ភ្នំពេញ៖ ​នា​ពេល​ថ្មីៗ​នេះ ស្រាប់​តែ​ផ្ទុះ​នូវ​​​ការ​ងឿង​​ឆ្ងល់ និង​សង្ស័យ​ពី​មហាជន ​ ចំពោះ​ភាព​ខុស​​​​​​ប្លែក​នៃ​​​​​​ទម្រង់​មុខ​ និង​​​​​រូប​សម្រស់​របស់​តារា​​​​ចម្រៀង​​​ស្រី​​នៅ​ផលិតកម្ម​​​​​ហង្សមាស ​កញ្ញា លាង សុផា​​ឡែន​ ខណៈ​​​ពេល​​លេច​វត្តមាន​​​ឡើង​វិញ​ នៅ​​ក្នុង​ការ​​​ប្រគំ​​​​តន្រ្តី​​នានា ក្រោយ​ពី​ស្ងាត់​មួយរយៈ​មក​។​


ក្រោយ​ពី​​បង្ហាញ​​​វត្តមាន​ក្នុង​ការ​ប្រគំ​តន្រ្តី​នៅ​ដើម​​​ខែ​មករា ​ឆ្នាំ ​២០២០ ​ប្រិយ​មិត្ត​អ្នក​គាំទ្រ​​​តារា​​​​​ចម្រៀង​​ស្រី​វ័យ​កាន់​តែ​​​​ជ្រេ ​​​​នៅ​ផលិតកម្ម​​​​​ហង្សមាស​បាន​យូរ​​​ កញ្ញា លាង សុផាឡែន​ ក៏​លាន់​មាត់​បង្ហាញ​ពី​ចំណាប់​​​​អារម្មណ៍​ទាំង​​ការ​សរសើរ​ពី​សម្រស់​ប្លែក និង​ការ​ងឿង​ឆ្ងល់​ត្រង់ៗ​ថា៖ ​«ភាព​ខុស​ប្លែក​នៃ​សម្រស់​នេះ​ទំនង​ជា​នាង​ទៅ​​​​កែ​សម្ផស្ស​ហើយ​​មើល​​​​ទៅ ​​មុខ​មាត់​​ឡើង​ស​ស្អាត​​ខុស​ប្លែក​ជាង​​មុន​ និង​មាន​ខ្ទង់​ច្រមុះ​​រាង​ស្រួច​​​ជាង​មុន​ដែរ​»។​


សូម្បី​តែ​​តារា​ចម្រៀង​ស្រី​ខ្លួន​ឯង ​ក៏​ទទួល​បាន​ការ​​​សួរ​​នាំ​ផ្ទាល់ពី​​ក្រុម​ប្រិយមិត្ត​គាំទ្រ​នាង​ ក្រោយ​ពី​ការ​​បង្ហាញ​​​វត្តមាន​​​ក្នុង​កម្មវិធី​ប្រគំ​តន្រ្តី​​កន្លង​នោះ​ដែរ ដោយ​កញ្ញា លាង សុផាឡែន ​​លើក​ឡើង​ថា​៖ «​បងប្អូន​ជា​អ្នក​​គាំទ្រ​​ភាគ​​ច្រើន​បាន​សួរ​​នាំ​មក​ខ្ញុំ​ថា តើ​ពិត​ជា​បាន​កែ​សម្ផស្ស​មែន ​ឬ​យ៉ាង​ណា?»។​​


ថ្លែង​ដោយ​មិន​មាន​ចេតនា​​លាក់​លៀម​នឹង​មហាជន​ កញ្ញា​ លាង សុផា​ឡែន បាន​​​ប្រាប់​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​​ចូលចិត្ត​លាក់​​បាំង ​ទៅ​នឹង​រឿង​នេះ​ឡើយ ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់​​ដល់​ពួក​​​គាត់​ដោយ​ត្រង់​រួច​ហើយ​ថា នាង​ខ្ញុំ​​មិន​​បាន​កែ​សម្ផស្ស​ទាំង​ស្រុង​ទៅ​​​លើ​ផ្ទៃ​មុខ​នាង​ខ្ញុំ​ឡើយ​។​ ខ្ញុំ​គ្រាន់​តែ​មាន​ការ​​កែ​ស្លាប​ច្រមុះ​បន្តិច ដែល​​បងប្អូន​មើល​ទៅ​ឃើញ​​ខុស​ប្លែក​នោះ​ឯង​ ចំពោះ​​ខ្ទង់​ច្រមុះ​វិញ​នាង​​ខ្ញុំ​មិន​បាន​កែ ឬ​ដូរ​ឡើយ​។ ម្យ៉ាង​នាង​ខ្ញុំ​ជា​មនុស្ស​ដែល​ខ្លាច​រឿង​កែ​កុន​លើ​​​ផ្នែក​សម្រស់​នៃ​ខ្ទង់​ច្រមុះ​នេះ​ណាស់ ដោយសារ​មាន​អារម្មណ៍​គិត​ថា ខ្លួន​ឯង​ខ្លាច​មាន​បញ្ហា​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន​នោះ​ឡើយ​»។​​​


កញ្ញា លាង សុផាឡែន បន្ត​ពី​​រឿង​ការងារ​សិល្បៈ​ដែរ​ថា៖ «​ចំពោះ​រឿង​ចម្រៀង ​គឺ​នាង​ខ្ញុំ​ក៏​មាន​បទ​ចេញ​ជា​ហូរហែ​មក​ដូច​គេ​ដូច​ឯង​ទេ ហើយ​រឿង​មាន​វត្តមាន​ក្នុង​ការ​ប្រគំ​តន្រ្តី​នោះ​ ​គឺ​ខាង​ក្រុមហ៊ុន​ហង្សមាស​ គេ​មាន​រៀបចំ​ជា​តារាង​កាល​វិភាគ​សម្រាប់​ក្រុម​​សិល្បករ​-សិល្បការិនី​ ព្រោះ​មាន​ចំនួន​ច្រើន​»។​​​


គួរ​កត់​សម្គាល់​ផង​ដែរ​ ចំពោះ​បញ្ហា​ស្នេហា​​​វិញ កញ្ញា លាង សុផាឡែន ​​ធ្លាប់​​​ធ្វើ​​ឲ្យ​មាន​ផ្ទុះ​ការ​ផ្អើល​ពេញ​​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយសារ​​នារី​ម្នាក់​បាន​ទម្លាយ​​ការ​​​​ពិត​ថា តារា​ស្រី​​​នៅ​​​ហង្សមាស​​កញ្ញា​ លាង សុផាឡែន មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​​ស្វាមី​ខ្លួន​គឺ​តារា​​ចម្រៀង​​​ប្រុស​​​ឈ្មោះ​​​ដើម​​លោក​ វង់ សុភៈ ឬ​​​​ឈ្មោះ​​​នៅ​ក្នុង​សិល្បៈ​ថា T.O កំពុង​តែ​រះ​លើ​ទ្រនំ​​ផលិតកម្ម​​​ថោន និង​​បាន​​​បែក​ធ្លាយ​ចេញ​​សារ​ពី​ខាង​ប្រពន្ធ​កាល​ពី​​ឆ្នាំ ​២០១៧ ​កន្លង​​មក​៕​