ភ្នំពេញ៖ បណ្តុំ​ស្នាដៃ​គំនូរ និង​​ការ​ឌីហ្សាញ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​ខ្មែរ​ទម្រង់​បុរាណ​របស់​សិល្បករ និង​វិចិត្រករ​ ​២ ​រូប សហការ​គ្នា​​បើក​តាំង​​ពិព័រណ៍​ស្នាដៃ​របស់​ខ្លួន​​​រយៈពេល​​​មួយ​​ខែ ក្រោម​​ចំណង​ជើង​​ថា «នាង​តែង​ខ្លួន»​ នៅ​មជ្ឈមណ្ឌល​បុប្ផាណា​។​


ពិព័រណ៍​នេះ ​បើក​​សម្ពោធ​​ ​​កាល​ពី​ល្ងាច​ថ្ងៃទី ៦​ ​ខែ ​កញ្ញា​ ​កន្លង​ទៅ​ថ្មីៗ​នេះ​ ខណៈ​​ដែល​​​ស្នាដៃ​សិល្បៈ​​រៀបចំ​ដោយ​សិល្បករ​ខ្មែរ​ ២ ​រូប​ ​ស្ថិត​នៅ​​ក្នុង​មជ្ឈមណ្ឌល​ ​បុប្ផាណា​ ​ក្រោម​​ប្រធាន​បទ​ ​«​នាង​តែង​ខ្លួន» ដែល​​ស្នាដៃ​បែប​​សហសម័យ​​ជា​សម្លៀក​បំពាក់​ប្រពៃណី​​​ ៤ ឈុត​ ​និង​ឈុត​សម្លៀក​​បំពាក់​សម័យ​​​​ទំនើប​ចំនួន​ ២ ឈុត។​ ​


ទាំង​អស់​​នេះ​ ​គឺ​ជា​ស្នាដៃ​របស់​សិល្បករ​​ឈ្មោះ​ ​សម្បត្តិ​ ​ឧត្តម​ ​ដែល​​ជា​អ្នក​រចនា​ម៉ូដ​សម្លៀក​បំពាក់​ ​​និង​​លោក​ ​ចាន់​ ​សោភ័ន​ ​ជា​​វិចិត្រករ​ ​និង​​សាស្ត្រាចារ្យ​នៅ​សាកល​​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។​


ប្រធាន​បទ​ ​«​នាង​តែង​ខ្លួន​»​ ​​ដែល​រំលេច​ន័យ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ ​​បាន​ឆ្លុះ​បញ្ចាំង​ពី​​ភាព​ស្រស់​ស្អាត​​របស់​ស្ត្រី​ ​ឬ​គ្រឿង​លម្អ​កាយ​ផ្សេង​ៗ ​ដែល​មាន​​ក្នុង​សម័យកាល​បុរាណ​​ ​និង​​សម័យ​បច្ចុប្បន្ន​ ​ជា​ពិសេស​ ​ពិព័រណ៍​នេះ ​បាន​បង្ហាញ​ពី​ភាព​ច្នៃ​ប្រឌិត​របស់​សិល្បករ​គ្រប់​រូប​ ​និង​​ការ​ផ្សារ​ភ្ជាប់​នូវ​ទំនាក់ទំនង​​​រវាង​​សិល្បករ​ ​និង​សិល្បករ​ ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​​ជាមួយ​​គ្នា​ទៅ​ទៀត​។​​ ​​


អុ្នកទស្សនា​ចូល​រួម​ថ្ងៃ​បើក​ពិព័រណ៍​សិល្បៈក្រោមប្រធានបទ «នាងតែងខ្លួន»​ នៅបុប្ផាណា។ រូបថត ហ្វេសប៊ុក​


