ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ខ្សែភាពយន្តឯកសារមានរយៈពេល ៩០ នាទី ស្តីពីក្មេងប្រុសខ្មែរអ្នកលេងសៀក ២ រូប ដែលផលិតករអាមេរិក លោក Joel Gershon បានថតកាលពីអំឡុងឆ្នាំ ២០១១-២០១៨ បានឈ្នះពានជាកុនឯកសារដែលមានរយៈពេលវែងពីកម្មវិធីមហោស្រពសៀកអន្តរជាតិឆ្នាំ ២០២១ ឬ Circus International Film Festival នៅឯសហរដ្ឋអាមេរិក។
នេះបើតាមសេចក្តីអបអរសាទរពីខាងគេហទំព័រផ្លូវការនៃកម្មវិធីមហោស្រពសៀកអន្តរជាតិ បានឱ្យដឹងកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ ថា៖ «កម្មវិធីមហោស្រពសៀកអន្តរជាតិ សូមអបអរសាទរចំពោះលោក Joel Gershon និងស្នាដៃរឿង Cirque du Cambodia ដែលបានឈ្នះពានពីគណៈកម្មការ (Juried Award) សម្រាប់ភាពយន្តឯកសារដែលមានរយៈពេលវែង។ យើងក៏សូមថ្លែងអំណរគុណផងដែរចំពោះក្រុមផលិតករ ក្រុមអ្នកសម្តែង ក្រុមគណៈកម្មការ ក្រុមអ្នកឧបត្ថម្ភកម្មវិធី និងក្រុមការងារផ្សេងៗទៀត ដែលបានជួយឱ្យកម្មវិធីមហោស្រពសៀកអន្តរជាតិលើកដំបូងនេះ ទទួលបានជោគជ័យ»។
គួរបញ្ជាក់ថា កុនរឿង Cirque du Cambodia ក៏ធ្លាប់បានជាប់ក្នុងជម្រើសជាកុនត្រូវយកទៅចាក់បញ្ចាំងកាលពីថ្ងៃទី ២១ តុលា ឆ្នាំ ២០២០ នៃមហោស្រព United Nations Association Film Festival ជាលើកដំបូង មិនធ្លាប់មានពីមុនមក ដោយជាខ្សែភាពយន្តឯកសារស្តីពីក្មេងប្រុសខ្មែរអ្នកលេងសៀក ២ នាក់ និងត្រូវបានចាក់បញ្ចាំងតាមអនឡាញ ដើម្បីរៃអង្គាសប្រាក់ជួយទ្រទ្រង់សាលាហ្វារពន្លឺសិល្បៈកាលពីថ្ងៃទី ២០ និងទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ ផងដែរ។
ភាពយន្តឯកសារនេះ រៀបរាប់ពីរឿងរ៉ាវក្មេងជំទង់ខ្មែរ ២ នាក់ មានឈ្មោះ សុខ ឌីណា និង ណែម សុផា មកពីភូមិជនបទនៃប្រទេសកម្ពុជា ដែលឆាកជីវិតពួកគេត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីបានចូលរៀននៅសាលាហ្វារពន្លឺសិល្បៈនៅខេត្តបាត់ដំបង។
ដំណើរជីវិតរបស់ពួកគេត្រូវបានផលិតករអាមេរិក លោក Joel Gershon ថតនៅអំឡុងឆ្នាំ ២០១១-២០១៨ ឬការចំណាយពេល ៨ ឆ្នាំ ថតនៅក្នុងប្រទេសចំនួន។
តួឯកម្នាក់នៃរឿង Cirque du Cambodia លោក ណែម សុផា បានរំឭកប្រវត្តិរបស់ខ្លួន ខណៈជិតមានការចាក់បញ្ចាំងអនឡាញរៃអង្គាសប្រាក់ជួយសាលាហ្វារកាលពីពេលកន្លងមកថា៖ «ខ្ញុំមានបងប្អូន ១២ នាក់ ក្នុងនោះ ៧ នាក់ សុទ្ធតែបានរៀន និងកំពុងតែរៀនសៀកនៅសាលាហ្វារ។ ខ្លួនខ្ញុំផ្ទាល់ ដោយសារតែផ្ទះខ្ញុំនៅក្បែរហ្នឹង ទើបខ្ញុំបានរៀនមត្ដេយ្យ និងបានហាត់សៀកនៅសាលាហ្វារ តាំងពីខ្ញុំអាយុ ៧ ឆ្នាំ បន្ទាប់ពីឃើញបងប្រុសខ្ញុំហាត់បាន ខ្ញុំក៏ហាត់សៀកដែរ»។
លោក ណែម សុផា ក៏បានរៀបរាប់បន្តទៀតថា៖ «ខ្ញុំបានព្យាយាមលោតលើក្រណាត់យឺតឱ្យខ្ពស់តាមដែលអាចធ្វើបាន ហើយចាប់ពីពេលនោះមកពួកគាត់បានលើកទឹកចិត្តខ្ញុំឱ្យបន្តហាត់ រហូតដល់ខ្ញុំបានចូលរៀនសាលាសៀកអន្តរជាតិនៅប្រទេសកាណាដា»។
យ៉ាងណាមិញ យុវជនជំនាញផ្នែកសៀករូបនេះក៏បានលើកឡើងពីការខំជម្នះខ្លួន ពេលសម្របជីវិតរស់នៅលើទឹកដីឯនាយសមុទ្រផងដែរ។
លោកបានបន្តទៀតថា៖ «ពេលទៅដល់ទីនោះដំបូង វាពិតជាលំបាកណាស់ក្នុងការសម្របខ្លួននឹងភាពខុសគ្នានៃពេលវេលា អាកាសធាតុ ចំណីអាហារ និងភាសា។ ខ្ញុំនឹកផ្ទះ មិត្តភក្តិ និងគ្រូៗនៅហ្វារ។ ប៉ុន្តែខ្ញុំនៅជាមួយមិត្តសៀកឈ្មោះ ឌីណា ដែលយើងជាតំណាងឱ្យកម្ពុជាតែ ២ នាក់ប៉ុណ្ណោះ ដែលមានសមត្ថភាពចូលរៀននៅសាលាដែលមានកិត្យានុភាព និងតម្លៃថ្លៃ ព្រមទាំងពិបាកក្នុងការចូលទៀតផង ដូច្នេះហើយ ខ្ញុំគិតថា ខ្ញុំគួរតែខិតខំប្រឹងប្រែងហាត់ឱ្យបានច្រើនបំផុត»។
តួអង្គនៅក្នុងខ្សែភាពយន្តឯកសារដែលទើបឈ្នះពានរង្វាន់រូបនេះបាននិយាយទៀតថា៖ «ខ្ញុំបានហ្វឹកហាត់នៅទីនោះយ៉ាងលំបាកអស់រយៈពេល ៥ ឆ្នាំមិនមកផ្ទះសោះ។ ប្រជាជននៅទីនោះ បានស្វាគមន៍យ៉ាងកក់ក្តៅ។ នេះជាការចងចាំ និងបទពិសោធដ៏ល្អមួយ បន្ទាប់មក ឌីណា និងខ្ញុំ បានក្លាយជាជនជាតិខ្មែរដំបូងគេ ដែលអាចសម្តែងនៅកម្មវិធី Cirque du Soleil!»។
សម្រាប់ប្រិយមិត្ត ដែលចងទស្សនាកុនឯកសាររឿង Cirque du Cambodia នោះ អាចចូលតាមបណ្តាញសង្គមយូធូប https://www.youtube.com/watch?v=yTfLB-gkRf4 ៕