ភ្នំពេញ៖ ក្រោយ​​ពី​ដំណើរ​វិល​ចុះ​វិល​ឡើង​ពី​ប្រទេស​កំណើត​ទៅ​ទឹក​ដី​​សហរដ្ឋ​អាមេរិក​ជារឿយៗ​ ហើយ​មាន​ភាព​មមាញឹក​​នឹង​ការ​មើល​ខុស​​ត្រូវ​លើ​​​អាជីវកម្ម​​​ហាង​កែ​សម្ផស្ស​មួយ​មាន​ឈ្មោះ​ថា​​ XENO​ ច្រើន​ជាង​ការងារ​សិល្បៈ​មួយ​រយៈ​​​​ចុង​ក្រោយ​មក​នេះ ក៏​​ស្រាប់​តែ​គេ​ឃើញ​​តារា​​សម្តែង​ស្រី​សម្បុរ​ស្រអែម​អ្នកនាង សារ៉ាយ សក្ខណា បង្ហោះ​រូប​ថត​ដ៏​សប្បាយ​​​​រីករាយ ​ជុំ​គ្រួសារ​តូច​មួយ​ទៅ​នឹង​​ដំណឹង​ល្អ​រឿង​មាន​បុត្រ​​ទី ​២​ សម​ដូច​សេចក្តី​បំណង​។​​​


ក្នុង​ឈុត​​ពណ៌​ស​ជា​លក្ខណៈ​​គ្រួសារ​ ដោយ​មាន​លោក កែវ​​ ប៊ុន​​មេត្រី​ ​ជា​ប្តី​​ឈរ​ថើប​ប្រពន្ធ​អ្នក​នាង​ សារ៉ាយ​ សក្ខណា​ ត្រង់​​ថ្ងាស ខណៈ​​កូន​ស្រីច្បង​​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​ក៏​ថើប​ពោះ​​ម្តាយ​ បង្កើត​បាន​ជា​ខ្លឹមសារ​​​ដ៏​មាន​អត្ថន័យ​សម្រាប់​រូប​​​ថត​មួយ​សន្លឹក​​ប្រកប​ទៅ​ដោយ​​​ភាព​ផ្អែម​ល្ហែម មាន​ការ​ជួប​ជុំ​គ្រួសារ​​​ និង​មើល​ទៅ​គឺ​ថា​ដូច​ជា​​​មាន​​សុភមង្គល​​​ខ្លាំង​តែ​ម្តង ដោយ​បាន​​បង្ហោះ​​​​រូប​នោះ​ក្នុង​​អ៊ីនស្តាក្រាម​ផ្ទាល់​របស់​តារា​សម្តែង​ស្រី​​ ដែល​សម្បូរ​ទេពកោសល្យ​អ្នក​នាង​ សារ៉ាយ សក្ខណា ហាក់បី​​ដូចជា​ចង់​បង្ហាញ​អំពី​ដំណឹង​ល្អ​ពី​​គ្រួសារ​មួយ​នេះ​ កំពុង​មាន​ការ​​ត្រៀម​ខ្លួន​​ដើម្បី​ទទួល​សមាជិក​ថ្មី​ក្នុង​គ្រួសារ​ ​(​កូន​ទី ​២)។


ស្រាយ​​​​ចម្ងល់​​រូបភាព​ជុំ​គ្នា​គ្រួសារ​ខាង​លើ​​សម្រាប់​មហាជន​នោះ​ ​អ្នក​នាង សារ៉ាយ សក្ខណា បាន​ប្រាប់​មក​​ភ្នំពេញ​ប៉ុស្តិ៍​​ទាំង​កំពុង​តែ​នៅ​ជុំ​គ្រួសារ​ផង​ដែរ​​ថា​៖ ​«​​ចាស!​ បង​មាន​​ទម្ងន់ ​(គភ៌) មែន​តើ! មក​ស្រុក​ខ្មែរ​បាន ​២ ខែ​កន្លះ​​ ក៏​មាន​​ទម្ងន់​​បាន ​២ ​ខែ​ កន្លះ​ ហ្នឹង​ហ្មង!​ និយាយ​​ទៅ​បង​ចង់​​បាន​យូរ​ហើយ​ ប៉ុន្តែ​​អត់​មាន​សោះ​ ទើប​តែ​មាន​នា​​ពេល​ត្រឡប់​មក​​ខ្មែរ​​​លើក​​​ហ្នឹង​ឯង​​»​។


