ក្រុងបាងកក: ដំណើរ​ព្យុហយាត្រា​ជា​ក្បួន​ខាងក្រៅ​ព្រះបរមរាជវាំង​នៃ​តំបន់​ប្រវត្ដិសាស្ដ្រ​របស់​ក្រុង​បាងកក ដំរី ១១ ​ក្បាល​បាន​ក្រាបថ្វាយបង្គំ និង​បញ្ចេញ​សំឡេង​ថ្វាយព្រះពរ​ព្រះមហាក្សត្រ​ថ្មី ព្រះមហា វ៉ាជីរ៉ាឡុងកន កាលពី​ថ្ងៃ​អង្គារ​ពោល​គឺ​ ១ ​ថ្ងៃ​ក្រោយពី​ពិធី​ឡើង​គ្រងរាជ្យ​ដែល​ប្រព្រឹត្ដ​ទៅ​រយៈពេល ៣ ​ថ្ងៃ​។


ព្រឹត្ដិការណ៍​ក្បួន​ដង្ហែ​ដ៏ធំ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ព្រះមហាក្សត្រ​ថ្មី​ព្រះជន្ម ៦៦ វស្សា​បាន​បង្ហាញ​ព្រះភក្ដ្រ​ស្វាគមន៍​ប្រជានុរាស្ដ្រ​ពីយ៉រាជដំណាក់ Grand Palace ដែល​ប្រជាជន​រាប់ពាន់នាក់​សម្លឹង​មើល​ព្រះអង្គ និង​បក់​ទង់ជាតិ​រវិចៗ​។


ប៉ុន្ដែ​ក្រុម​អ្នក​បង្វឹក​ដំរី ឬ​ហ្មដំរី​នាំ​យក​ក្រុម​ថ្វាយព្រះពរ​មក​យ៉ាង​វិសេស​ដើម្បី​អបអរ​ពិធី​ឡើង​គ្រងរាជ្យ​កាលពី​ថ្ងៃ​អង្គារ បើ​ទោះបី​ជា​មហាក្សត្រ​មិន​បង្ហាញ​ព្រះ​ភក្ដ្រ​យ៉ាងណា​ក៏ដោយ​។


គ្រង​សំពត់​រុំសូត្រ​ពណ៌​លឿង និង​ពាក់​កម្រង​ផ្កា​ពណ៌​រមៀត ដំរី​លាប​ពណ៌​ស ជា​សត្វ​តំណាង​ជាតិ​ថៃ សម្ដែង​ក្បាច់​រាំហ្សាក់​ ១០​ ​ជំហាន​តំណាង​ឲ្យ​ការគ្រងរាជ្យ​របស់​រាមាទី ១០​។


ហ្មដំរី រាងថុងបាត មីផន ដែល​មកពី Ayutthaya Elephant Palace ជា​មជ្ឈមណ្ឌល​ទេសចរណ៍​ដែល​សត្វ​ដំរី​ជា​គោលដៅ​ទាក់ទាញ​និយាយ​ថា​៖ «​ដំរី​បាន​លុតជង្គង់ និង​ស្រែក ខណៈ​វា​ចង់​និយាយ​ពាក្យ​ថា សុំ​ឲ្យ​ព្រះមហាក្សត្រ​មាន​ព្រះជន្ម​យឺនយូរ​ជា​ភាសា​ដំរី​»​។


ទេសចរណ៍​ដំរី ជា​ឧស្សាហកម្ម​កាក់កប​មួយ​ក្នុង​ប្រទេស​ថៃ​ដែល​រង​នូវ​ការរិះគន់​ខ្លាំង​ពី​ក្រុម​អភិរក្ស​សិទ្ធិ​សត្វ​កាលពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

ពិធី​ឡើង​គ្រងរាជ្យ​ដ៏អធិកអធម​ជា​ពិធី​លើក​ដំបូង​នៅ​ថៃ​រយៈពេល​ ៦៩ ​ឆ្នាំ​បន្ទាប់ពី​អតីតព្រះមហាក្សត្រ សោយ​ទិវង្គត​ក្នុង​ឆ្នាំ​ ២០១៦៕ HR