ក្រុងម៉ុងត្រេអាល់៖ ទីក្រុងរបស់កាណាដានេះ ដែលដឹកនាំក្រុមហ៊ុន Cirque du Soleil បាននឹកឃើញដល់សិល្បៈសៀកជាថ្មី ដោយលើកនេះផ្ដោតលើជំនាញគំនូរជីវចល និងផលិតផលវីដេអូហ្គេមពីខេត្ដ Quebec។
ក្នុងខណ្ឌកំពង់ផែចំណាស់ ចន្លោះស្ពានធំមួយដែលឆ្លងទន្លេ Saint Lawrence និងកងរង្វង់យក្ស Ferris រោងពីរ៉ាមីដពណ៌សដ៏ចម្លែក ២ បានផុសរូបរាងឡើង ជារោងសៀកប្រចាំសតវត្សរ៍ទី ២១។
រោងសៀកទាំងនេះ គឺជាផ្នែកមួយនៃវិធានការចុងក្រោយរបស់លោក Guy Laliberte ស្ថាបនិកក្រុមហ៊ុន Cirque du Soleil ដែលក្រោយមកបានលក់ឲ្យអ្នកវិនិយោគចិន និងអាមេរិក ក្នុងឆ្នាំ ២០១៥ បានផ្ដើមជំនួញថ្មី Lune Rouge (ព្រះចន្ទក្រហម)។
ក្រុមហ៊ុននោះជាខ្នងបង្អែករោងសៀកពីរ៉ាមីដចម្លែក PY1 ជាកម្មវិធីដែលបញ្ចូលការសម្ដែងរវាងរបាំអាក្រូបាត និងបច្ចេកវិទ្យាទំនើបជាមួយសំឡេងរំញ័រ ឡាស៊ែរ វីដេអូប្រូជេកទ័រ ៣៦០ ដឺក្រេ និងក្រាហ្វិកប្លែកៗជាច្រើនទៀត។
កម្មវិធីសម្ដែងសៀកដំបូង «Through the Echoes» រៀបរាប់មហាជនអំពីក្រុមការងារក្នុងការ «តំណាលអំពីការកកើតចក្កវាឡរហូតដល់ពេលបច្ចុប្បន្ន» ។
ស្ថិតនៅកណ្ដាលរោងសៀក ត្រូវបានបំពាក់អេក្រង់យក្សចំនួន ៤ ទិសសម្រាប់បង្ហាញរូបភាពបង្កប់អត្ថន័យ បន្ថែមដោយសំឡេងតំណាងអំពីប្រវត្ដិការកកើតចក្កវាឡតាមរយៈរលកសំឡេងនៃតន្ដ្រីប៉ុបអេឡិចត្រូ។
ពីក្រោយការសម្ដែងសិល្បៈសៀក ទីតាំង PY1 ពេលនេះ បានប្រែក្លាយជាក្លិបតន្ដ្រីឌីស្កូបែបអនាគតកាល។ នៅពេលព្រឹកវាត្រូវបានប្រើជាស្ទូឌីយោយោគៈដ៏ធំល្វឹងល្វើយ។
នៅរដូវស្លឹកឈើជ្រុះ រោងសៀកពីរ៉ាមីដពណ៌ស ៦០០ កៅអី នឹងត្រូវរើពីក្រុងម៉ុងត្រេអាល់ ទៅកាន់ក្រុងម៉ៃអាមី ជាទីដែលនឹងត្រូវប្រគល់ឲ្យអ្នកទស្សនាបានគយគន់តួសម្ដែង និងចង្វាក់ភ្លេងភ្លើងពណ៌លោតញ័ររញ្ជូយ។
ម៉ុងត្រេអាល់ ទីក្រុងមានប្រជាជន ៤ លាននាក់ បានបង្កើតស្ទូឌីយោវីដេអូហ្គេមដ៏អស្ចារ្យ ១៤០ រួមទាំង យីហោយក្សពិភពលោក Ubisoft។
លោក Guibert ថ្លែងថា៖ «យើងចាប់ផ្ដើមបំបែករនាំងរវាងជំនួញ សិល្បៈសៀក រោងមហោស្រព និងវីដេអូហ្គេម និងច្របាច់បញ្ចូលស្នាដៃទាំងនេះដើម្បីបង្កើតជាទម្រង់នៃការកម្សាន្ដថ្មី»៕ AFP/HR