ក្រុងហាណូយ: ឫស្សី​ជា​សម្ភារ​សាមញ្ញ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​វៀតណាម តែ​ឫស្សី​ក៏​ជា​ឧបករណ៍​យ៉ាង​ពិសេស​ក្នុង​ក្រអៅ​បេះដូង​វៀតណាម​ផងដែរ​។ នៅ​រោង​សៀក​ឫស្សី​វៀតណាម ឫស្សី​ត្រូវ​បាន​ប្រើ​លើស​ពី​ឧបករណ៍​ធម្មតា​សម្រាប់​សកម្មភាព​សៀក​ដ៏​ជក់ចិត្ដ​មួយ​ចំនួន ដោយ​វា​មាន​មុខងារ​ជា​ជណ្ដើរ​ក្នុង​កម្មវិធី​កម្សាន្ដ​នានា​។


ឫស្សី​ត្រូវ​បាន​ប្រើ​សង់​ជា​វេទិកា​ដែល​ងាយ​បំប្លែង​ពី​ឆាក​មួយ​ទៅ​ឆាក​មួយ​ទៀត​។ ទាំងនេះ​បាន​ធ្វើឲ្យ​ឫស្សី​ក្លាយ​ជា​និមិត្តរូប​សំខាន់​ក្នុង​ការសម្ដែង​សៀក ហើយ​វា​បង្កើត​ភាពល្អឯក ដែល​ធ្វើឲ្យ​សិល្បៈ​កម្សាន្ដ​សៀក​វៀតណាម​ខុសប្លែក​ពី​ប្រទេស​ដទៃ​។

តន្ដ្រី​អម​ការសម្ដែង​សៀក​សុទ្ធតែ​សម្រាំង​ពី​ចង្វាក់ភ្លេង​ដែល​លាយឡំ​គ្នា​រវាង​ឧបករណ៍​ប្រពៃណី កុលសម្ព័ន្ធ និង​សម័យ​ទំនើប​។ តន្ដ្រី​ត្រូវ​បាន​តាក់តែង​ឡើង​ទៅ​តាម​ឈុត​ឆាក​នៃ​ការសម្ដែង រន្ថើន​ទៅ​តាម​ចលនា និង​មនោរម្យ​របស់​អ្នកសម្ដែង​។


មហាជន​នឹង​ទទួល​បាន​នូវ​បទពិសោធ​ស្គាល់​ប្រពៃណី​ចម្រុះ ដូចជា សិល្បៈ​គងកុលសម្ព័ន្ធ​ភ្នំ ពិណភាគ​ខាងជើង​ដែល​បន្សល់​ទុក​តាំងពី​បរមបុរាណ ខាទ្រូ (​ចម្រៀង​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​) និង​ទ្រ ឌុនកាតៃធូ ឬ តន្ដ្រី​ប្រពៃណី​អ្នក​ភាគ​ខាង​ត្បូង​។


ឧបករណ៍​នានា​ធ្វើ​ពី​ឫស្សី​ត្រូវ​បាន​យក​មក​រាំ​សម្ដែង​លើ​ឆាក​។ រូបថត VNS


ការសម្ដែង​សៀក​ឫស្សី​វៀតណាម​នីមួយៗ​តំណាង​ឲ្យ​វប្បធម៌​ប្លែកៗ​ពី​តំបន់​ខុសៗ​គ្នា​ក្នុង​ប្រទេស​។ ការរស់នៅ​បែប​ស៊ីវិល័យ​កំពុង​ធ្វើឲ្យ​ប្រពៃណី​បុរាណ​នោះ​រលាយបាត់​រូបរាង​បន្ដិច​ម្ដងៗ ដូចជា ទិដ្ឋភាព​ប្រជាជន​ដើរ​កៀង​ហ្វូង​ទា​កាត់​វាលស្រែ​ក្រោម​ពន្លឺ​ព្រះខែ​នៅ​ភាគ​ខាង​ត្បូង ពិធី​ដង្ហែ​ក្បួន​បួងសួង​ដល់​អាទិទេព​សុំ​ទិន្នផល​ស្រូវ​សម្បូរហូរហៀរ​ក្នុង​ភូមិឋាន​នៅ​ភាគកណ្ដាល​ខ្ពង់រាប ហើយ​ការណាត់​ជួប​ស្នេហ៍​ដ៏រ៉ូមេនទិក​របស់​យុវជន និង​យុវតី​នៅ​ភាគ​ខាងជើង​ប្រទេស​។

សៀក​ឫស្សី​វៀតណាម កម្រ​បង្កើត​ទស្សនីយភាព​បែប​វប្បធម៌​នេះ​ណាស់ តែ​ពេល​នេះ​វា​ក៏​បង្ហាញ​ពី​ដំណើរ​រឿង​បុរាណ​តាមរយៈ​ឈុត​ឆាក រួមទាំង​ពន្លឺ សំឡេង និង​វេទិកា​ផង​ដែរ​។

ការសម្ដែង​ធ្វើឲ្យ​មហាជន​មិន​ថា វៀតណាម និង​ជនបរទេស​ប្លែក​អារម្មណ៍​ជាមួយ​សៀក​ល្អឯក​តែ​មួយ​គត់​នេះ​។ ពួកគេ​បាន​សម្ដែង​ជាង ៥០០ កម្មវិធី​នៅ​ទីក្រុង​ជាង ៥០ ក្នុង ១៧ ប្រទេស​ដោយ​បាន​ទាក់ទាញ​មហាជន​ជាង ២០ ​ម៉ឺន​នាក់​នៅ​រោង​មហោស្រព​អូប៉េរ៉ា​ក្រុង​ស៊ីដនី សាល​មហោស្រព​សិល្បៈ​កាណាហ្គាវ៉ា សាល​មហោស្រព​សិល្បៈ​យ៉ូកូស្កា មហោស្រព​ភើត និង​សាលមហោស្រព​រាជអូប៉េរ៉ា​ក្នុង​ក្រុង Muscat​។

លោក ធួន លី ជា​នាយក​នៃ​ការសម្ដែង​សៀក​ឫស្សី​នៃ​ក្រុម A O Show បាន​និយាយ​ថា​៖ «​ពីក្រោយ​ការសម្ដែង​សៀក​នេះ សៀក​ឫស្សី​វៀតណាម​គឺជា​បេសកកម្ម​ទាក់ចិត្ដ​ជនជាតិ​វៀតណាម​ដែល​រស់នៅ​សែនឆ្ងាយ​ពី​មាតុភូមិ និង​មហាជន​អន្ដរជាតិ​ឲ្យ​បាន​ស្គាល់​នូវ​តម្លៃ និង​ភាពសម្បូរបែប​នៃ​វប្បធម៌​វៀតណាម​»៕ VNS/ Asia News Network/HR