ភ្នំពេញៈ ទោះបីជា​បាន​បញ្ចប់​បេសក​កម្ម​ជា​កញ្ញា​ឯក​ចក្កវាឡ​​តំណាងឱ្យ​កម្ពុជា​ ក្នុង​ការ​ប្រកួត​នៅ​លើ​​​ឆាក​អន្តរជាតិកន្លង​មក​ថ្មីៗ​​ និង​​មិន​ទទួល​បាន​លទ្ធ​ផល​ជា​ផ្លែ​ផ្កា​ណាមួយ​យ៉ាងណា​ក្តី ក៏​កញ្ញា​ រ៉េត សារីតា នៅ​តែ​មាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​សំណាក់សហគមន៍​នៃ​​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​លើ​ទឹក​​​​សហ​រដ្ឋ​​អាមេរិក ជួយ​ចាត់ចែង​ឱ្យ​បាន​នៅ​បន្ត​​​​ដំណើរ​កម្សាន្ត​ លំហែ​កាយ​រយៈ​ពេល​ ១ ខែ​ទៀត​សិន​ ទើប​វិល​​​​ត្រឡប់​កាន់​​មាតុ​ប្រទេស​ខ្លួន​វិញ​​។


​នេះ​​បើ​តាមការ​បង្ហើប​​​ពី​​លោក ម៉ែន និមលរ័តន៍ សមាជិក​នៃ​ក្រុម​អ្នករៀបចំ​ការប្រកួតកញ្ញា​ឯក​ចក្ក​វាឡ​​កម្ពុជាឆ្នាំ​ ២០២០​ បាន​បង្ហោះ​សារឱ្យ​ដឹង​​ថា៖ «​សារីតា​​ នឹងបន្ត​នៅ​សហរដ្ឋអាមេរិករហូត​ដល់​ចុង​ខែ​មិថុនា​​ សម្រាប់​កា​រ​ចូលរួមកម្ម​​វិ​ធី​ជាមួយ ​បង​ប្អូន​សហគមន៏ខ្មែរ​​ សម្រាប់​ការជួបជុំបង​ប្អូន ​និង​សម្រាប់​ដំណើរកម្សាន្ត​!​»។


បងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិកមកទទួលស្វាគមន៍កញ្ញា រ៉េត សារីតា នាពេលកន្លងទៅ។ រូបថត ហ្វេសប៊ុក


គួរ​​ឱ្យ​កត់សម្គាល់​វត្តមាន​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០២០ កញ្ញា រ៉េត សារីតា បងប្អូន​រួម​ជាតិ​នៃ​សហគមន៍​ពលរដ្ឋ​ខ្មែររស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ហ៊ឹកហ៊ាក់​​ បំផុត​ចាប់​តាំង​ពី​កញ្ញា​បាន​ឈាន​ជើង​ចុះ​ពី​យន្តហោះ​ទៅ​ដល់​ទឹកដី​​ជា​លំនៅឋាន​របស់​បងប្អូន​ខ្មែរ​រស់​នៅ​ឯនាយ​សមុទ្រ​នោះ​​​មក​ម្ល៉េះ។


ដូចជា​កាល​ពី​ពេល​ដំណើរ​ទៅ​ដល់​​ជា​លើក​ដំបូង​របស់​កញ្ញា សារីតា នៅ​​ទីក្រុង​ឡូសអេនជឺឡេស និង​​ទីក្រុង​ជេក​សុនវីល​ ​ក្នុង​​​រដ្ឋ​ហ្វ្លរីដា ​សហ​រដ្ឋ​អាមេរិក​ជា​ដើមនោះ ​គឺ​​​មានការ​រៀបចំ​ជា​ក្បួន​​យាន​ជំនិះ​​ដ៏​ល្អ​ប្រណីត​​ខ្នាត​វែង​ម៉ាក លីម៉ូស៊ីន មក​ទទួល​កញ្ញា​ និង​​គារ​វ​កិច្ច​ប្រកប​​ ​ដោយ​ភាតរភាព​នៃ​ជាតិ​​សាសន៍​ខ្មែរ​ដូចគ្នា​តែ​ម្តង​៕