេសមកពីប្រទេសថៃនាពេលថ្មីៗនេះតែម្តង។ សុំមេត្តាកុំទាន់ទៅស្និទ្ធស្នាល ឬជួបជុំនឹងក្រុមគ្រួសារអី គឺត្រូវរស់នៅដាច់ដោយឡែកពីគ្រួសារឲ្យបាន ១៤ ថ្ងៃសិន ឬចាំមើលលទ្ធផលខ្លួនឯងថា មានមេរោគកូវីដ១៩ ឬក៏អត់សិនដែរ ព្រោះថាមេរោគនេះ គឺវាងាយឆ្លងណាស់ប្រសិនបើយើងមិនបានបង្ការខ្លួនបានល្អនោះ»៕