លោក ចាន់ សោភ័ន វិចិត្រករ​ ដែល​មាន​ស្រុក​កំណើត​​​ក្នុង​​គ្រួសារ​​​ កសិករ​នៅ​​​ខេត្ត​ព្រៃវែង និង​​​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សូន​រូប និង​វិចិត្រកម្ម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​នៅ​ក្នុង​ឆ្នាំ ២០១០ និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​​សិល្បៈ​​ នៅ​សាកលវិទ្យាល័យ SangMyung ប្រទេស ​កូរ៉េ​ខាង​​ត្បូង ​កាល​ពី​ឆ្នាំ ​២០១៤​ បាន​​បញ្ជាក់​ពី​គោល​បំណង​នៃ​ការ​​រៀបចំ​ពិព័រណ៍​ស្នាដៃ​បែប​សហសម័យ​នៃ​ការ​ច្របាច់​បញ្ចូល​​គ្នា​នៃ​​ទម្រង់​សិល្បៈ​បុរាណ​​នានា​ដូចជា​វិចិត្រកម្ម និង​​រចនាម៉ូដ​សម្លៀក​បំពាក់​នេះ​ផង​​ដែរ​។

លោក សោភ័ន ​បង្ហើប​ឲ្យ​ដឹង​ពី​​គម្រោង​​រៀបចំ​នា​ពេល​ដំបូង​ដែល​​​មាន​ចំនួន​​ ៥ ​រូប​ តែ​ចុង​ក្រោយ​​​បែរ​ជា​នៅ​សល់​តែ ​២ ​រូប ​ព្រោះ ​៣ រូប​ទៀត​បែរ​ជា​បាន​ដក​ខ្លួន​​ថយ​​មិន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ផង​ដែរ​​ថា​៖ «ដើម​ចម​​នៃ​ការ​​រៀបចំ​ពិព័រណ៍​នេះ ខ្ញុំ​គឺ​ជា​អ្នក​មេ​គំនិត​កៀរគរ​ក្រុម​សិល្បករ និង​វិចិត្រករ​នានា​ ឲ្យ​មាន​ការ​សហការ​រៀបចំ​ឡើង ដែល​​ដំបូង​យើង​មាន​ក្រុម​ការងារ​​ចំនួន​ ៥ ​រូប តែ​នៅ​ចុង​ក្រោយ​ ពួក​យើង​នៅ​សល់​​តែ ​២​​ នាក់ ​គឺ​ខ្ញុំ និង​លោក សម្បត្តិ​ ​ឧត្តម​​ តែ​ប៉ុណ្ណោះ​។ ​​

គោលដៅ​យើង​​ចង់​ឲ្យ​មាន​ការ​សហការ​គ្នា​រវាង​ក្រុម​អ្នក​សិល្បៈ​ផ្នែក​គំនូរ និង​ឌីហ្សាញ​នេះ​ឯង​ គឺ​ចង់​ឲ្យ​​មាន​ការ​ជួប​ជុំ​គ្នា និង​ពិភាក្សា​គ្នា​​ ឬ​ផ្តល់​យោបល់​ឲ្យ​គ្នា​​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​បង្កើត​ស្នា​ដៃ​របស់​ខ្លួន ដើម្បីឈាន​ទៅ​ដាក់​តាំង​ពិព័រណ៍​នោះ​ឯង​។ ចំពោះ​​ពិព័រណ៍​នេះ យើង​ចង់​បង្ហាញ​ពី​ឈុត​សម្លៀក​បំពាក់​ទម្រង់​បែប​សហសម័យ​របស់​ខ្មែរ​​នា​សម័យ​មួយ​ចំនួន​តាំង​ពី​បុរាណ​​រហូត​មក​ដល់​សម័យ​កាល​ទំនើប​នេះ​ ដែល​មាន​លក្ខណៈ​ជា​ការ​ច្នៃ​ប្រឌិត​បញ្ចូល​​គ្នា​បែប​សិល្បៈ​»។​

គួរ​បញ្ជាក់​ដែរ​​ថា​ ​ប្រិយមិត្ត​អាច​ចូលរួម​ទស្សនា​​ការ​តាំង​ពិព័រណ៍​​នេះ​ ដោយ​សេរី​ ដើម្បី​ស្វែង​​យល់​ពី​ទម្រង់​សម្លៀក​​បំពាក់​បែប​​សហសម័យ​ នៅ​ឯ​មជ្ឈមណ្ឌល​បុប្ផាណា ដោយ​ការ​តាំង​ពិព័រណ៍​បាន​​ចាប់​បើក​តាំង​​ពី​ថ្ងៃទី​ ៦ ខែ កញ្ញា​ ​និង​បន្ត​​​រហូត​​ដល់​​ថ្ងៃទី​ ៥​ ​ខែ តុលា​ ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​នេះ៕​