ភ្នំពេញ៖ ដោយ​មើលឃើញ ថា ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ នៅ​ពុំទាន់​ធូរស្បើយ​ឆាប់ៗ ហើយ​បាត់បង់​ឱកាស​នៃ​ការតាំងពិព័រណ៍​ស្នាដៃ​វិចិត្រកម្ម ឬ​ស្នាដៃ​គំនូរ​នានា ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ក្រុម​វិចិត្រករ​នោះ ទើប​ស្ថាបនិក អូផេនស្ទូឌីអូកម្ពុជា បង្កើត​មូលនិធិ​សប្បុរសធម៌ រកប្រាក់​ជួយ​សម្រួល​ជីវភាព​ពួកគេ​ចំនួន ៣ ​ខែ​។


មូលនិធិ​រៃអង្គាសប្រាក់​សប្បុរសធម៌​នេះ ដើម្បី​ប្រមូលប្រាក់​ទៅ​ជួយ​ដល់​វិចិត្រករ និង​បុគ្គលិក ធ្វើការងារ​នៅ អូផេនស្ទូឌីអូកម្ពុជា មាន​ចំនួន​សរុប​ចំនួន ១០ ​រូប ដោយ​ប្រើ​រយៈពេល ១ ​ខែ ខណៈ​ការទទួលប្រាក់​សប្បុរសធម៌ បាន​ចាប់ផ្តើម​តាំងពីដើម​ខែឧសភា ឆ្នាំ​ ២០២១ ហើយ​គោលដៅ​រៃអង្គាសប្រាក់​ចំនួន ១ ​ម៉ឺន​ដុល្លារ​។


ស្ថាបនិក​អូផេនស្ទូឌីអូកម្ពុជា សញ្ជាតិ​អាមេរិក ដើមកំណើត​ជប៉ុន កញ្ញា ឡូរ៉េន អ៊ីអ៊ិដា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឱ្យដឹងថា​៖ «​យើង​ទទួល​បាន​ជោគជ័យ​ខ្លាំង សម្រាប់​ការគិត​ទុកជាមុន​ ដើម្បី​បង្កើត​មូលនិធិ​សប្បុរសធម៌​នេះ ដោយពេល​នេះ [​ទី​ ៦ ខែឧសភា ឆ្នាំ​ ២០២១ ទទួល​ចំនួន ១១ ៧៧៥ ​ដុល្លារ​] ខណៈ​មូលនិធិ​យើង​ទទួល​រយៈពេល ១ ​ខែ គឺ​រហូតដល់​ចុងខែ​ឧសភា​នេះ​តែម្តង​»​។


សិល្បការិនី ហ៊ុល កញ្ញា កំពុង​ធ្វើ​កិច្ចការ​សិល្បៈ​នៅ​ស្ទូឌីយោ​។ សហការី


សិល្បការិនី​ដែល​រស់នៅ​ទឹកដី​កម្ពុជា​យូរ​ឆ្នាំ​រូបនេះ​បាន​បន្តថា​៖ «​ប្រាក់​មូលនិធិ​នេះ យើង​នឹង​ប្រើប្រាស់ ដើម្បី​ជួយ​ដល់​វិចិត្រករ​យើង​ចំនួន ៦ ​រូប រួមមាន លោក ម៉ន ជា​, លោក វ៉ាន់ ឆវ័ន្ត​, លោក គីម សាន​, លោក ឈើន ចាន់នី, កញ្ញា ហ៊ុល កញ្ញា និង​លោក ហម រិទ្ធិ និង​បុគ្គលិក​បម្រើការ​យើង​នៅ Open Studio Cambodia ចំនួន ៤ ​រូប​ទៀត​ផងដែរ​»​។


កញ្ញា ឡូរ៉េន អ៊ីអ៊ិដា ស្ថាបនិក​អូផេនស្ទូឌីអូកម្ពុជា បន្តថា​៖ «​យើង​នឹង​ជូន​ប្រាក់ ២០០ ​ដុល្លារ ក្នុង ១ ​ខែ សម្រាប់​ម្នាក់ [​វិចិត្រករ​/​បុគ្គលិក​] ដោយ​ឧបត្ថម្ភ​រយៈពេល ៣ ​ខែ ចាប់ពី​ខែមិថុនា ឆ្នាំ​ ២០២១ ទៅ​។ យើង​ក៏ត្រូវ​ចំណាយ​ប្រាក់​ថ្លៃ​ជួល​អគារ​ពិព័រណ៍​នៅ​ខេត្ត​សៀមរាប ៤០០ ​ដុល្លារ ក្នុង ១ ​ខែ ហើយ​ក្រៅពីនេះ យើង​នឹង​យកប្រាក់​ដែល​សេសសល់ ដើម្បី​ទុក​ចំណាយ​លើ​គម្រោង​ថ្មី​មួយ​នាពេល​អនាគត​ជួយ​ក្រុម​វិចិត្រករ​ផងដែរ​»​។

គួរ​បញ្ជាក់ដែរថា អូផេនស្ទូឌីអូកម្ពុជា (Open Studio Cambodia) ត្រូវបាន​បង្កើតឡើង​ដោយ​វិចិត្រករ​ដើមកំណើត​ជប៉ុន សញ្ជាតិ​អាមេរិក កញ្ញា ឡូរ៉េន អ៊ីអ៊ិដា មកពី​ទីក្រុង​ស៊ីថល រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។

អូផេនស្ទូឌីអូកម្ពុជា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កណ្តាល ក្រុង​សៀមរាប ខេត្តសៀមរាប តាំងពី​ឆ្នាំ​ ២០១៨ មក ដោយមាន​បំណង​ជួយ​រក​ទីផ្សារ​លក់​ស្នាដៃ​គំនូរ ឬ​ស្នាដៃ​វិចិត្រកម្ម​របស់​ក្រុម​វិចិត្រករ​ខ្មែរ​ក្រីក្រ ពិការ និង​ខ្វះ​លទ្ធភាព​រៀន​ជំនាញ​សិល្បៈ​តែមាន​ទេពកោសល្យ​សិល្បៈ ដោយ​បច្ចុប្បន្ន​មាន​វិចិត្រករ​ចំនួន ៦ ​រូប (​ស្រី​ម្នាក់​) និង​បុគ្គលិក​បម្រើ​ការងារ​ចំនួន ៤ ​រូប​ផងដែរ​៕

សិល្បករ ហម រិទ្ធិ និង​ស្នាដៃ​សិល្បៈ​គំនូរ​របស់លោក​។ សហការី

សិល្បករ វ៉ាន់ ឆវ័ន្ត និង​ស្នាដៃ​គំនូរ​របស់លោក​។ សហការី

លោក គីម សាន និង​ស្នាដៃ​សិល្បៈ​គំនូរ​ដ៏រស់រវើក​របស់លោក​។ សហការី