ខេត្តព្រៃវែង៖ ស្នាដៃថ្មីៗច្នៃពីសម្បកកង់ឡាន មានជារូបសត្វដំរី ក្រពើ ឥន្រ្ទី ក្ងោក និងសត្វក្រៀល ដែលជាការកែច្នៃដោយសិល្បករខ្មែរ ដែលរស់នៅភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែងនោះ មិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍មហាជនសរសើរពីគំនិតច្នៃប្រឌិតលោកនោះទេ ថែមទាំងត្រូវម្ចាស់ហាងកាហ្វេឈ្មោះថា «កាហ្វេសំរាម» នៃសាលាដូងនៅតំបន់គិរីរម្យ បានជាវយកទៅដាក់តាំងលម្អនៅមុខហាងយ៉ាងស្រស់ស្អាត។
បើនិយាយពីប្រវត្តិនៃការសិក្សា និងការងារអតីតកាលនោះ លោក សឿង សួគ៌ា បានសម្រេចចិត្តលាឈប់ពីការងារ ដែលជាជំនាញរៀនចប់ផ្នែកបរិញ្ញាបត្រគណនេយ្យ គឺធ្វើជាមន្ត្រីឥណទាននៅក្នុងគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ៨ ឆ្នាំ មកចាប់ផ្តើមរបរជាសិប្បករច្នៃសម្បកកង់ឡាន ធ្វើជាកៅអី តុឈុត ផើងផ្កា រូបសត្វសេក កង្កែប និងសត្វស្លាបផ្សេងៗ ដើម្បីដាក់លក់យកប្រាក់កម្រៃចិញ្ចឹមជីវិតគ្រួសារតាមសម្មាអាជីវោជិត ២ ឆ្នាំមកហើយ។
ស្ថានភាពទូទៅនៃអាជីវកម្មតូចធំ ច្រើនតែមានការរំខានដោយសារជំងឺកូវីដ ១៩ មែនក្តី តែរបរកែច្នៃពីសម្បកកង់ឡានរបស់សិប្បករនៅព្រៃវែងរូបនេះ ហាក់ដូចជាកំពុងតែមមាញឹកនឹងការសម្រុកធ្វើវត្ថុគ្រឿង សិល្បៈច្នៃពីសម្បកកង់ឡានទៅវិញ ខណៈលោក សឿង សួគ៌ា ក៏ទើបតែបញ្ចប់រូបចម្លាក់សត្វដំរី ១ គូ និងក្រពើ ១ គូ ឲ្យម្ចាស់ហាងកាហ្វេឈ្មោះថា «កាហ្វេសំរាម»។
លោក សឿង សួគ៌ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ពេលឥឡូវនេះ ដូចជាមមាញឹកខ្លាំងនឹងការកុម្ម៉ង់ពីភ្ញៀវសម្រាប់រូបសត្វដូចជាសត្វដំរី សត្វក្រពើ សត្វឥន្រ្ទី និងសត្វក្រៀលជាដើម។ ខ្ញុំទើបតែយករូបដំរី ១ គូ និងរូបក្រពើ ១ គូ ឲ្យបងប្រុសម្ចាស់សាលាដូង និងហាងកាហ្វេសំរាម។ សត្វដំរីច្នៃពីសម្បកកង់ឡាន ១ តម្លៃ ២០០ ដុល្លារ ដែលខ្ញុំបានប្រើពេលធ្វើដំរី ១ ប្រហែលជាង ១ សប្តាហ៍ទើបហើយ យូរត្រង់ការងារកាត់រោមតែម្តង ព្រោះយើងប្រើមនុស្សកាត់មិនអាចកាត់ដោយម៉ាស៊ីនទេ។ ចំណែកសត្វក្រពើ ១ ក្បាល ទំហំតូច ចំណាយពេលប្រហែល ២ ថ្ងៃ ខណៈខ្ញុំលក់ជូនបងប្រុសម្ចាស់ហាងកាហ្វេសំរាមនោះ ១ តម្លៃតែ ៤០ ដុល្លារប៉ុណ្ណោះ។ ហើយរូបសត្វក្ងោក ក៏កំពុងតែធ្វើឲ្យខាងមន្ទីរបរិស្ថានខេត្តព្រៃវែងផងដែរ គេបានកុម្ម៉ង់ថ្មីៗនេះ»។
ព្រោះចំណូលចិត្តស្រឡាញ់ និងចង់បង្កើតមុខរបរខ្លួនឯងនោះក៏ជំរុញចិត្តឲ្យបុរសអ្នកខេត្តព្រៃវែងរូបនេះ សុខចិត្តបោះបង់របរជាមន្ត្រីឥណទាននៃគ្រឹះស្ថានហិរញ្ញវត្ថុក្រេឌីតមកចាប់យកមុខរបរថ្មីជាអ្នកច្នៃគ្រឿង សម្ភារសម្រាប់លម្អផ្ទះពីសម្បកកង់ឡាន ដែលកំពុងបង្កើតចំណាប់អារម្មណ៍មហាជនខ្លាំងតាមបណ្តាញសង្គម។
ខណៈការចំណាយពេលកន្លះឆ្នាំដំបូងលោក សឿង សួគ៌ា វ័យ ៣៤ ឆ្នាំ បានចាប់ផ្តើមអាជីពថ្មីជាអ្នកចៃ្នសម្បកកង់ឡានទៅជារបស់របរប្រើប្រាស់នានាសម្រាប់ដាក់នៅផ្ទះដូចជាកៅអីអង្គុយ ១ ឈុត ផើងផ្កា រូបសត្វបក្សីបក្សា រូបសត្វក្តាម កង្កែប ឬក៏រូបសត្វផ្សេងៗទៀតនេះ លោកមិនបានរៀនសូត្រជំនាញច្នៃពីអ្នកណា ឬសាលាណានោះទេ គឺគ្រាន់តែបានបែកគំនិតរៀនតាមវីដេអូយូធូប និងមើលរូបក្នុង Google៕