ភ្នំពេញៈ ដើម្បី​ចូល​រួម​លើក​កម្ពស់លើ​​វិស័យ​បដិ​សណ្ឋារ​កិច្ច​នៅ​​​កម្ពុជា​ ស្ថាន​ទូរ​របស់​ប្រទេស​ស៊ុយ​អែត ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ចុះ​កិច្ច​ព្រៀម​ព្រៀង​មួយ​ផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន ២ លាន ដុល្លារ លើ​គម្រោង​រយៈ​ពេល​៣​ឆ្នាំ នៃ​ការ​បណ្តុះ​បណ្តាល​យុវជន​ខ្មែរ​លើ​មុខ​វិជ្ជា​ចម្អិន​ម្ហូប​អាហារ​ ប្រកប​ដោយ​ជំនាញ​ត្រឹម​ត្រូវ​ទៅ​ឲ្យ​វិទ្យា​ស្ថាន​​ម្ហូប​អាហារ​កម្ពុជា​ កាល​បី​ថ្ងៃ​ទី​១ ខែ សីហា ឆ្នាំ​២០១៨។


លោក​ Samuel Hurtig ប្រធាន​​កិច្ច​សហ​ប្រតិបត្តិ​ការ​អភិ​វឌ្ឍ​ន៍​អន្តរ​ជាតិ​របស់​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា៖ «ការ​ទទួល​បាន​ការ​អប់រំ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ចម្បង​មួយ​សម្រាប់​ជំនួយ​របស់​ស៊ុយអែត​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​អភិ​វឌ្ឍន៍​ជំនាញ​នៅ​ក្នុង​វិស័យ​បដិសណ្ឋារ​កិច្ច​នេះ ពិតជា​មាន​សារ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​រីក​ចម្រើន​ នាពេល​​អនាគត​ និង​សុខមាលភាព​របស់​​ប្រទេស​ក៏​ដូចជា​ប្រជាជន​កម្ពុជា»។


ប្រធាន​​​​កិច្ច​សហ​ប្រតិបត្តិ​ការ​អភិ​វឌ្ឍ​ន៍​អន្តរ​ជាតិ​របស់​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា លោក​ Samuel Hurtig ​បន្ត​ថា៖ «យើង​​ពិតជា​រីក​រាយ​ក្នុង​លការ​គាំទ្រ​ដល់​វិទ្យា​ស្ថាន​ម្ហប​អាហារ​កម្ពុជា​ ដើម្បី​បណ្តុះ​បណ្តាល​យុវជន​នៅ​កម្ពុជា​អំពី​ជំនាញ​ និង​ចំណេះ​ដឹង​ផ្សេងៗ​នៅ​ក្នុង​​បដិ​សណ្ឋារ​កិច្ច​»។​


លោក Pierre Tami នាយក​ប្រតិបត្តិ​​វិទ្យា​ស្ថាន​​ម្ហូប​អាហារ​កម្ពុជា​ (ACAC) បង្ហើប​ឲ្យ​ដឹង​ពី​ការ​កកើត​វិទ្យាស្ថាន​​ថា​​៖ «គោល​បំណង​សំខាន់​របស់​​វិទ្យា​ស្ថាន​​ម្ហូប​អាហារ​កម្ពុជា​​ គឺ​រូម​ចំណែក​ក្នុង​ការ​កសាង​ជំនាញ និង​បង្កើត​​ឱកាស​ការងារ​សម្រាប់​យុវជន​កម្ពុជា​ តាម​រយៈ​ការ​រៀបចំ​បង្កើត​ជា​វិទ្យាស្ថាន​នេះ ដែល​មាន​កម្ម​វិធី​សិក្សា​ផ្នែក​បដិ​សណ្ឋារ​កិច្ច​ ស្រប​​តាម​បទ​ដ្ឋាន​ស្តង់ដារ​ប្រទេស​អាស៊ាន​ និង​ការ​អប់រំ​តាម​ស្តង់​ដារ​ប្រទេស​ស្វីស»។​


ចាប់​តាំង​ពី​ដំណើរ​ការ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ ២០១៧ មក​វិទ្យាស្ថាន​​​ម្ហូប​អាហារ​កម្ពុជា​ បាន​ក្លាយជា​វិទ្យា​ស្ថាន​សម្រាប់​មនុស្ស​គ្រប់​រូប​ និង​បាន​ផ្តល់​អាហារ​រូប​ករណ៍​ Naomi Tami Memorial Scholarship ដល់​សិស្សនាសិស្ស​ ដែល​ពុំ​មាន​លទ្ធ​ភាព​ក្នុង​ការ​បង់​ថ្លៃ​សិក្សា​បាន​ចូល​រៀន​ដោយ​ឥត​មាន​ការ​បង់​ប្រាក់​ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​វិស័យ​អបរំ និង​ការ​ចិញ្ចឹម​ជីវិត​របស់​ពួកគាត់៕