ល្បី​ តូតា ត្រៀម $ ១០ ម៉ឺន សម្រាប់​រៀបចំ​ពិធី​មង្គលការ

Content image - Phnom Penh Post
លោក ប៉ុល វិបូ និងកញ្ញា ​តូតា នឹង​ចូល​រោង​ការ​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០។ រូបថត ហ្វេសប៊ុក​

ភ្នំពេញ៖ បាំង​​ពេល​មិន​ដល់​​ ១ ​ខែ​ទៀត​​ទេ ពិធី​មង្គលការ​តារា​សម្តែង​ស្រី​​ស្អាត​មាន​បបូរ​មាត់​សិច​ស៊ី ម៉ាក់ សែនសូនីតា ហៅ​កញ្ញា តូតា និង​លោក ប៉ុល វិបូ​ អតីត​អគ្គនាយក​រង​ទូរទស្សន៍​ CTN​ និង​​ថៅកែ​​ផលិតកម្ម​អង្គរ​ភីចឈ័រ នឹង​ដល់​ថ្ងៃ​​កំណត់​តាម​វេលា​នៃ​​គន្លង​ប្រពៃណី​ខ្មែរ​ហើយ ខណៈ​​ល្បី​ថា អ្នក​​​​ទាំង ​២ ត្រៀម​ប្រាក់​ ១០ ម៉ឺន​ដុល្លារ​​​ សម្រាប់​រៀបចំ​ពិធី​អាពាហ៍​ពិពាហ៍​នៅ​ឯ​​សណ្ឋាគារ​លំដាប់​ផ្កាយ ​៥។​​

ចំណង​ស្នេហា​រៀបការ​របស់​​ស្រី​ស្អាត ​ម៉ាក់​ សែនសូនីតា ហៅ តូតា និង​លោក ប៉ុល វិបូ​ ​ហៅ​លោក នីត ដល់​ថ្ងៃ​កំណត់​ជាក់​លាក់​ជា​ផ្លូវ​ការ​ក្រាប​សំពះ​ផ្ទឹម​តាម​ប្រពៃណី​ខ្មែរ​នៅ​ថ្ងៃទី ១៦ ខែ ​មីនា ឆ្នាំ ​២០២០​ នេះ​ហើយ​ ធ្វើ​នៅ​សណ្ឋាគារ​ផ្កាយ ៥ សុខា​​ភ្នំពេញ ដែល​នឹង​អញ្ជើញ​​​​ភ្ញៀវ​ជា​តារា​ល្បីៗ​រាប់​រយ​នាក់​​ចូលរួម ខណៈ​​ការ​ចំណាយ​​វិញ ត្រូវ​បាន​គេ​ប្រមាណ​​ថា​មិន​ក្រោម ១០ ម៉ឺន​ដុល្លារ​ឡើយ។

យ៉ាង​​ណា​កញ្ញា ម៉ាក់ សែនសូនីតា មិន​​លើក​​​ទូរស័ព្ទ​ឡើយ​ទើប​មិន​​អាច​​​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លើ​រឿង​​​គម្រោង​ហៅ​ភ្ញៀវ និង​ការ​ចំណាយ​ប្រាក់​សម្រាប់​មង្គលការ​នោះ​ ប៉ុន្តែ​មុន​​ធ្លាយ​​រឿង រៀបការ​នេះ​កញ្ញា​ តូតា ក៏​បាន​​ព្រលយ​ប្រាប់​អ្នក​​​សារព័ត៌មាន​ដែរ​​ថា មង្គលការ​​របស់​នាង​​នឹង​គ្រោង​យក​​ហាង​​​សម្អាង​ការ​ចំនួន​ ៣​ ហាង​​​ផ្សេងៗ​គ្នា ហើយ​រាល់​កម្មវិធី​​​ផ្សេង​ប្រើ​សម្អាង​​ការ​ដាច់​ដោយ​​ឡែក​​ពី​គ្នា​តែ​​ម្តង​ ហើយ​ក៏​ស្វាគមន៍​អ្នក​សារព័ត៌មាន​ ដែល​ចង់​ទៅ​ថត​ ឬ Live បាន​តាម​ចិត្ត​ចង់​​ទៀត​​ផង​។​​

ដោយ​ឡែក​ក្នុង​ជំនួប​តាម​​ទូរស័ព្ទ​កាល​ពី​ពេល​ថ្មីៗ​នេះ​លោក ប៉ុល វិបូ ហៅ នីត ឲ្យ​ដឹង​ថា​៖​ ​«ខ្ញុំ​​ និង​គាត់​​រៀប​ការ​​ថ្ងៃ​ទី ​១៦​​ ខែ មីនា​ ​ឆ្នាំ​ ២០២០ ហ្នឹង​​មែន! ​កម្មវិធី​របស់​ពួក​យើង​ធ្វើ​នៅ​សណ្ឋាគារ​សុខា​​​ភ្នំពេញ​ លក្ខណៈ​កណ្តាល​មិន​ធំ​ដុំ​ណាស់​ណា​ទេ ប៉ុន្តែ​យើង​ត្រៀម​ទទួល​ភ្ញៀវ​ជាង ១០០ តុ ទេ​​​​ ក្នុង​នោះ​​មាន​ទាំង​អ្នក​សិល្បៈ​ និង​ពី​​ខាង​ក្រៅ​សិល្បៈ​។​

លោក នីត បន្ថែម​ថា៖ «​ការ​ចំណាយ​ យើង​មិន​ទាន់​អាច​ប្រមាណ​បាន​ថា នឹង​អស់​លុយ​​​​ប៉ុន្មាន​​ទេ គឺ​ចាំ​មើល​តាម​​ភាព​​ជាក់​ស្តែង​សិន។ ​មង្គល​ការ​របស់​ពួក​យើង​​ គឺ​ស្វាគមន៍​ដល់​អ្នក​កាសែត​គ្រប់​ស្ថាប័ន​ទាំង​​អស់​តែ​ម្តង ​យើង​មិន​មាន​រឿង​អី​ត្រូវ​បិទ​បាំង​ទេ!»។​ ចំណែក​​ចំណង​ស្នេហ៍​រវាង ម៉ាក់ សែន​សូនីតា និង​លោក ប៉ុល វិបូ បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​គ្នា​ជាង ៥ ឆ្នាំ​មក​ហើយ ដែល​ថ្មីៗ​នេះ​ តូតា បាន​ងាក​ទៅ​ធ្វើ​ជំនួញ​ជាមួយ គូ​ស្នេហ៍​ច្រើន​ជាង​ការងារ​សិល្បៈ ដូចជា​បើក​ភោជនីយដ្ឋាន និង​ហាង​លក់​សម្លៀក​បំពាក់ ដែល​ចំណាយ​ទុន​អស់​រាប់​សែន​ដុល្លារ​ទៀត​ផង៕​