ក្រុងញូវដែលី៖ សាន់នីត សាម៉ា បាន​រៀបចំ​ពិធីបុណ្យ​ជា​ច្រើន​នាក់​ក្នុងមួយ​ថ្ងៃ​ដោយសារតែ​វិបត្ដិ​កូវីដ​សកល​នៅ​ប្រទេស​ឥណ្ឌា​ ដោយ​គ្មាន​ការ​តក់​ស្លុត​អ្វី​ឡើយ​ តែ​លោក​ហាក់​ដូចជា​ភាន់​ភាំង​ស្មារតី​ពេល​បាន​ឃើញ​ឪពុក​ម្នាក់​បី​សព​កូន​ស្រីតូច​មក​កាន់​ទី​ប៉ាឆា។


អ្នក​ស្ម័គ្រ​ចិត្ដ​អាយុ ៤៨ ​ឆ្នាំ ​មក​ពី​ទីក្រុង​ញូវដែលី​ក្នុងនាម​ជា​សមាគម​ Sikh ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ជា​ច្រើន​កំពុង​តែ​ធ្វើ​កិច្ច​មនុស្សធម៌ និង​ប្រពៃណី​សាសនា​ក្នុងការ​ជួយ​គ្រួសារ​សព​ជូន​ដំណើរ​អ្នក​ស្លាប់​ជាលើក​ចុងក្រោយ​។


សពមក​ដល់​ទីប៉ាឆា និង​កន្លែង​បញ្ចុះ ហាក់​គ្មាន​ការ​ស្រាក​ស្រាន្ដ​នា​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ហើយ​ក្រុម​ការងារ​ខិត​ខំ​បំពេញ​ភារកិច្ច​ជា​ច្រើន​ម៉ោង​ក្រោម​កម្ដៅ​ថ្ងៃ​ក្នុង​ឯក​សណ្ឋាគារ​ការពារ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ឆ្លង​វីរុស​។


មិន​ខុស​ពីលោក សាម៉ា ក្រុម​អ្នក​ស័្មគ្រ​ចិត្ដ​ដទៃ​ មាន​សណ្ដានចិត្ដ​ចែករំលែក​ភាព​សោក​សៅ និង​ជួយ​សែង​សព​ទៅរៀបចំ​ពិធី​ចុងក្រោយ​។


លោក សាម៉ា បាន​ប្រាប់ AFP ថា​៖ «​យើង​ធ្វើ​ក្នុង​នាម​មនុស្សធម៌ និង​សណ្ដានចិត្ដ​។ ប៉ុណ្ណឹងឯង​។ ជួន​កាល វា​ពិត​ជា​ឈឺ​ចាប់​មែន​ទែន​»។


នៅ​ក្រោយ​ខ្នង​លោក ផ្សែង​ហុយ​ខ្មួល​ខ្មាញ​ចេញ​ពី​រងើក​អុស​បូជា​សព​ ហើយ​សមាជិក​គ្រួសារ​ឈរ​យ៉ាង​ស្ងៀមស្ងាត់​ក្នុង​ឈុត​ការពារ​។

លោក សាម៉ា បាន​បន្ដថា​៖ «​យើង​ធ្លាប់​បូជា​សព​ប្រមាណ ៥០ ​នាក់​ក្នុង​មួយ​ថ្ងៃ​ តែ​យើង​មិន​ដែល​ស្រក់​ទឹក​ភ្នែក​នោះទេ។ ថ្ងៃនេះ ខ្ញុំ​បានឃើញ​ក្មេង​ស្រី​តូច​ម្នាក់​ ហើយ​ថ្ងៃនេះ យើង​ក៏​ចាប់​ផ្ដើម​ហូរ​ទឹក​ភ្នែក​។ មែន​ហើយ ខ្ញុំ​ខ្លាច​ណាស់​»។

លោក​ដេក​ក្នុងរថយន្ដ​នា​ពេល​រាត្រី និង​មិន​បាន​ជួប​មុខ​ក្រុម​គ្រួសារ​ ២​ ខែ​មកហើយ​ ដោយ​បារម្ភថា លោក​អាច​ឆ្លង​វីរុស​ទៅដល់​ពួកគេ។

លោក ស៊ីយេដ អ៊ីប្រាហ៊ីម ជា​អ្នក​ស្ម័គ្រ​ចិត្ដ​ម្នាក់​ទៀត មក​ពី​សហគម​មូស្លីម នៅ​ភាគអាគ្នេយ៍​ទីក្រុង​ឈេនណៃ ក៏​បាន​ដឹង​ពី​កត្ដា​ហានិភ័យ​នេះ​ដែរ​។

លោក​បាន​និយាយថា​៖ «ប្រាកដ​ណាស់ ខ្ញុំ​ខ្លាច​។ នេះជា​ជំងឺ​ដ៏កាច​សាហាវ​។ ចំពោះ​សាសនា​របស់​យើង ព្រះជាម្ចាស់​បាន​រៀបចំ​ដំណើរ​ជីវិត​ឱ្យ​យើង​រួច​ហើយ​។ ដូច្នេះ យើង​ត្រូវ​បំពេញ​ការងារ​បញ្ចុះ​សព​ និង​ជួយ​អ្នក​ដទៃ​ប្រកប​ដោយ​ភាព​ក្លាហាន​»។

