ក្រុង​ស៊ីដនី: បុរស​អូស្ដ្រាលី​វ័យ ៩១ ​ឆ្នាំ​ម្នាក់ បាន​រស់​រាន​មាន​ជីវិត​ពី​ឧប្បត្ដិហេតុ​គ្រោះថ្នាក់​យាន្ដ​ឆ័ត្រ​យោង​ ដោយ​ដើរ​ចេញ​ពី​កន្លែង​កើត​ហេតុ​ជាមួយ​របួស​តិច​តួច​ ក្រោយ​ធ្លាក់​ចូល​មហាសមុទ្រ​ក្បែរ​ឆ្នេរ​ភាគ​ខាង​ជើង​ក្រុង​​ស៊ីដនី​។


ប៉ូលិស​បាន​ឲ្យ​ដឹងថា អ្នក​ជិះ​យាន​ឆ័ត្រ​យោង​វ័យ​ចំណាស់​រូប​នេះ ត្រូវបាន​ជួយ​សង្គ្រោះ​ពី​មហាសាគរ​ដោយ​អ្នក​ស្រុក បន្ទាប់​ពី​លោក​ធ្លាក់​ក្បែរ​តំបន់​ជាយ​ក្រុង Warriewood ម៉ោង​ប្រមាណ ៦​ ល្ងាច​កាលពី​ថ្ងៃ​អាទិត្យ​។


កង​សង្គ្រោះ​បន្ទាន់​ត្រូវបាន​ខល​ហៅ​មក​កាន់​​​ជ្រលង​ច្រាំង​សមុទ្រ​ក្បែរ​តំបន់​នោះ ជា​ទីដែល​ក្រុមជំនួយ​ការ​​វេជ្ជបណ្ឌិត​បាន​នាំយក​បុរស​ចំណាស់​ដោយ​គ្រាន់តែ​មាន​របួស​ដាច់​រលាត់ និង​ជាំ​បន្ដិច​បន្ដួច​។



វីដេអូ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​បង្ហាញ​ពី​រូបភាព​លោក​តា​ចិត្ដ​សឿង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដើរ​កាត់​ផ្ទាំង​ថ្ម ដោយ​ជើង​ឆ្វេង​រុំ​ប៉ង​ស្មង់​ ដែល​មាន​ជំនួយ​ពី​ក្រុម​សង្គ្រោះ​។


ប៉ូលិស​បាន​ឲ្យ​ដឹងថា យាន​ឆ័ត្រ​យោង​របស់​លោក​តា​ត្រូវ​បាន​ស្រង់​ពី​ផ្ទៃ​ទឹក​។ លោកតា វ័យ ៩១​ ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ Royal North Shore Hospital ក្នុង​ក្រុង​ស៊ីដនី៕ AFP/HR