ក្រុងសេអ៊ូល៖ ការឈ្នះពានរង្វាន់អូស្ការចំនួន ៤ ដ៏មិននឹកស្មានដល់បានធ្វើឲ្យអ្នកដឹកនាំភាពយន្តកូរ៉េខាងត្បូង បុង ជូនហូ (Bong Joonho) បំបែករនាំងវិស័យភាពយន្ត និងបើកទំព័រសករាជថ្មីនៃភាពយន្តកូរ៉េ ក៏ដូចជាភាពយន្តបរទេសដទៃទៀត ឲ្យមានឱកាសទទួលស្គាល់នៅឆាកសកលលោក។
ភាពយន្តកូរ៉េរឿង ប៉ារ៉ាសិត (Parasite) ដែលនិយាយពីវណ្ណៈអ្នកមាន និងអ្នកក្រ បានដណ្ដើម ៤ ពានអូស្ការ ក្នុងកម្មវិធីប្រគល់ពានលើកទី ៩២ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ។
នេះជាខ្សែភាពយន្តបរទេសដំបូងដែលដណ្ដើមពានបានច្រើននៅក្នុងប្រវត្តិសាស្ត្រ Academy Awards ចាប់តាំងពីឆ្នាំ ១៩២៩។
ខ្សែភាពយន្តដែលសម្ដែងដោយជនជាតិកូរ៉េ និងផលិតដោយក្រុមការងារកូរ៉េសុទ្ធសាធទាំងមិនមានតួសម្ដែងបរទេសម្នាក់នោះបានធ្វើឲ្យមហាជនទូទាំងពិភពលោក បើកភ្នែកធំៗក្រោយពីអ្នកដឹកនាំរឿងប្រមូលពានដល់ទៅ ៤។
កន្លងមក Academy Awards តែងតែផ្ដោតចម្បងលើភាពយន្តជាភាសាអង់គ្លេស ដែលត្រូវបានផលិតសម្រាប់ទីផ្សារបស្ចិមប្រទេស។ នេះគឺជាសំណេរចុះផ្សាយដោយកាសែតប្រចាំថ្ងៃ Chosun Ilbo ប្រទេស កូរ៉េខាងត្បូង។
កាសែតនេះបានចុះផ្សាយទៀតថា៖ «ជោគជ័យរបស់លោក បុង មិនត្រឹមតែជាប្រវត្តិសាស្ត្រវិស័យភាពយន្តរបស់កូរ៉េខាងត្បូងនោះទេ។ វាជាការបើកសករាជថ្មី និងផ្ដល់ឱកាសដល់ភាពយន្តពីបណ្ដាប្រទេសដទៃទៀត ត្រូវបានទទួលស្គាល់នៅហូលីវូដ»។
អ្នកស្រី Gina Kim សាស្ត្រាចារ្យនៅ UCLA និងផលិតករភាពយន្តបាននិយាយថា៖ «ហូលីវូដនៅតែគ្របដណ្ដប់វិស័យភាពយន្តទូទាំងពិភពលោក ហើយវាពិតជាគួរឲ្យសោកស្ដាយដែលកន្លងមកមិនសូវមានភាពយន្តបរទេសអាចជ្រៀតចូលដណ្ដើមពានអូស្ការ។ ជោគជ័យនៃរឿង ប៉ារ៉ាសិត គឺជាការផ្លាស់ប្ដូរដ៏ធំធេងក្នុងវិស័យភាពយន្ត»៕ AFP