ភ្នំពេញៈ ខណៈ​ពេល​នេះ​អតីត​បវរកញ្ញា​ចក្កវាឡ​កម្ពុជា​ឆ្នាំ​ ២០១៨ កញ្ញា រឿន ណាត កាន់តែ​លេចធ្លោ​លើ​វិថី​សិល្បៈ​សម្តែង ក្រោយពី​លេច​មុខ​ក្នុង​កុន​អប់រំ​ខ្លី​រឿង «​រឹងមាំ​» ហើយ​កញ្ញា​ក៏​ទើបតែ​ក្តាប់​បាន​ឱកាស​ថ្មី​មួយ​ទៀត​ថត MV ​ឲ្យ​ផលិតកម្ម​ចម្រៀង​ធំ​ក្នុង​ស្រុក​គឺ​ហង្សមាស​។ នេះ​បើ​តាម​កញ្ញា​ រឿន ណាត បង្ហោះ​រូបថត ផ្អែមល្ហែម​ជាមួយ​នឹង​តារាចម្រៀង​ប្រុស​ល្បី​ក្នុង​ផលិតកម្ម​ហង្សមាស​លោក ឆន សុវណ្ណរាជ នាពេល​ថត MV ថ្មី​តារាចម្រៀង​ប្រុស​រូបនេះ​។


ស្រី​ស្រស់​តំណាង​សម្រស់​ឲ្យ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៨ នៃ​ការប្រកួត​បវរកញ្ញា​ចក្កវាឡ​ពិភពលោក​កញ្ញា រឿន ណាត មិន​ត្រឹម​តែ​មាន​សម្រស់​ស្អាត​ទេ​ថែម​ទាំង​មាន​ទេពកោសល្យ​អាច​បត់បែន​តាម​វិស័យ​សិល្បៈ​សម្តែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​នាង​ខ្ញុំ​បាន​ចូល​សិល្បៈ​ដំបូង​តាមរយៈ​ការប្រឡង​បវរកញ្ញា​ចក្កវាឡ​ឆ្នាំ​ ២០១៨ ដែល​ជា​គោលបំណង​ដំបូង​មិន​ដែល​មាន​គម្រោង​ចូល​សិល្បៈ​ពេញលេញ​បែប​ហ្នឹង​ទេ​! គឺ​គ្រាន់តែ​ចង់​ធ្វើ​ជា​បវរកញ្ញា​ម្នាក់​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ចូល​ប្រកួត​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក តែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​ដោយសារ​មាន​អ្នក​គាំទ្រ​ខ្ញុំ ចង់​ឃើញ​ការសម្តែង​របស់​ខ្ញុំ​នោះ ទើប​សម្រេចចិត្ត​ចូល​សម្តែង​តែ​ម្តង​ទៅ​»​។


នាពេល​បច្ចុប្បន្ន​តារាសម្តែង​ស្រី និង​តារា​ម៉ូដែល​កញ្ញា រឿន ណាត កំពុង​តែ​មមាញឹក​ខ្លាំង​ក្នុង​ការដើរ​បង្ហាញ​ម៉ូដ​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​ថត​ឲ្យ​ទស្សនាវដ្តី​ទៀត​ផង​ដែរ​។ លើស​ពី​នេះ​នាង​ក៏​លេចមុខ​ក្នុង​ការសម្តែង MV បទចម្រៀង​ជាមួយ​កំពូល​តារាចម្រៀង​ប្រុស ឆន សុវណ្ណរាជ នៅ​ផលិតកម្ម​ហង្សមាស​ទៀត​។


តារាស្រី​ដែល​កំពុង​តែ​មាន​រាសី​ឡើង​ក្រឺតៗ និង​លេចធ្លោ​លើ​វិថី​សិល្បៈ​រូបនេះ​បន្ត​ពី​ការចាប់ផ្តើម​សម្តែង​ទៀត​ថា​៖ «​ខ្ញុំ​ទើប​តែ​បាន​ទទួល​សម្តែង​ក្នុង​រឿង «​រឹងមាំ​» ដែល​បាន​ចាក់​បញ្ចាំង​រួច​ហើយ ឯ​រឿង​ក្រោយ​ទៀត​ជា​រឿង​ភាគ ប៉ុន្តែ​ចាប់ពី​ខែ​​ឧសភា ឆ្នាំ​ ២០១៩ ទៅ​ទើប​ខ្ញុំ​ចាប់ផ្តើម​ថត ហើយ​ចំពោះ​ការថត MV នេះ ខ្ញុំ​ក៏​ទើប​តែ​បាន​សម្តែង​ជាមួយ​បង ឆន សុវណ្ណារាជ កាលពី​ថ្មីៗ​ដែរ​ទេ និយាយ​រួម​ទៅ​ការងារ​ក្នុង​សិល្បៈ​ខ្ញុំ​ទទួល​ទាំងអស់ ប៉ុន្តែ​លុះត្រាតែ​ខ្ញុំ​បាន​ហ្វឹកហាត់​ឲ្យ​ចេះ​សិន​ដែរ ទើប​ខ្ញុំ​ហ៊ាន​ទទួល​ព្រោះ​ខ្ញុំ​ចង់​បាន​គុណភាព​ការងារ​ជាង​គិត​រឿង​លុយ​»​។


កញ្ញា រឿន ណាត ក៏​បន្ថែម​ថា​៖ «​ចំណែកឯ​ចម្រៀង​វិញ ខ្ញុំ​ទៅ​អត់​រួច​ទេ​! ខ្ញុំ​គិតថា សំឡេង​ខ្ញុំ​អត់​ពីរោះ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​កំពុង​តែ​ហាត់សម​ធ្វើ​ជា​ពិធីការិនី​ផង​ដែរ ដោយសារ​តែ​មួយរយៈ​មុន​គឺ​មាន​ខាង​ទូរទស្សន៍​ទាក់ទង​ចង់​ឲ្យ​ធ្វើ​ជា​ពិធីការិនី ហើយ​ខ្ញុំ​ក៏​មិន​ប្រាកដ​លើ​ខ្លួនឯង ទើប​បាន​បដិសេធ​សិន​»​។


ស្រីស្រស់ រឿន ណាត ក៏​បាន​បញ្ជាក់​ពី​គោលជំហរ​​ថ្ងៃ​អនាគត​ដែរ​ថា​៖ «​ថ្ងៃ​ខាង​មុខ ខ្ញុំ​ចង់​បើក​សាលាបង្រៀន​ភាសា​អង់គ្លេស សម្រាប់​សិស្ស​ដែល​គ្មាន​លទ្ធភាព​ទៅ​រៀន​សាលា​ឈ្នួល​។ ខ្ញុំ​នឹង​បើក​បង្រៀន​មិន​យក​កម្រៃ​ទេ ព្រោះ​មិន​ចង់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​អត់​ចេះ​ភាសា​អង់គ្លេស​ដូច​កាលពី​ខ្ញុំ​នៅ​ក្មេង​គឺ​ពិបាក​រក​កន្លែង​រៀន​»៕