ខណៈ​ការ​​វិល​ត្រឡប់​មក​ប្រទេស​កំណើត ដើម្បី​ពិនិត្យ​មើល​​អាជីវកម្ម​ និង​ដើរ​កម្សាន្ត​រយៈពេល ​២ ខែ​ កន្លះ​​ ​សារ៉ាយ សក្ខណា មិន​ត្រឹម​តែ​ទទួល​បាន​ការងារ​​សិល្បៈ​ភ្លាមៗ​ ក្នុង​ការ​ថត​សម្អាង​ការ​ច្រើន​ទីតាំង​រហូត​​ដល់​ ៦ ​សម្អាង​​​​ការ​ និង​សម្តែង​កុន​ខ្លី​បែប​​អប់រំ​នោះ​​ទេ​ ថែម​ទាំង​ទទួល​បាន​ដំណឹង​សមាជិក​ថ្មី (កូន​ទី ​២)​ ដែល​គូ​ស្វាមី​មួយ​គូ​នេះ​បាន​កំពុង​​ទន្ទឹង​​រង់​ចាំ​ជា​យូរ​មក​ហើយ​នោះ​ដែរ​ ​គឺ​សម​តាម​បំណង​​គួរ​ឲ្យ​ជា​ទី​សោមនស្ស​។


អ្នក​នាង​ សារ៉ាយ សក្ខណា និង​គ្រួសារ​ ក៏​បាន​បង្ហាញ​​ពី​អារម្មណ៍​រីករាយ​ចំពោះ​វត្តមាន​​កូន​ទី ​២ ​នេះ​បន្ត​​ដែរ​​​ថា​៖​ «តាម​ពិត​​ទៅ​ពួក​បង​ចង់​បាន​យូរ​ហើយ​ តែ​អត់​មាន​សោះ​ រហូត​មក​ដល់​ខ្មែរ​ទើប​មាន​ ហើយ​ពួក​យើង​ក៏​សប្បាយ​ចិត្ត​ខ្លាំង។ ពេល​នេះ​នៅ​អត់​ដឹង​ទេ​​ថា​កូន​ទី​២​ ជា​ស្រី​ ឬ​ប្រុស​នៅ​ឡើយ​ទេ។ តែ​សម្រាប់​​បង ស្រី​ក៏​បាន​ ប្រុស​ក៏​បាន​ ហើយ​​តាម​ចិត្ត​​ចង់ គឺ​ចង់​​បាន ​៣ នាក់​ឯណោះ​ តែ​មិន​ដឹង​ថា​​បាន​ដូច​ជា​ក្តី​បំណង​​ ឬ​អត់​នោះ​ទេ​»។


គួរ​បញ្ជាក់​ដែរ​ថា តារ​សម្តែង​ស្រី​អ្នកនាង សក្ខណា បាន​សម្រេច​ចិត្ត​ចូល​រោងការ​ជាមួយ​នឹង​បុរស​មេធាវី​អាណិកជន​អាមេរិក​ ឈ្មោះ​លោក​ កែវ ប៊ុនមេត្រី កាល​ពី​​ថ្ងៃទី ​១១ និង​ទី ​១២ ខែ ធ្នូ ឆ្នាំ ២០១៣ ដោយ​ពិធី​អាពាហ៍ពិពាហ៍​ បាន​អញ្ជើញ​ភ្ញៀវ​​ចូលរួម​ និង​រៀបចំ​ទទួល​មាន​ប្រមាណ ​១៥០ តុ​ឯណោះ​។

ហើយ​​ការ​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​លើក​ដំបូង​​ក្រោយ​​ពី​បាន​ទៅ​រស់នៅ​ជួបជុំ​ស្វាមី​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិកមួយ​រយៈ​ ក្រោយ​ពី​បាន​​រៀបការ​មក តារា​សម្តែង​ស្រី​អ្នកនាង សារ៉ាយ សក្ខណា បែរ​ជា​នាំ​កូន​ស្រី​​មក​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ស្រុក​ខ្មែរ​វិញ ខណៈ​គេ​ឃើញ​ការ​ឧស្សាហ៍​ឡើង​ចុះ​ខ្មែរ-អាមេរិក ទាំង​ប្តី និង​ប្រពន្ធ ក្រោយ​ពី​បើក​ហាង​កែ​សម្ផស្ស​មួយ​មាន​ឈ្មោះ «XENO» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឯ​ខណ្ឌ​ទួលគោក ក្បែរ​​ហាង​លក់​ស៊ុប​ដែរ កាល​ពី​ចុង​ឆ្នាំ ២០១៦ កន្លង​មក​​​នោះ។​

ដោយ​ឡែក​ការ​ឡើង​យន្តហោះ​ទៅ​អាមេរិក​វិញ អ្នក​នាង​ សារ៉ាយ សក្ខណា និង​លោក​ កែវ ប៊ុនមេត្រី​ រួម​ទាំង​កូន​ស្រី​ច្បង បាន​​ចាកចេញ​កាល​ពី​​នៅ​ថ្ងៃទី ​១៣​ ខែ ​កញ្ញា ចុង​សប្តាហ៍​មុន​នេះ ក្រោយ​ពី​បាន​​មក​ប្រទេស​​ ​កម្ពុជា ​លើក​នេះ ចំណាយ​​​អស់​​រយៈពេល​ប្រមាណ​ជា ២ ខែ​មក​ហើយ​៕