ក្រុងហាណូយ: កំប្លោកគឺជារុក្ខជាតិពេញនិយមមួយក្នុងប្រទេសវៀតណាម។ វាងាយដុះក្នុងទឹក និងអណ្ដែតគ្រប់ទីកន្លែងដែលមានទឹក ហើយវាក៏ហូរទៅតាមខ្សែទឹកផងដែរ។
សូម្បីតែនៅរដូវទឹកជំនន់ពេលកម្ពស់ទឹកជន់ឡើងកប់ដីល្បប់ កំប្លោកនៅតែរក្សាសម្រស់បៃតងស្រស់ និងរំលេចផ្កាពណ៌ស្វាយដ៏ស្រស់បំព្រង។ ផុតរដូវរងា និងដើមរដូវរំហើយគឺជារដូវផ្កាកំប្លោករីកស្គុសស្គាយលើផ្ទៃទឹក។
កំប្លោកត្រូវបានចាត់ទុកជារុក្ខជាតិគ្មានប្រយោជន៍ថែមទាំងប៉ះពាល់ដល់បរិស្ថាន ដោយសារវាធ្វើឲ្យស្ទះលំហូរទឹក និងចរន្ដទឹក។ តាំងពីឆ្នាំ ២០០០ ពលរដ្ឋវៀតណាមរស់នៅតាមដីសណ្ដទន្លេមេគង្គបានកែច្នៃរុក្ខជាតិអណ្ដែតទឹកនេះជាសម្ភារផ្សេងៗ។ សិប្បកម្មកំប្លោកបាននាំចំណូលចីរភាពឲ្យប្រជាពលរដ្ឋ និងជួយសម្អាតទន្លេផងដែរ។
ឫស និងស្លឹករបស់វាត្រូវបានប្រើច្នៃផលិតជាសម្ភារសម្រាប់ដាំផ្សិត និងជីសរីរាង្គ។ សិប្បកម្មផលិតតម្បាញកំប្លោកត្រូវបានធ្វើឡើងនៅក្នុងស្រុកគីមសុន ភាគខាងជើងខេត្ដនិញប៊ិញកាលចុងឆ្នាំ ២០០៥។
កាលពីប៉ុន្មានឆ្នាំមុនជំនួញកំប្លោកបានអភិវឌ្ឍសម្រាប់ការនាំចេញទៅកាន់ប្រទេសជប៉ុន អាមេរិក អាល្លឺម៉ង់ និងដាណឺម៉ាក៕ Asia News Network/VNS/HR