ភ្នំពេញ៖ សហគមន៍​ឥន្ទធនូ​កម្ពុជា ​(រ៉ក់) បាន​រៀបចំ​កម្មវិធី ​«ទី​កក់​ក្តៅ» ដើម្បី​បង្ហាញ​នូវ​ក្តី​ស្រឡាញ់​ក្នុង​ឱកាស​អបអរ​ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និង​មាន​វត្ត​​មាន​ក្រុម​គ្រួសារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ នៅ​ថ្ងៃទី ៧ ខែ​ធ្នូ ខាង​មុខ​នេះ​ ដោយ​ចាប់​​ផ្តើម​ពី​ម៉ោង​ ៣ រសៀល ដល់​ម៉ោង​ ៦ ល្ងាច​ ស្ថិត​នៅ​ Futures Factory។


សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​ប្រមាណ​ ២០០ នាក់ ដែល​ក្នុង​នោះ​មាន​គ្រួសារ​ឥន្ទធនូ​ ៦០ ដៃ​គូ រួម​ទាំង​សមាជិក​​នៃ​ក្រុម​គ្រួសារ​ដែល​មក​ពី​ ១៦ បណ្តា​ខេត្ត​/ក្រុង​។

កញ្ញា ហេង ជ័យលាភី ជា​អ្នក​គ្រប់គ្រង​កម្មវិធី​នៃ​សហគមន៍​ឥន្ទធនូ បាន​ថ្លែង​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ថា​៖​ «​យើង​បាន​ធ្វើ​កម្មវិធី​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ក្នុង​ឆ្នាំ​ ២០១៩ នេះ យើង​បាន​ជ្រើសរើស​​យក​ប្រធានបទ ​«​ទី​កក់​ក្តៅ» មាន​ន័យ​អំពី​ប្រជាពលរដ្ឋ​​មាន​និន្នាការ​ភេទ​ ចង់​បង្ហាញ​ពី​យេនឌ័រ ដែល​អាច​បង្ហាញ​នូវ​ទេពកោសល្យ​ ​ការ​​រួម​ចំណែក​របស់​ខ្លួន​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ក្នុង​ស្មារតី​គោរព​ ស្រឡាញ់ និង​រួបរួម​សាមគ្គី​គ្នា»។


ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​សប្បាយ​​ក្នុង​ការ​ប្រារព្ធ​កម្មវិធី ​«ទី​កក់​ក្តៅ​» ក៏​មាន​ការ​ចូលរួម​ពី​តារា​ចម្រៀង​សម័យ​ល្បី​ឈ្មោះ​កញ្ញា ចំរើន សុភ័ក្រ ក្រុម​ច្នៃ​សម្លៀក​បំពាក់​​ពី​សំរាម La Chhouk ក្រុម​របាំ​សហសម័យ​​របស់​ ឱក ព្រហ្ម​សុដន្ត្រៈ និង​ក្រុម​នាដ្យរស តារា​ចម្រៀង ​​ស៊ីណូរ៉ា រ័ត្នន៍ មាន​ការ​ច្រៀង​ចម្រៀង​និពន្ធ​ថ្មី​អំពី​ក្តី​ស្រឡាញ់​ចម្រុះ និង​ការ​ចូលរួម​សម្តែង​សិល្បៈ​ដោយ​ក្រុម​គ្រួសារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ អម​ជាមួយ​​ការ​ដាក់​តាំង​ពិព័រណ៍​រូបភាព​​ផ្តោត​លើ​ប្រធានបទ​ទី​កក់​ក្តៅ​ផង​ដែរ​។


តារាចម្រៀង​​ ស៊ីណូរ៉ា រ័តន៍នឹង​ចូលរួម​កម្មវិធី ទីកក់ក្ដៅ​។ រូបថត សហ​ការ


ជា​សមាជិក ​១ ​រូប ​ក្នុង​សហគមន៍​ឥន្ទធនូ​កម្ពុជា ​(រ៉ក់) ទុយ​ រស្មី ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ធ្លាប់​ត្រូវ​បាន​ឪពុក​ម្តាយ​​ហាម​ឃាត់​ ដោយសារ​ពួក​គាត់​មិនចង់អោយកូន​ស្រីស្រឡាញ់ភេទដូចគ្នា បារម្ភ​​​ខ្លាច​មិន​មាន​កូន​ចៅ និង​​ការ​ប្រឈម​បញ្ហា​​រើស​អើង​​។

រស្មី ដែល​ធ្លាប់​បែក​បាក់​ចំណង​​គូស្នេហ៍ម្ដង​រួច​មក​ហើយ​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា៖ «​​ឯ​គ្រួសារ​ក្រោយ​របស់​ខ្ញុំ​ទាក់ទង​គ្នា​រយៈពេល​ ៥ ឆ្នាំ ទើប​ឪពុក​ម្តាយ​ទាំង​សង​ខាង​យល់​ស្រប មក​ដល់​សព្វ​ថ្ងៃ​យើង​ក្លាយ​ជា​ប្តី​ប្រពន្ធ​ពេញ​សិទ្ធិ​ដែល​មាន​ការ​រៀបចំ​ពី​សហគមន៍​ឥន្ទធនូ​កម្ពុជា​ បាន​ ២ ឆ្នាំ​មក​ហើយ ហើយ​យើង​ក៏​កំពុង​មាន​គម្រោង​យក​កូន​ដែរ​»។

កម្មវិធី​នេះ​ក៏ជា​សារ​បង្ហាញ​​ដល់​មហាជន​ថា​ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ក៏​ជា​មនុស្ស​មិន​គួរ​ត្រូវ​បាន​រើស​អើង និង​អាច​កសាង​ជីវិត​ដូច​ជន​ទូទៅ​ដែរ​​។ ​

អ្នក​គ្រប់គ្រង​កម្មវិធី​នៃ​សហគមន៍​​ឥន្ទធនូ (រ៉ក់) កញ្ញា ហេង ជយលាភី បាន​បន្ត​ដូច្នេះ​ទៀត​ថា​៖​ «​​សង្ឃឹម​ថា​ប្រជាជន​នឹង​យល់​ដឹង​កាន់​តែ​ច្រើន​ពី​បញ្ហា​នេះ​ ក៏​សង្ឃឹម​ការ​រៀប​រៀង​តាក់​តែង​ច្បាប់​ និង​វិសោធនកម្ម​ច្បាប់​ នឹង​កើត​មាន​ក្នុង​ពេល​អនាគត​ដ៏​ឆាប់ៗ​នេះ​»៕