ថ្លៃ​សេវាកម្ម​រថយន្ដ​សង្គ្រោះ​បន្ទាន់​ មាន​តម្លៃ​ខ្ពស់​ ដែល​នាំ​ឱ្យក្រុម​សាសនា​គ្រឹស្ដ ព្រហ្មញ្ញ និង​មូស្លិម​ «Mercy Angels» ក្នុង​ក្រុង​បាងហ្គាល័រ មក​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ក្នុង​ការ​ដឹក​ជញ្ជូន​សព​ទៅកាន់​បច្ឆា និង​ទី​​បញ្ចុះ​សព​។

ការរៀបចំ​ទីបញ្ចុះ​សព និង​រៀបចំ​កម្មវិធី​សាសនា​ចុងក្រោយ​អាស្រ័យ​ទៅ​តាមសាសនា​របស់​សាមីអ្នក​ស្លាប់​។

អ្នក​បើកបរ មូហាមេដ សាឌីក បាន​ប្រាប់ AFP ថា​៖ «យើង​បម្រើ​ជូន​ទាំង​អស់​គ្នា មិន​ថា ជា​ព្រហ្មញ្ញ មូស្លីម ឬ​គ្រិស្ដ​នោះទេ​»។

ការ​ភ័យ​ខ្លាច​ចំពោះ​វីរុសក្នុង​ប្រទេស​ជាមួយ​អត្រា​ឆ្លង​ខ្ពស់​បំផុត​លំដាប់​ទី​ ២​ ក្នុង​លោក ដែល​មាន​កំណត់ត្រា​អ្នក​ស្លាប់ជាង​ ២៦២​០០០​នាក់​នា​ពេល​បច្ចុប្បន្ន ថ្វីដ្បិតតែ​ក្រុម​អ្នក​ជំនាញ​និយាយ​ថា តួលេខ​ពិត​ប្រាកដ​មាន​ច្រើន​ជាង​នេះ​ ត្រូវបាន​មើល​ឃើញ​ក្រុម​គ្រួសារ​ខ្លះ​មិនបាន​​ខ្វល់​ខ្វាយ​ចំពោះ​បុណ្យ​សព​អ្វី​ទេ។

លោក មាឌី រ៉ាហ្សា អាយុ ៣០ ​ឆ្នាំ ដែល​បើក​ហាង​កាហ្វេ​មួយ​នៅភាគ​ខាង​ជើង​ក្រុងឡាក់ណាវ និង​បាន​កំពុង​ប្រារឰ​ពិធី​បុណ្យ​​រ៉ាម៉ាដន លោក​បាន​បញ្ចុះ​សព​ជន​រង​គ្រោះ​ដោយសារ​កូវីដ រាប់​រយ​នាក់​តាំងពី​ចាប់​ផ្ដើម​ផ្ទុះ​ការ​រីក​រាលដាល​ឆ្នាំ​មុន។

ប៉ុន្ដែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លោក​ក៏​បាន​ទទួល​ការ​ហៅ​ជួយ​ពី​សហគម​ក្រៅ​មូស្លីម​ផង​ដែរ។

លោក​បាន​ប្រាប់ AFP ថា​៖ «​សព​មួយ​ត្រូវបាន​ទុក​ចោល ៨​ ម៉ោង​នៅ​ក្នុង​ផ្ទះ​នៃ​គ្រួសារ​មួយ​ ខណៈអ្នក​ផ្ទះ​ និង​អ្នក​ជិត​ខាង​មិន​ព្រម​បូជា​។ ទីបំផុត មាន​ម្នាក់​ហៅ​ក្រុម​យើង​ ហើយ​យើង​ទៅយក​សព​ និង​បញ្ជូន​ទៅកាន់​កន្លែង​បញ្ចុះ​សព​»។

ត្រឡប់​ទៅកាន់​ក្រុង​ញូវដែលី លោក សាម៉ា រំពឹង​ថា វិបត្ដិ​នេះ​នឹង​រសាយ​បន្ដិច​ម្ដង​ៗ​ទី​ក្រុង​។

នៅថ្ងៃ​ក្រុម​ការងារ AFP ចុះ​ទៅដល់​ទី​បញ្ចុះ​សព ចំនួន​បុណ្យ​សព​បាន​ធ្លាក់​ពី​ចំនួន​ច្រើន​បំផុត​រហូត​ដល់ ១២០ ​សព ក្នុង​មួយ​ថ្ងៃ​កាល​ពី​ចុង​ខែ​មេសា មក​ត្រឹម​ចន្លោះពី ៥០ ទៅ ៨០​នាក់​។

លោក​បាន​និយាយថា​៖ «​យើង​បាន​ទទួល​ការ​រៀបចំ​សព​ត្រឹម ២៥​ នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។ ដូច្នេះ យើង​មាន​ការ​ស្រាន្ដ​ចិត្ដ​បន្ដិច​»៕ AFP/HR