ក្រុង​តូក្យូ៖ ក្នុង​ទីក្រុង «​សេអ៊ូល​​ដ៏​តូច​» នៃ​តំបន់​មួយ​របស់​ទីក្រុង​តូក្យូ អ្នក​ដើរ​ផ្សារ​​ជនជាតិ​ជប៉ុន​នាំ​គ្នា​​ទិញ​ផលិតផល​នានា​ទាំង​មុខ​ស្រោប​ក្រែម​ផាត់​​មុខ​តាម​ម៉ូដែល​តារា​ K-Pop និង​តារា​ភាពយន្ដ​កូរ៉េ​ ដែល​ទំនង​ជា​អាច​ជួយ​រឹត​ចំណង​មិត្ដភាព​ជប៉ុន​-​កូរ៉េ កាន់​តែ​ស្អិតល្មួត​។


ភ្ញៀវ​​ដើរ​ផ្សារ​ Shin-Okubo អាច​គិត​ថា ពួក​គេ​កំពុង​តែ​ចូល​ក្នុង​សង្កាត់​ណា​មួយ​នៃ​ទីក្រុង​សេអ៊ូល ​ដោយ​មាន​ភោជនីយដ្ឋាន​ជា​ច្រើន​លក់​​​គីមឈី និង​ហាង​​លក់​អាល់ប៊ុម​ចម្រៀង​ចុង​ក្រោយ​របស់​ក្រុម​កូរ៉េ K-pop BTS ឬ Wanna One​។



ខុស​ស្រឡះ​ពី​នៅ​ប្រទេស ​កូរ៉េ​ខាង​ត្បូង​ ដែល​ពលរដ្ឋ​តែងតែ​ចង​កំហឹង​ និង​អត់​ទិញ​ផលិតផល​ជប៉ុន​ នៅ​ក្រុង​តូក្យូ​ឯណេះ​វិញ បញ្ហា​​​នយោបាយ​មិនអាច​បន្សាប​​ឥទ្ធិពល​អ្នក​គាំទ្រ​ផលិតផល​កូរ៉េ​នៅ​ប្រទេស ​ជប៉ុន ​ទេ។


កញ្ញា អានណា កាណេកុ ជា​យុវតី​ជប៉ុន​អាយុ ១៩ ឆ្នាំ ជា​និស្សិត​ម្នាក់​ដែល​តែងតែ​ទៅ​ផ្សារ​​ Shin-Okubo ជាមួយ​មិត្ដភក្ដិ​បាន​និយាយ​ថា​៖ «​ខ្ញុំ​ចូលចិត្ដ​គ្រប់​យ៉ាង​ K-pop អាហារ និង​សម្លៀក​បំពាក់​។ ខ្ញុំ​ក៏​ចង់​ឲ្យ​ប្រទេស​ទាំង ​២ ល្អ​នឹង​គ្នា​ផង​ដែរ​»។


ការ​ចងចាំ​មិន​អាច​បំភ្លេច​បាន​ចំពោះ​អតីតកាល​ដ៏​ជូរ​ចត់​នៃ​សង្គ្រាម​បង្ហូរ​ឈាម​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ការ​គ្រប់គ្រង​ឧបទ្វីប​កូរ៉េ​ពី​សំណាក់​ភាគី​ជប៉ុន ដោយ​ពលរដ្ឋ​កូរ៉េ​រាប់​សែន​នាក់​ត្រូវ​បញ្ជូន​ធ្វើ​ទាសករ​នៅ​ជប៉ុន ខណៈ​នារីៗ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ពេស្យាចារ​ក្នុង​នាម​ជា​ទាសករ​កាមគុណ​ក្នុង​សម័យ​សង្គ្រាម​។

កន្លែង​បណ្ដុះបណ្ដាល​ភាសា​កូរ៉េ​ នៅ​ទីក្រុង​តូក្យូប្រទេស​ជប៉ុន។ រូបថត AFP

BaeCheo-leun ដែល​បើក​អង្គការ​មួយ​ និង​នាំ​យក​បុគ្គលិក​កូរ៉េ​មក​ធ្វើ​ការ​នៅ​ជប៉ុន​បាន​សារភាព​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន «​សម្ដី​ស្អប់​» ប្រឆាំង​ជនជាតិ​កូរ៉េ​រមែង​ត្រូវ​បាន​ឮ​ពេញៗ​ត្រចៀក​ ជុំវិញ​ផ្សារ​ Shin-Okubo តែ​សកម្មភាព​នេះ​ បច្ចុប្បន្ន​វា​ហាក់​ដូចជា​រសាយ​ច្រើន​។

លោក Bae ដែល​ចោទ​ប្រកាន់​លើ​អ្នក​នយោបាយ​លើ​ភាព​ប្រេះ​ឆា​របស់​ប្រជាជាតិ​ទាំង ២ បាន​និយាយ​ថា​៖ «អ្នក​គាំទ្រ​ K-pop ជនជាតិ​ជប៉ុន​វ័យ​ក្មេង ដែល​មក​សង្កាត់​នេះ ពិត​ជា​ស្រឡាញ់​វប្បធម៌​កូរ៉េ​ប្រាកដ​មែន​»។

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​ចាប់​ផ្ដើម​យុទ្ធនាការ​លែង​ប្រើ​ផលិតផល​ជប៉ុន ​ចាប់​ពី​ស្រាបៀរ សម្លៀក​បំពាក់ និង​គ្រឿង​សម្អាង​រហូត​ដល់​បារី តែ​នៅ​ជប៉ុន​ អ្នក​គាំទ្រ​ផលិតផល​កូរ៉េ​ខាង​ត្បូង​ ​ហាក់​មិន​ប្រែប្រួល​ទំនោរ​ទេ។

វប្បធម៌​កូរ៉េ​ខាង​ត្បូង បាន​សាប​ព្រោះ​ទូទាំង​ពិភព​លោក​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ដែល​កើត​ឡើង​ដោយ​ភាព​ជោគជ័យ​នៃ​តារា​ K-pop ល្បីៗ​ ដូចជា PSY ជា​ដើម ដែល​ចម្រៀង​របស់​លោក​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត​ក្នុង​ឆ្នាំ ​២០១២ (Gangnam Style) ដោយ​វា​បាន​ក្លាយ​ជា​វីដេអូ​ដំបូង​បំផុត​មាន​អ្នក​ទស្សនា ១ ពាន់​លាន​ដង​លើ​យូធូប​ ហើយ BTS ឈរ​លើ​កំពូល​តារាង​នៅ​អាមេរិក និង​ចក្រភព​អង់គ្លេស​នា​ដើម​ឆ្នាំ​នេះ​៕ AFP/HR